ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំបញ្ចាំងស្លាយផ្សាយបន្ដផ្ទាល់ នូវព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាពេលខាងមុខនេះ ខណៈកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ។
តាមរយៈសារសំឡេង នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សាលប្រកួតរបស់កម្ពុជា មានទំហំតូច ដែលអ្នកចូលរួមចង់មើលមានចំនួនច្រើន ហើយប្រជាពលរដ្ឋ បានលើកសំណូមពរមកសម្ដេច ដោយសមហេតុ សមផល ឲ្យមានការដាក់បញ្ចាំងស្លាយ បន្តផ្ទាល់ចេញពីការប្រកួតនៅពហុកីឡដ្ឋាន ដែលនឹងត្រូវប្រកួតជាបន្តបន្ទាប់ ទាំងនៅស្តាតអូឡាំពិក និងស្តាតមរតកតេជោ។
សម្ដេច គូសបញ្ជាក់ថា «សូមឯកឧត្តម លោកជំទាវ ជាពិសេស គឺអភិបាលរាជធានីភ្នំពេញ រៀបចំទីកន្លែងសមរម្យ ដើម្បីដាក់ស្លាយឲ្យបងប្អូន មើលការផ្សាយបន្តផ្ទាល់ គឺរៀបចំឲ្យបានឆាប់បំផុត ដើម្បីឲ្យបងប្អូន អាចមានលទ្ធភាពមើលនៅទីកន្លែងមានការជួបជុំរៀបចំឲ្យបានត្រឹមត្រូវ ហើយការពារសណ្តាប់ធ្នាប់ឲ្យបានល្អ»។
សម្ដេចបន្ដថា តាមបណ្តាខេត្តក៏ដូចគ្នា ដែលគ្មានឱកាសសម្រាប់មករាជធានីភ្នំពេញទេ អ្នកនិយមកីឡាបាល់ទាត់ គឺមានច្រើន ដូច្នេះអភិបាលរាជធានី-ខេត្ត ខិតខំដើម្បីរៀបចំឲ្យមានការបញ្ចាំងស្លាយបន្តផ្ទាល់ចេញពីការប្រកួតនេះតែម្តង។
សូមរំលឹកថា ត្រឹមថ្ងៃទី២៥ មេសា ឆ្នាំ២០២៣ នេះ គឺនៅសល់តែ ១០ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ៕