កីឡា

ក្លិបបាល់ទាត់ ភ្នំពេញក្រោន ចាប់ផ្ដើមយុទ្ធនាការ ”SCG Kick & Share” នៅខេត្តកំពត

ភ្នំពេញ៖ ក្លិបបាល់ទាត់ ភ្នំពេញក្រោន រួមសហការជាមួយក្រុមហ៊ុន អេសស៊ីជី ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ាន បានចាប់ផ្ដើមយុទ្ធនាការហ្វឹ កហ្វឺនកីឡាបាល់ទាត់ ឈ្មោះថា ‘SCG Kick & Share’ ដែលឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅក្នុងខេត្តបី រួមមាន កំពត កំពង់ចាម និងរាជធានីភ្នំពេញ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ។

ព្រឹត្តិការណ៍ហ្វឹកហ្វឺនបាល់ទាត់នេះ ធ្វើឡើងក្នុងគោលបំណងបណ្ដុះស្មារតីស្រឡាញ់កីឡា ជាពិសេស កីឡាបាល់ទាត់នៅក្នុងចំណោមកុមារអាយុក្រោម ១២ឆ្នាំ។

លោក លី ហៀង អគ្គលេខាធិការក្លិបបាល់ទាត់ ភ្នំពេញក្រោន បានលើកឡើងថា ភ្នំពេញក្រោន និងក្រុមហ៊ុន អេសស៊ីជី មានគោលដៅរួមមួយ ក្នុងការប្រើប្រាស់រូបភាពកីឡាដើម្បីបញ្ជូនសារទៅកាន់កុមារ និងយុវជន។
លោក លី ហៀង មានប្រសាសន៍ដូច្នេះថា “យើងជឿជាក់ថា កីឡានាំមកនូវសុខភាពល្អ ហើយក្មេងដែលឆ្លាត គឺក្មេងដែលមានសកម្មភាពច្រើន និងសកម្ម។ សារនៅថ្ងៃនេះ គឺថា តាមរយៈកីឡា តាមរយៈភ្នំពេញក្រោន យើងចង់ធ្វើជាគំរូល្អមួយដល់ក្មេងៗ”។

លោក សន សីហា នាយកផ្នែករ៉ែរបស់ក្រុមហ៊ុន SCG បានមានប្រសាសន៍ថា ជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមចំពោះសហគមន៍ ក្រុមហ៊ុនបាន ចាប់ដៃគូជាមួយ ក្លិបបាល់ទាត់ ភ្នំពេញក្រោន ដើម្បីលើកកម្ពស់កីឡានៅក្នុងសហគមន៍ តាមរយៈកម្មវិធីមួយ ឈ្មោះថា ‘SCG Kick & Share’។
លោក សន សីហា បានថ្លែងថា “យើងចង់ឲ្យកុមារនៅក្នុងសហគមន៍របស់យើងមានស្មារតីចេះស្រឡាញ់កីឡា។ យើងចង់ឲ្យក្មេងៗជំនាន់ក្រោយ ធ្វើរឿងល្អៗសម្រាប់សង្គម និងជៀសវាងគ្រឿងញៀនដាច់ខាត”។

កុមារាកុមារីប្រមាណជាង ១០០នាក់ មកពីសាលារៀននៅក្នុងស្រុកបន្ទាយមាស ខេត្តកំពតបានចូលរួមសកម្មភាពហ្វឹកហ្វឺន បាល់ទាត់ជាមួយកីឡាករ ដែលពួកគេចូលចិត្ត មកពីក្លិប ភ្នំពេញក្រោន ដែលក្នុងនោះរួមមាន កីឡាករលេចធ្លោ អន ចាន់ប៉ូលីន និងកីឡាករ សឿត បារាំង ផងដែរ ។ កីឡារទាំងពីររូប ផ្ញើសារដូចគ្នា ទៅដល់កុមារដែលបានចូលរួម «ចូរយើងលេងកីឡាទាំងអស់គ្នា ដើម្បីសុខភាព និងជៀសវាងគ្រឿងញៀនឲ្យបានដាច់ខាត»។

កុមារា បន បញ្ញា ជាសិស្សាបឋមសិក្សា មកពីសាលារៀននៅក្នុងស្រុកបន្ទាយមាស ដែលបានចូលរួមនៅក្នុងសកម្មភាពហ្វឹកហ្វឺនបាល់ទាត់ ‘SCG Kick & Share’ បាននិយាយថា រូបគេមានសេចក្ដីរំភើបរីករាយណាស់ ដែលបានរៀនតិចនិកខ្លះៗពីកីឡាករអាជីព ព្រោះរូបគេចូលចិត្តលេងបាល់ទាត់នៅសាលា។ បញ្ញា បន្ថែមថា “ទៅថ្ងៃអនាគត ខ្ញុំក៏ចង់ក្លាយជាកីឡាករបាល់ទាត់មួយរូបដែរ”។

កម្មវិធីហ្វឹកហ្វឺនបាល់ទាត់ ដល់កុមារ ‘SCG Kick & Share’ ធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ ដោយក្រុមហ៊ុន អេសស៊ីជី សហការជាមួយក្លិប ភ្នំពេញក្រោន ៕

To Top