ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រាប់ប្រជាពលរដ្ឋ ថា បើចង់ឱ្យកម្ពុជាធ្វេីជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ស៊ីហ្គេម លើកក្រោយទៀត ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីការពារសន្ដិភាព។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្ពស់ ហើយក៏បានបន្សល់នូវអនុស្សាវរីយ៍ល្អជាច្រើនសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលជាស្មារតីកីឡាស៊ីហ្គេម។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងប្រកាសបែបនេះ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទព្រឹត្តិការណ៍ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ រួមជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ។
សម្ដេច នាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា «យើងពិតជាយល់ច្បាស់អំពីអ្វីទៅដែលហៅថា កីឡារស់នៅក្រោមសន្ដិភាព បើចង់បានការរៀបចំនៅពិធីបែបនេះបន្ដទៀត (ព្រឹត្តិការណ៍ស៊ីហ្គេម) ចាំបាច់ណាស់ ត្រូវរួមជាមួយរដ្ឋាភិបាល ការពារសន្ដិភាព ឱ្យខាងតែបាន»។
សូមរំលឹកថា ព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសកម្ពុជា បានចាប់ផ្ដើមការប្រកួត នៅថ្ងៃទី២៩ មេសា ហើយពិធីបើកការប្រកួតជាផ្លូវការត្រូវបានធ្វើឡើង នៅថ្ងៃទី០៥ ឧសភា។ ក្រោយការប្រកួតដ៏ស្វិតស្វាញរយៈពេលប្រមាណជា ១៦ថ្ងៃ ជាលទ្ធផលកីឡាករ កីឡាការិនីមកពីប្រទេសវៀតណាមឈរលេខរៀងទី១ ជាមួយមេដាយសរុប៣៥៥, ថៃ ឈរលេខរៀងទី២ ជាមួយមេដាយសរុប៣១២, ឥណ្ឌូនេស៊ី ឈរលេខរៀងទី៣ ជាមួយមេដាយសរុប២៧៦។ ដោយឡែកកម្ពុជាជាម្ចាស់ផ្ទះ ឈរនៅលេខរៀងទី៤ ជាមួយមេដាយសរុប២៨២៕