កីឡា

អាងហែលទឹកខ្នាតអន្តរជាតិ នៅពហុកីឡដ្ឋានអូឡាំពិក ចំណាយថវិកាជិត៣លានដុល្លា​ ជួសជុលរួចជាស្ថាពរ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជា ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងថា អាងហែលទឹកខ្នាតអន្តរជាតិ នៅពហុកីឡដ្ឋានអូឡាំពិក បានជួសជុលរួចហើយនោះ ដែលបណ្ដោយ ៥០ម៉ែត្រ ទទឹង២៥ ម៉ែត្រ និងមាន១០បន្ទាត់ អាចអង្គុយទស្សនាជាង១៦០០កៅអី បានចំណាយថវិកា ជិត៣លានដុល្លា។

ក្នុងពិធីទទួលអាងហែលទឹក នៅពហុកីឡដ្ឋានអូឡាំពិក ក្រោយពីជួសជុលរួច១០០ភាគរយ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ថា «អាងហែលទឹកនេះត្រូវបានជួសជុល និងពង្រីកបន្ថែម ដែលមានបណ្ដោយប្រវែង ៥០ម៉ែត្រ និងទទឹងប្រវែង ២៥ម៉ែត្រ និងមាន១០បន្ទាត់ ជាខ្នាត អន្តរជាតិ សាងសង់ដោយក្រុមហ៊ុន Shanghai Construction ដោយប្រើប្រាស់ រយៈពេល ១៨ខែ និងចំណាយថវិកាជិត៣លានដុល្លារអាមេរិក ដែលជាជំនួយរបស់ក្រុមហ៊ុន Shanghai Construction បំពាក់ដោយម៉ាស៊ីនបូម និងម៉ាស៊ីនចម្រោះទឹកថ្មីៗ បន្ទប់សម្រាប់ដាក់ឧបករណ៍ បន្ទប់បញ្ជាឧបករណ៍អេឡិចត្រូនិក ផ្ទាំងLED សាលហ្វឹកហាត់សាច់ដុំ សាលប្រជុំ បន្ទប់ស្នាក់នៅ អាហារដ្ឋាន និងកៅអីជាង ១៦០០ សម្រាប់អង្គុយទស្សនា»។

លោកបន្ដថា បច្ចុប្បន្នកម្ពុជា មានអាងកីឡាហែលទឹកនៅតាមបណ្ដាខេត្តមួយចំនួន ដូចជា៖ ខេត្តបាត់ដំបង កំពង់ចាម ភ្នំពេញ និងខេត្តកណ្ដាល (ស្រុកកោះធំ) ដើម្បីបង្កភាពងាយ ស្រួល ដល់យុវជនកម្ពុជាទាំងឡាយដែលស្នេហាកីឡានេះ ចូលរួមហ្វឹកហាត់ឱ្យបាន ច្រើនថែម ទៀត លើវិញ្ញាសារ​ហែលទឹក បាល់ទឹក លោតទឹក និងរបាំទឹកជាដើម ដើម្បីបង្កើន និងពង្រឹងសមត្ថ ភាព កីឡាករ កីឡាការិនីរបស់ខ្មែរឱ្យដល់កម្រិតស្តង់ដាអន្តរជាតិ និងឈានទៅដណ្ដើមយក មេដាយជូនជាតិមាតុភូមិ។

លោករំលឹកថា ក្នុងអំឡុងទសវត្សរ៍ឆ្នាំ៦០ កម្ពុជាមានភាពល្បីល្បាញពាសពេញសកលលោក តាមរយៈការដណ្ដើមបានមេដាយជាបន្តបន្ទាប់ទាំងក្នុងតំបន់ និងពិភពលោកលើវិញ្ញា សាកី ឡា ហែលទឹក។ លោក ចង់ឃើញយុវជនយើង មានសមត្ថភាព គ្រប់គ្រាន់ដើម្បីស្ដារកេរ្តិ៍ ឈ្មោះរបស់ប្រទេសជាតិឱ្យល្បីសុះសាយឡើងវិញ ឬមានសមត្ថភាពជាងទសវត្សរ៍នោះ។

ជាមួយគ្នានោះផងដែរ លោក ស៊ុន ចាន់ថុល អំពាវនាវដល់យុវជនកម្ពុជាទាំងអស់ ឲ្យចូលរួមហាត់កីឡា នេះឲ្យបានច្រើន ក្រោយស្ថានភាពជំងឺកូវីដ-19 ត្រូវបានបញ្ចប់៕ ដោយ ៖ អេង ប៊ូឆេង

To Top