កីឡា

អង្គការមូលនិធិថែទាំសុខភាពអេដស៍ រៀបចំទិវាពិភពលោកប្រយុទ្ធជំងឺអេដស៍ឆ្នាំ២០២១ នៅសៀមរាប

ភ្នំពេញ ៖ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២១ រៀបចំឡើងដោយអង្គការមូលនិធិថែទាំសុខភាពអេដស៍ (AHF) នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅទឹកដីខេត្តសៀមរាប លើប្រធានបទថ្មីមួយគឺ «ជំងឺអេដស៍ និងជំងឺឆ្លងរាតត្បាតសកលផ្សេងទៀត» ដើម្បីក្រើនរំលឹកដល់ពិភពលោកថា សូម្បីអំឡុងពេលនៃការាតត្បាត ដោយមេរោគកូវីដ១៩ ការប្រយុទ្ធនឹងមេរោគអេដស៍ នៅតែជាប្រធានបទដែលត្រូវតែយកចិត្តទុកដាក់ខ្ពស់ នៃសុខភាពសាធារណៈសកល ពីព្រោះវា នៅតែធ្វើឲ្យបាត់បង់ជីវិតមនុស្សរាប់រយពាន់នាក់ រៀងរាល់ឆ្នាំ។

ទិវានេះ ធ្វើឡើងក្រោមវត្តមាន លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងលោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកការិយាល័យប្រចាំតំបន់អាស៊ី នៃអង្គការមូលនិធិថែទាំអ្នកជំងឺអេដស៍ រួមទាំងមានការចូលរួមពីយុរជនជាច្រើនរូបទៀត។

មូលនិធិថែទាំសុខភាពអេដស៍ ហៅកាត់ថា (AHF) នឹងរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់ក្រោមប្រធានបទ «ជំងឺអេដស៍ និងជំងឺឆ្លងរាតត្បាតសកលផ្សេងទៀត»។ ប្រធានបទនេះ នឹងបន្តបម្រើដល់ការដាស់តឿនថា ទោះជានៅអំឡុងការឆ្លងរាតត្បាតនៃជំងឺ COVID-19 ក៏ដោយ ពិភពលោកនៅតែត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ឬ ហ៊ីវ (HIV) ដែលជាជំងឺឆ្លងមួយបានឆ្លងរាលដាលអស់រយៈពេលជាង៣០ឆ្នាំមកនេះ។

នាឱកាសនោះដែរ លោកស្រី Terri Ford ប្រធានផ្នែកតស៊ូមតិសកល និងគោលនយោបាយនៃមូលនិធិ AHF បានបញ្ជាក់ថា នៅក្នុងបរិបទដែល COVID-19 បានបង្កវិនាសកម្មនៅ ជុំវិញពិភពលោក ជំងឺដ៏កាចសាហាវមួយត្រូវបានគេចាត់ទុកថា ជាជំងឺស្ថិតនៅជួរមុខដែលត្រូវប្រយុទ្ធប្រឆាំងក្នុងរយៈពេលជិត ២ឆ្នាំមកនេះ ដូច្នេះហើយទើបទិវាជំងឺអេដស៍ ពិភពលោក ពិតជាមានសារៈសំខាន់ណាស់ក្នុងការក្រើនរំឮកពី «ជំងឺឆ្លងរាតត្បាតដទៃ»។

លោកស្រីបន្ដថា អេដស៍ ឬ HIV នៅតែបន្តឆក់យកជីវិតមនុស្សជិត ៧០០,០០០នាក់ ក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោក ខណៈមេដឹកនាំពិភពលោកមានកាតព្វកិច្ចប្រយុទ្ធប្រឆាំង COVID-19 ក្នុងនោះមានទាំងការប្ដេជ្ញាចិត្តធ្វើ សកម្មភាពជាក់ស្ដែងក្នុងការធានាឲ្យបាននូវការទទួលបានវ៉ាក់សាំងប្រើប្រាស់សម្រាប់មនុស្សគ្រប់រូប ពួកគេក៏ត្រូវតែបន្ត រក្សាការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ផងដែរ តាមរយៈលើកទឹកចិត្តដល់ការធ្វើតេស្ដរកមេរោគអេដស៍ និងផ្ដល់ថ្នាំពន្យារឲ្យជីវិតដល់អ្នកដែលត្រូវការវាជាចាំបាច់។

ដោយឡែក លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកការិយាល័យប្រចាំតំបន់អាស៊ីនៃអង្គការ AHF បានថ្លែងថា វិបត្តិកូវីដ១៩ គឺជាការដាស់តឿនដ៏ធ្ងន់ធ្ងរមួយសម្រាប់ពិភពលោក ជាពិសេសនៅទូទាំងតំបន់អាស៊ី ដែលមនុស្សនៅតាមប្រទេសជាច្រើន មិនសូវមានឱកាសទទួលបានការចាក់វ៉ាក់សាំង បាត់បង់ការងារ និងកំពុងទទួលរងអសន្តិសុខ ស្បៀង។ វិធានការបិទខ្ទប់តឹងរ៉ឹង ក៏បានជះផលប៉ះពាល់ផងដែរ ចំពោះផ្នែកជាច្រើននៃសង្គម រួមមានការបង្កជាឧបសគ្គ ដល់សមត្ថភាពរបស់តំបន់អាស៊ី ក្នុងការឆ្លើយតប ចំពោះវិបត្តិជំងឺអេដស៍ និងគំរាមកំហែងចំពោះវឌ្ឍនភាពដែលសម្រេចបានក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ។

សូមបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំជាងគេបំផុតនៅលើពិភពលោក ដោយបច្ចុប្បន្នអង្គការកំពុងផ្តល់ការព្យាបាល ថែទាំ និងសេវាកម្មដល់មនុស្សជាង ១.៤៧លាននាក់ នៅក្នុង៤៥ប្រទេសទូទាំងពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើតជាដើម៕

To Top