ខេត្តស្វាយរៀង ៖លោក សែម សុខា រដ្ឋលេខាធិការ តំណាងលោករដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាប្រធាន គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា អញ្ជើញចូលរួមបិទ ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក ថ្នាក់ខេត្តប្រចាំឆ្នាំ ២០២០ នៅខេត្តស្វាយរៀង ។
លោក សែម សុខា បានមានប្រសាសាន៍ថា ក្នុងនាមគណៈកម្មការរៀបចំការប្រកួត ខ្ញុំបាទមានកិត្តិយស សូមធ្វើរបាយការណ៍សង្ខេប ជូនលោកគណៈអធិបតីជ្រាប ដោយមានការអនុញ្ញាតគោលការណ៍ពី គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងលោកប្រធានអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តស្វាយរៀង បានរៀបចំដំណើរការប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិក ថ្នាក់ខេត្តប្រចាំឆ្នាំ២០២០ រួមបញ្ចូលកម្មវិធីត្រួតកីឡា សម្រាប់ក្មេងៗ អាយុ២ឆ្នាំ ដល់៧ ឆ្នាំ ក្នុងគោលបំណង ផ្តល់ឱកាសឱ្យក្រុមកីឡាករ កីឡាការិនី ខេត្ត និងខេត្ត បានជួបជុំគ្នាធ្វើការប្រកួតប្រជែង ដើម្បីចែករំលែក បទពិសោធន៍ ភាពសប្បាយរីករាយ រវាងកីឡាករ កីឡាការិនីបញ្ញាខ្សោយ ។
លោកបន្តថា ការប្រកួតមិនមែនដើម្បី ជ័យជម្នះតែម្យ៉ាងនោះទេ គឺដើម្បីមិត្តភាព សាមគ្គីភាព បំបាត់ភាពរើសអើង និងផ្តល់ឱកាសចូលរួមសកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉េស្យាល់ អូឡាំពិកថ្នាក់ជាតិ និងថ្នាក់ពិភពលោក ។ ជាពិសេស ការប្រកួតនេះដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើម ទៅចូលរួមការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិកថ្នាក់ជាតិ និងការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់អន្តរជាតិនានា នៅឆ្នាំ២០២១ ។
ផ្នែកកីឡាបាល់ទាត់៖ ៥ នាក់ ម្ខាង ចំណាត់ថ្នាក់លេខ ១ បានទៅលើក្រុមកីឡាករ មកពីក្រុងស្វាយរៀង ចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុមកីឡាករ ស្រុកស្វាយជ្រុំ ចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុមកីឡាករ ស្រុករមាសហែក ។ ផ្នែកីឡាអត្តពលកម្ម៖ វិញ្ញា ៥០ ម៉ែត្រ ចំណាត់ថ្នាក់លេខ ១ កីឡាករ ឆុន ស្នា ខេត្តស្វាយរៀង ចំណាត់ថ្នាក់លេខ ២ កីឡាករ អ៊ុក ប៊ុនធឿន ខេត្ត ស្វាយរៀង ចំណាត់ថ្នាក់លេខ ៣ សុខ សុខា ខេត្តព្រៃវែង ផ្នែកីឡាប៊ូល៖ វិញ្ញាសាវាយគូ ចំណាត់ថ្នាក់លេខ ១ ៖ ភុន តុន និងនុត សុផាន់ណា ខេត្តស្វាយរៀង ចំណាត់ថ្នាក់លេខ ២ ខៀវ ស្រីមុំ និងឃុន រដ្ឋា ខេត្តស្វាយរៀងចំណាត់ថ្នាក់លេខ ៣ លី ថារ៉ូត និង រស់ សុធារិត ខេត្តព្រៃវែង ៕