SEA GAME

វៀតណាម បញ្ជូនគណៈប្រតិភូ កីឡាច្រើនជាងគេបំផុត សម្រាប់ការប្រកួតកីឡា SEA Games 32

វៀតណាម ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រវៀតណាម បានប្រាប់ឲ្យដឹងថា ប្រទេសវៀតណាមកំពុងបញ្ជូនគណៈប្រតិភូកីឡាចំនួន ១.០០៣ នាក់ទៅចូលរួមព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (SEA Games 32) ក្នុងនោះមានអត្តពលិកប្រមាណ ៧០០ នាក់ រួមជាមួយគ្រូបង្វឹក វេជ្ជបណ្ឌិត និងអ្នកជំនាញ ។

ក្រោមសេចក្តីសម្រេច របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung បានចេញផ្សាយកាលពីថ្ងៃទី ១៧ ខែមេសា គណៈប្រតិភូចូលរួមប្រកួតដ៏ច្រើនបំផុត មិនធ្លាប់មាននៅក្រៅប្រទេស និងដឹកនាំដោយ Dang Ha Viet អគ្គនាយករដ្ឋបាលកីឡាវៀតណាម។ ក្រុមជម្រើសជាតិកំពុងបញ្ជូនអត្តពលិកច្រើន ជាងគេដែលមានសមាជិក ៥៥ នាក់ ។

ក្រុមបាល់ទាត់ជម្រើសជាតិយុវជន និងកីឡាបាល់ទាត់នារី U22 វៀតណាម មិនទាន់បញ្ចប់បញ្ជីឈ្មោះផ្លូវការ ដើម្បីចូលរួមប្រកួតកីឡា SEA Games 32 លើកទី៣២។ ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាចំនួន ៣១ ប្រភេទកីឡានេះ វៀតណាមមានគោលបំណងនាំយកមេដាយមាសពី ៩០-១២០ មកផ្ទះវិញ ហើយឈានទៅចំណាត់ថ្នាក់កំពូលទាំង៣លើចំនួនមេដាយចុងក្រោយ។

SEA Games 32 នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កំពត និងកែប ក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា។ ពិធីបញ្ជូនអត្តពលិកវៀតណាមនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមេសា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិ។

ក្នុងនាមជាម្ចាស់ផ្ទះ SEA Games 31 វៀតណាមបានឈរកំពូលតារាងមេដាយដោយមានមេដាយមាស ២០៥ គ្រឿង ថៃជាប់លេខ២មានមាស ៩២ គ្រឿង និងឥណ្ឌូនេស៊ីលេខ៣ មាន ៦៩គ្រឿង ៕

To Top