ភ្នំពេញ ៖ ដោយទទួលបានចំណាត់តាំង ដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញទទួលព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ត្រឡប់ចូលមកកាន់កម្ពុជាវិញ ពីគណៈប្រតិភូ នៃប្រទេសឡាវ ។

ពិធីដង្ហែរព្រះអគ្គីជ័យកីឡាមកដល់ថ្ងៃនេះ គឺបានធ្វើដំណើរឆ្លងកាត់ប្រទេសនៅក្នុងសមាគមន៍ប្រជាជាតិ អាស៊ីអាគ្នេយ៍ រួមមាន ប្រទេសវៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ហ្វីលីពីន មីយ៉ាន់ម៉ា ទីម័រខាងកើត និងចុងក្រោយបំផុត ឆ្លងកាត់ប្រទេសឡាវ មុននឹងធ្វើមាតុភូមិនិវត្តន៍ ចូលមកកម្ពុជាវិញនៅថ្ងៃនេះឯង ។ លើកលែងតែប្រទេសព្រុយណេមួយប៉ុណ្ណោះ ដែលមិនបានទទួលដង្ហែរ ដោយសារគាប់ជួននឹងការ ប្រារព្ធពិធីបុណ្យរ៉ាម៉ាដនរបស់ខ្លួន ។

បន្ទាប់ពីទទួល ព្រះអគ្គិជ័យកីឡា ចូលមកមាតុភូមិវិញ និងប្រារព្ធពិធីដង្ហែរក្នុងខេត្តស្ទឹងត្រែងនេះ ព្រះអគ្គិជ័យកីឡានឹងត្រូវបន្តឆ្លងកាត់ទៅខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្ដាល និង ចូលទៅកាន់វិមានឈ្នះឈ្នះ។ បន្ទាប់មកបន្តដង្ហែក្នុងរាជធានីភ្នំពេញ និងនៅជុំវិញបឹងទន្លេសាប រួចវិលចូលមកកាន់ រាជធានីភ្នំពេញវិញ នៅថ្ងៃប្រារព្ធពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាផ្លូវការ ។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជាគឺជាម្ចាស់ផ្ទះ នឹងប្រារព្ធពិធីបើកជាផ្លូវការ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែឧសភា ខាងមុខ ហើយបើគិតពីថ្ងៃនេះ រហូតដល់ថ្ងៃប្រារព្ធពិធីគឺនៅសល់តែ ៨ថ្ងៃទៀតតែប៉ុណ្ណោះ។

ក្បួនដង្ហែរព្រះអគ្គិជ័យកីឡា បានធ្វើដំណើរចេញពីច្រកទ្វារព្រំដែន ត្រពាំងក្រៀល ឆ្ពោះទៅស្ពានទន្លេសេកុង តាមផ្លូវជាតិលេខ៧។ ដល់ត្រង់ចំណុចគល់ស្ពាន ទន្លេសេកុងផ្នែកខាងជើង លោកទេសរដ្ឋមន្ត្រី បានកាន់ដង្ហែគប់ភ្លើង រត់ថ្មើរជើងឆ្លងកាត់ស្ពានដោយផ្ទាល់ រហូតដល់គល់ស្ពានផ្នែកខាងត្បូង ក្នុងរយៈចម្ងាយ ១ ០៥៧ម៉ែត្រ ៕
