កីឡា

ណាហ្គាវើលដ៍ ផ្តល់រង្វាន់ដល់អត្តពលិក មេដាយមាសស៊ីហ្គេម “SEA GAMES 2019”

ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ណាហ្គាវើលដ៍បានរៀបចំពិធី ប្រគល់រង្វាន់ពិសេសមួយដើម្បី អបអរសាទរដល់ជ័យជម្នះ របស់អត្តពលិកកម្ពុជាពីក្នុង ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣០ ដែលទើបនឹងបញ្ចប់ក្នុងពេលថ្មីៗនេះ ត្រូវបានរៀបចំឡើងក្នុងផ្សារ ទំនើបក្រោមដីណាហ្គាស៊ីធីវ៉ក ពិធីនេះត្រូវបានចូលរួមដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រតិភូកីឡា អត្តពលិក និងគណៈគ្រប់គ្រងជាន់ខ្ពស់ របស់ក្រុមហ៊ុនណាហ្គាវើលដ៍។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀង “ដំណើរឆ្ពោះទៅរកមេដាយមាស” របស់ណាហ្គាវើលដ៍ជាមួយនឹង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អត្តពលិកមេដាយមាសឯកត្តជនម្នាក់ នឹងទទួលបានរង្វាន់ជាទឹកប្រាក់ ៦.០០០ ដុល្លារអាមេរិក ចំណែកឯអត្តពលិក មេដាយមាសក្រុមមួយក្រុម នឹងទទួលបានទឹកប្រាក់រង្វាន់ ១០.០០០ ដុល្លារអាមេរិកដែលប្រាក់រង្វាន់នេះ កើនឡើងទ្វេដងកាលពីស៊ីហ្គេមលើកមុន។ វីរកីឡាករ និងវីរកីឡាការិនីដែលទទួលបាន មេដាយមាសពីស៊ីហ្គេមក្នុងឆ្នាំនេះ មានកីឡាការិនីតៃក្វាន់ដូ ស៊ន សៀវម៉ី ក្នុងប្រភេទទម្ងន់លើស៧៣ កីឡូក្រាម កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា ក្នុងប្រភេទទម្ងន់ក្រោម ៤៩ កីឡូក្រាម កីឡាករគុនល្បុក្កតោ arnis យ៉ុង ម៉េងលី និងកីឡាការិនីប៉េតង់ក្រុម ៣ ទល់ ៣ ស្រេង សុរ៉ាឃីម ឃួន យ៉ារី ដួង ឌីណា និងអ៊ុន ស្រីយ៉ា។

ក្រៅពីនេះណាហ្គាវើលដ៍ ក៏បានផ្តល់រង្វាន់ជាទឹកប្រាក់ ដល់គ្រូបង្វឹករបស់អត្តពលិក មេដាយមាសម្នាក់ៗនូវទឹកប្រាក់ ១.០០០ ដុល្លារអាមេរិក ព្រមទាំងផ្តល់រង្វាន់ដល់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជានូវទឹកប្រាក់ ៤.០០០ ដុល្លារអាមេរិកផងដែរចំពោះមេដាយមាសទាំង ៤ ដែលអត្តពលិកទទួលបានដើម្បី គាំទ្រដល់ការអភិវឌ្ឍវិស័យ កីឡាក្នុងព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៅទៀត ណាហ្គាវើលដ៍ ក៏បានឧបត្ថម្ភឯកសណ្ឋានកីឡា សម្រាប់គណៈប្រតិភូដឹកនាំកីឡា និងអត្តពលិកទាំងអស់ទៅ កាន់ប្រទេសហ្វីលីពីនផងដែរ។

លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ បានមានប្រសាសន៍ថា “ចំនួនមេដាយស៊ីហ្គេមក្នុងឆ្នាំនេះរបស់កម្ពុជា លើសពីឆ្នាំមុនជាងពីរដង។ យើងសូមកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាក្នុងការអភិវឌ្ឍ និងបណ្តុះបណ្តាលអត្តពលិកកម្ពុជា ឲ្យមានការអភិវឌ្ឍជាលំដាប់ពី ស៊ីហ្គេមមួយទៅស៊ីហ្គេមមួយទៀត។ ណាហ្គាវើលដ៍ មានកិត្តិយសយ៉ាងខ្លាំង ដែលបានក្លាយជាផ្នែកមួយនៅក្នុងដំណើរនេះ ខណៈយើងគាំទ្រដល់កម្មវិធីកីឡា របស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជានៅទូទាំងប្រទេស។ ក្នុងការត្រៀមខ្លួននៅ ពេលកម្ពុជាធ្វើជាផ្ទះម្ចាស់ស៊ីហ្គេមលើកទី៣២ ក្នុងឆ្នាំ២០២៣ យើងសង្ឃឹមថា ការខិតខំប្រឹងប្រែងវិនិយោគរបស់យើង ជាមួយគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា នឹងហុចផ្លែផ្កា និងធ្វើឲ្យអត្តពលិក របស់កម្ពុជាកាន់តែខ្លាំង”។

ណាហ្គាវើលដ៍ ជួយអភិវឌ្ឍវិស័យកីឡា៖ គួររំឭកផងដែរថា ណាហ្គាវើលដ៍គឺជាក្រុមហ៊ុនដែល ឧបត្ថម្ភរយៈពេលវែងជាងគេ ដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាក្រុមហ៊ុនទីមួយ ដែលបានចុះកិច្ចព្រមព្រៀងដើម្បី ឧបត្ថម្ភដល់អត្តពលិកកម្ពុជា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០១១ ក្នុងប្រទេសឥណ្ឌូនេស៊ី និងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០១២ ក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។ បន្ទាប់មក ណាហ្គាវើលដ៍ បានបន្តកិច្ចព្រមព្រៀងឧបត្ថម្ភរយៈពេល ៤ ឆ្នាំរបស់ខ្លួនជាមួយគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជាក្នុងឆ្នាំ ២០១៥ ដើម្បីផ្តល់រង្វាន់ជាទឹកប្រាក់ ដល់អត្តពលិកកម្ពុជា ដែលបានទទួលបានជ័យជម្នះ ពីព្រឹត្តិការណ៍កីឡាអន្តរជាតិ។

កាលពីដើមឆ្នាំ២០១៩ នេះ ណាហ្គាវើលដ៍បានបន្តកិច្ចព្រមព្រៀង ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ៤ ឆ្នាំបន្ថែមទៀតដើម្បីឧបត្ថម្ភនៅក្នុង ៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣០ និងកីឡាជនពិការលើកទី១០ ក្នុងប្រទេសហ្វីលីពីន ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ និងកីឡាជនពិការលើកទី ១១ ឆ្នាំ ២០២១ ក្នុងប្រទេសវៀតណាម ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ និងកីឡាជនពិការឆ្នាំ ២០២០ ក្នុងទីក្រុងតូក្យូប្រទេសជប៉ុន ព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់ទ្វីបអាស៊ីឆ្នាំ២០២០ ក្នុងទីក្រុងសានយ៉ាប្រទេសចិន ព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីឆ្នាំ ២០២២ ក្នុងទីក្រុងហាងចូវប្រទេសចិន និងព្រឹត្តិការណ៍កីឡា អូឡាំពិកយុវជនរដូវក្តៅឆ្នាំ ២០២២ ក្នុងទីក្រុងដាកាប្រទេសសេណេហ្គាល់។

ជាផ្នែកមួយនៃគំនិតផ្តួចផ្តើម ដើម្បីជួយកសាងប្រទេសកម្ពុជា តាមរយៈការអភិវឌ្ឍវិស័យកីឡា ណាហ្គាវើលដ៍នឹងបន្តជួយអភិវឌ្ឍ និងលើកស្ទួយវិស័យកីឡាក្នុងប្រទេសកម្ពុជា រួមមាន កីឡាបាល់ទាត់ តេន្នីស ប្រដាល់សេរី បាល់ឱប ក្បាច់គុនចម្រុះ និងកីឡាជាច្រើនទៀត។ ការឧបត្ថម្ភរបស់ណាហ្គាវើលដ៍ បានលើកទឹកចិត្តឲ្យអត្តពលិកកម្ពុជា ចូលរួមប្រកួតក្នុងកម្រិតតំបន់ និងកម្រិតជាតិដែលនាំទៅរក ភាពជោគជ័យកាន់តែច្រើន សម្រាប់ព្រះរាជាណាចក្រកម្ពុជា ៕

To Top