SEA GAME

លោក ហ៊ុន ម៉ានី ៖ អាស៊ានប៉ារ៉ាហ្គេម ជាឱកាសសម្រាប់អត្តពលិកពិការបង្ហាញសមត្ថភាព

ភ្នំពេញ ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានលើកឡើងថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃ៣-៩មិថុនា គឺជាឱកាសសម្រាប់អត្តពលិកពិការបង្ហាញសមត្ថភាពរបស់ពួកគាត់ ។

តាមរយៈហ្វេសប៊ុកនាថ្ងៃ២៤ ឧសភា លោក ហ៊ុន ម៉ានី ថា ឱកាសក្នុងការបង្ហាញសមត្ថភាពរបស់ពួកគាត់នេះ គឺត្រូវផ្តល់កម្លាំងចិត្ត ។

លោកថា “អត្តពលិកពិការត្រូវការគាំទ្រ និងការលើកទឹកចិត្តពីពួកយើង។ ពួកគាត់ចង់ឲ្យយើងចូលរួម និងស្វែងយល់ពីពួកគាត់ ហើយអាស៊ានប៉ារ៉ាហ្គេម គឺជាឱកាសសម្រាប់ពួកគាត់ក្នុងការបង្ហាញសមត្ថភាពរបស់ពួកគាត់។ ដូច្នេះ សូមបងប្អូនជនរួមជាតិទាំងអស់ បន្តចូលរួមផ្តល់កម្លាំងដល់កីឡាករ-កីឡាករិនីជាអត្តពលិករបស់យើង ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ានប៉ារាហ្គេមលើកទី ១២ ដែលរៀបចំនៅព្រះរាជាណាចក្រកម្ពុជាយើង” ។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ក៏បានលើកពីសម្តីរបស់ប្រធានសមាគមប៉ារ៉ាឡាំពិកឥណ្ឌូនេស៊ីថា អាស៊ានប៉ារ៉ាហ្គេម ក្រៅពីរឿងឈ្នះ ចាញ់ ក៏ជាឱកាសដែលធ្វើឲ្យអត្តពលិកដែលមានពិការភាព មានអារម្មណ៍ថាពួកគាត់ធម្មតា ដូចគេដូចឯងដែរ ។

សូមរំលឹកថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ (ASEAN Para Games) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ៣-៩ មិថុនា ខាងមុខ។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម តែងតែប្រារព្ធឡើង បន្ទាប់ពីព្រឹត្តិការណ៍កីឡា SEA GAMES និងដោយមានការចូលរួមប្រកួតពីប្រតិភូអត្តពលិកដែលមានពិការភាពពីប្រទេសទាំង១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឆ្នាំ២០២៣នេះ កម្ពុជាបានត្រៀមខ្លួនរួច ជាស្រេចក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍អាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ ដោយមានការប្រកួតលើ១៣ ប្រភេទកីឡា ខណៈបច្ចុប្បន្នអត្តពលិកជាជនពិការកំពុងមានការមមាញឹកក្នុងហ្វឹកហាត់ ដើម្បីត្រៀមដណ្តើមមេដាយ ៕

To Top