ភ្នំពេញ ៖ ឈានចូលមកដល់ថ្ងៃ បិទបញ្ចប់នៃព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនេះ លោក ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវ ផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ក្រៅពីវប្បធម៌ខ្មែរដ៏សម្បូរបែបផ្សេងៗទៀតនោះ គុនល្បុក្កតោ និងគុនខ្មែរសុទ្ធតែជាផ្នែកមួយ នៃវប្បធម៌ផ្សាយទៅកាន់មិត្តជាបរទេស នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។
លោក ឈត ប៊ុនថង បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នាថ្ងៃ១៧ ឧសភា ថ្ងៃបញ្ចប់នៃព្រឹត្តិការណ៍ស៊ីហ្គេមថា មានការផ្សព្វផ្សាយ ពីវប្បធម៌ខ្មែរដ៏សម្បូរ បែបបានយ៉ាងទូលំទូលាយក្នុងរយៈ ពេលជាង១០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេម ទៅដល់អត្តលិកបរទេស និងគណៈប្រតិភូបរទេស ដែលបានមកចូលរួម ក្នុងព្រឹត្តិការណ៍នេះ ។
ក្រៅពីវប្បធម៌យ៉ាងច្រើនបង្ហាញក្នុងស៊ីហ្គេមនេះលោកថា “វិញ្ញាសាផ្សេងៗដែលពាក់ព័ន្ធប្រពៃណី ទំនៀមទំលាប់របស់ខ្មែរ ដូចក្បាច់គុនល្បុក្កតោ គុនខ្មែរ និងវិញ្ញាសាមួយចំនួនទៀត សុទ្ធតែជាផ្នែកមួយនៃវប្បធម៌ដែរ មិនមែនគ្រាន់តែរាំច្រៀង សម្តែងតែ ប៉ុណ្នឹងទេ ។ មានន័យថា ក្បាច់គុនដែលមានដើម កំណើតដោយវប្បធម៌ខ្មែរហ្នឹង ក៏ជាការបង្ហាញវប្បធម៌ខ្មែរដែរ។ បង្ហាញឲ្យគេស្គាល់ហើយ យើងថែមទាំងបានទទួលមេដាយមាស ប្រាក់ និងសំរឹទ្ធទៀត”។
លោកបានចាត់ទុកចំណុចទាំងអស់នេះ គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជា ។ លោក ក៏បានចោទសួរថា បើមានសំណួរសួរថា តើកម្ពុជាយើងបានបង្ហាញ និងផ្សព្វផ្សាយវប្បធម៌អីខ្លះ គឺយើងពិព័រនាមិនអស់ទេ គឺធំធេងណាស់ ។ទាំងអ្វីដែលយើងមើលឃើញ និងអ្វីដែលយើងមើលមិនឃើញ”។
លោកឲ្យដឹងទៀតថា ការបង្ហាញនេះបានទៅដល់ទាំងពលរដ្ឋ នៅក្រៅប្រទេស និងក្រុមកីឡាករ-កីឡាការិនី ព្រមទាំងគណៈប្រតិភូ មកពីបរទេស ទៅដល់ប្រទេស ជាច្រើនជុំវិញពិភពលោក ។ ដូច្នេះក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ពួកគេបានមើលទាំងការ ប្រកួតនិងរូបភាពផ្សេងៗទៀត នៃការផ្សព្វផ្សាយពីវប្បធម៌ខ្មែរ។
លោកបន្តថា ទាំងការបើកនិងមកដល់ថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេមនេះ គឺកម្ពុជាធ្វើបានល្អមែនទែនទាំងចរាចរណ៍និងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយ ឬក៏ការរៀបចំប្រកួតអ្វីផ្សេងៗទៀត ជាពិសេសការមិនយកថ្លៃហូបចុក និងស្នាក់នៅជាដើម ។
គិតមកដល់ថ្ងៃបញ្ចប់នេះ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ បានដណ្តើមេដាយសរុបទាំងអស់ចំនួន២៨២ ក្នុងនោះមាសចំនួន៨១គ្រឿង , ប្រាក់ចំនួន៧៤គ្រឿង និងសំរឹទ្ធ១២៧គ្រឿង ៕