កីឡា

សោកស្ដាយ! ហ្វីលីពីន តាមស្មើ U22 កម្ពុជា ១-១ ចុងម៉ោង ក្នុងជំនួបបើកឆាក SEA Games 2019

ម៉ានីល៖ ក្រុមជម្រើសជាតិយុវជន U22 កម្ពុជា បានរបូតឱកាសទទួលបាន ៣ពិន្ទុទាំងគួរឲ្យសោកស្ដាយបំផុត បន្ទាប់ពីត្រូវក្រុមម្ចាស់ផ្ទះ U22 ហ្វីលីពីន វាយបកតាមស្មើ ១-១ នៅនាទីចុងម៉ោង ក្នុងជំនួបបើកឆាកពូល A នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅកីឡដ្ឋាន Rizal Memorial Stadium នៃទីក្រុងម៉ានីល នារាត្រីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ។

ជាមួយការប្រកួតដ៏តានតឹងនេះ ក្រុមគោព្រៃជំទង់កម្ពុជា បាននាំមុខក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន ដែលធ្វើសម្រេចដោយកីឡាករ កែវ សុខផេង នៅនាទី៤១ ។ ឱកាសស្ទើរទទួលបាន ៣ពិន្ទុ បានអូសបន្លាយរហូតដល់នាទីបន្ថែមនៃវគ្គទី២ ប៉ុន្ដែគួរឲ្យស្ដាយ នៅនាទី៩០+៤ កីឡាករហ្វីលីពីន ក៏បានវាយបកតាមស្មើ ១-១ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ដែលធ្វើឲ្យក្រុមទាំងពីរ ចែកគ្នា ១ពិន្ទុម្នាក់តែម្ដង ។

សម្រាប់លទ្ធផលនេះដែរ បានក្លាយជាលទ្ធផលដ៏ចម្លែកស្ទើមិនគួរឲ្យជឿ សម្រាប់ជំនួបបើកឆាកពូល A ក្នុងថ្ងៃតែមួយ ដែលសុទ្ធតែបញ្ចប់ការប្រកួត ដោយលទ្ធផលស្មើគ្នា ដ្បិតក្រុម U22 ម៉ាឡេស៊ី ក៏បានប្រកួតស្មើក្រុម U22 មីយ៉ាន់ម៉ា ១-១ ដើម្បីទទួលបាន ១ពិន្ទុស្មើៗគ្នាផងដែរ ។

ចំពោះប្រកួតបន្ទាប់វិញ ក្រុម U22 កម្ពុជា នឹងត្រូវជួបក្រុម U22 ទីម័រខាងកើត នាថ្ងៃទី២៧ ខែវិច្ឆិកាខាងមុខ វេលាម៉ោង ៧យប់ នៅកីឡដ្ឋាន Rizal Memorial Stadium នៃទីក្រុងម៉ានីលដដែល ហើយថ្ងៃជាមួយគ្នានោះ ក្រុមម្ចាស់ផ្ទះហ្វីលីពីន ក៏ត្រូវជួបក្រុម U22 មីយ៉ាន់ម៉ាផងដែរ ៕

To Top