SEA GAME

សម្ដេចតេជោ អំពាវនាវដល់កីឡាករកម្ពុជាគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់កីឡាករគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ និងសីលធម៌ នៃការប្រកួត ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ នៃការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ។

ក្នុងពិធីជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា « កីឡាករគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ និងសីលធម៌ ជាពិសេសគោរពឱ្យបាននូវក្រមសីលធម៌ នៃការប្រកួត ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ»។

សម្តេចតេជោ បានអំពាវនាវដល់កីឡាករ កីឡាការិនី បង្កើតមិត្តឱ្យបានច្រើន ក្នុងឱកាសព្រឹត្តិការណ៍ស៊ីហ្គេមនេះ ដោយសម្ដេចថ្លែងបញ្ជាក់ថា កីឡាសម្រាប់កសាងមិត្តភាព និងកីឡាក៏ជាផ្នែកទូតមួយផងដែរ ។
សម្តេច ក៏បានផ្ដាំផ្ញើដល់កីឡាករ កីឡាការិនី ដោយហាមដាច់ខាតលើការប្រើប្រាស់សារធាតុ ដែលត្រូវបានហាមប្រើប្រាស់នៅក្នុងការប្រកួត។ សម្ដេច ក៏បានស្នើដល់កីឡាករគ្រប់រូប ប្រឹងដណ្ដើមយកមេដាយមាស ឱ្យមានចំនួនកើនឡើងច្រើន ថែមទៀតសម្រាប់កម្ពុជា។

ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មូលហេតុដែលកម្ពុជាទទួលយកការរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣នេះ គឺដោយសារកម្ពុជា មានតម្រូវការពន្លឿនការសាងសង់ហេដ្ឋារចនាសម្ពន្ធនានា ជាពិសេសគឺការអភិវឌ្ឍនៅកម្ពុជាឱ្យបានលឿន។

សម្ដេចតេជោ បានបង្ហាញមោទនភាពចំពោះកីឡាករ កីឡាការិនី និងក្រុមគ្រួសារ ដែលជាកូនខ្មែរនៅបរទេស បានខិតខំបញ្ជូនកូន និងសាច់ញាតិឱ្យមកចូលរួមប្រកួតតំណាងឱ្យកម្ពុជាក្នុងឱកាស ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ដែលនេះហើយគឺជាសាច់ឈាមខ្មែរបេះដូងជាខ្មែរ តែងតែមកជួយដល់ខ្មែរគ្នាឯងវិញ៕

To Top