ភ្នំពេញ៖ ឆ្លើយតបនឹងប្រសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៦ មេសា ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ ស.ស.យ.ក បានកំណត់ទីតាំងចំនួន ៧កន្លែង សម្រាប់ការចាក់បញ្ចាំងផ្សាយបន្តផ្ទាល់ ការប្រកួតបាល់ទាត់ របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ។
ទីតាំងទាំង៧រួមមាន៖១- សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ , ២- សួនច្បារមាត់ទន្លេ ទល់មុខភោជនីយដ្ឋានមេត្រូ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ, ៣- ក្នុងបុរីប៉េងហួតបឹងស្នោរ ស្ថិតនៅក្នុងសង្កាត់ និរោធ ខណ្ឌច្បារអំពៅ , ៤- សួនច្បារមិត្តភាព ក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុង សង្កាត់មិត្តភាព ខណ្ឌ៧មករា , ៥- សួនច្បារទល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ សត្វព្រៃ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ , ៦- សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និង៧- ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឬស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ៕