កីឡា

លោក ស សុខា ៖ ការប្រកួត គឺជាម៉ែត្រដ៏សំខាន់ សម្រាប់វាស់សមត្ថភាព នូវចំណុចខ្វះខាតមួយចំនួន របស់កីឡាករជនពិការកម្ពុជា

ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ចូលរួមពិធីបិទការប្រកួតជើង ឯកបាល់ទះអង្គុយ ឆ្នាំ២០២០ និងប្រគល់ពានរង្វាន់នៅមជ្ឈមណ្ឌលជាតិ នៃជនពិការ តេជោសែន ។

លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតជើងឯកបាល់ទះអង្គុយ ឆ្នាំ២០២០ ចាប់ផ្តើមពីថ្ងៃទី២៥ ដល់ ២៩ ខែកញ្ញា ឆ្នាំ២០២០ ដែលរៀបចំដោយ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនិតិសម្បទា។
ជាលទ្ធផលក្រុមបាល់ទះអង្គុយជនពិការ តេជៈសន្តិភាព គ្រងដំណែងជើង ឯកប្រចាំឆ្នាំ២០២០ ក្រុមបាល់ទះអង្គុយជនពិការ គ្រងដំណែងជើងឯករងត្នោតជ័យកំពង់ស្ពឺ ក្រុមបាល់ទះអង្គុយ ជនពិការមជ្ឈមណ្ឌលជាតិ នៃជនពិការ តេជោសែនចំណាត់ថ្នាក់លេខ ៣ និងក្រុមបាល់ទះអង្គុយជនពិការរិទ្ធិសែន កំពង់ឆ្នាំងទទួលបានចំណាត់ថ្នាក់លេខ ៤។

លោក ស សុខា បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមលោកផ្ទាល់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអត្តពលិក គ្រូបង្វឹក និងគ្រូជំនួយ អ្នកស្ម័គ្រចិត្ត និងគណៈកម្មការបច្ចេកទេស រួមមាន មន្ត្រីគណៈកម្មាធិការជាតិប៉ារ៉ាឡាំ ពិកកម្ពុជា និងគ្រូពេទ្យព្យាបាលដោយចលនា។
ពិសេសក្រុមកីឡាករជនពិការ ដែលតែងតែខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួមប្រកួតប្រជែង ដណ្តើមមេដាយជូនជាតិ លើកឆាកអន្តរជាតិ។
លោកបានបន្ត ថា ការប្រកួតគឺជាម៉ែត្រមួយ ដ៏សំខាន់សម្រាប់វាស់សមត្ថភាពកីឡាករ នូវចំណុចខ្វះខាតមួយចំនួន របស់កីឡាករ ជនពិការកម្ពុជា មុននឹងចេញចូលរួមប្រកួតកីឡាអន្តរជាតិ នាពេលខាងមុខនេះឈាន ដល់ការពង្រឹងសមត្ថភាពរបស់ខ្លួន ។ ខ្ញុំសូមឧបត្ថម្ភដល់ក្រុមបាល់ទះអង្គុយជនពិការក្នុងមួយក្រុម ចំនួន៨០ម៉ឺនរៀល (២០០ដុល្លារ) មន្ត្រីគណៈកម្មាធិការជាតិប៉ារ៉ាឡាំ ពិកកម្ពុជា និងគ្រូពេទ្យព្យាបាល ដោយចលនាចំនួន (៤០០ដុល្លារ) និងកសាងអគារស្នាក់នៅ ជូនកីឡាករជនពិការកម្ពុជាមួយខ្នងដែរ៕

To Top