កីឡា

លោកសន្តិបណ្ឌិត នេត សាវឿន អញ្ជើញចូលរួម បើកការប្រកួតកីឡា វាយកូនឃ្លីលើតុ ជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធឆ្នាំ២០២០

ភ្នំពេញ ៖ ព្រឹត្តិការណ៍ នៃការប្រកួតកីឡា វាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា លើកទី១ ប្រចាំឆ្នាំ២០២០ ដែលមានរយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២០ បានបើកការប្រកួតជាផ្លូវការ ហើយនាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការសហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិ ។

ក្នុងឳកាសបើកការប្រកួតខាងលើ ដោយអញ្ជើញពីសំណាក់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ នៃក្រសួង មហាផ្ទៃ និងប្រធានកិត្តិយស សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា លោក វ៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួង ទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិក កម្ពុជា តំណាងលោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០១៣ (CAMSOC) លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា។

លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់របស់ សហព័ន្ធលើកទី១ ប្រចាំឆ្នាំ២០២០ ដោយបានការគាំទ្រថវិកា ពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសមជិកគណៈ កម្មាធិការសហព័ន្ធ និង ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា ដែលជាអ្នកទ្រទ្រង់ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ទាំងអស់ ។ ចំពោះការប្រកួតឆ្នាំនេះ យើងបានរៀបការប្រកួតមានពីរក្របខណ្ឌ គឺក្របខណ្ឌ ក៏១ មានអាយុចាប់ពី១៩ឆ្នាំ ឡើងទៅ និងក្របខណ្ឌ ក២ មានអាយុ ១៨ឆ្នាំចុះ បានបែងចែកក្នុងមួយក្របខណ្ឌមាន ៤វិញ្ញាសាក្នុងន័យដើម្បីបំផុសយុវកីឡាករ-កីឡាការិនីឲ្យបានផុសផុលក្នុងប្រទេសយើង ។

លោកអគ្គលេខាធិការបានបន្តថា សម្រាប់ការប្រកួតឆ្នាំនេះមានកីឡាករ-កីឡាការិនីកីឡាវាយកូនឃ្លីលើតុ ថ្នាក់ដឹកនាំ និងគ្រូបង្វឹកមកពី២២សមាគម និងកិ្លបសរុបចំនួន១៧៣ ចំណែកកីឡាករ-កីឡាការិនីចំនួន១៣២នាក់ក្នុងនោះកីឡាការិនី១៨នាក់ ។

សម្រាប់វិញ្ញាសាប្រកួតចែកចេញ ជា២ផ្នែក គឺ កមិ្រក ក១ និងកមិ្រក ក២ ចំណែកកមិ្រក ក១ វិញ្ញាសាឯកត្តបុរស វិញ្ញាសាឯកត្តនារី ក្រុមបុរស និងគូបុរស ចំពោះកមិ្រក ក២វិញ វិញ្ញាសាឯកត្តបុរស វិញ្ញាសាឯកត្តនារី ក្រុមបុរស និងគូបុរស ៕ ដោយ៖លី ភីលីព

To Top