កីឡា

លោក ថោង ខុន ចុះពិនិត្យទីតាំង និងសួរសុខទុក្ខអត្តពលិក មុនការប្រកួតកីឡាទូកក្ដោង ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១

ភ្នំពេញ៖ លោកថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកក្ដោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅព្រឹកថ្ងៃទី១២ ខែធ្នូនេះ បានដឹកនាំប្រតិភូ ចុះពិនិត្យទីតាំងប្រកួត និងសួរសុខទុក្ខប្រភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី មុនចាប់ផ្ដើមការប្រកួតផ្លូវការព្រឹត្តិការណ៍ប្រចាំតំបន់នេះ នាថ្ងៃទី១៣ ខែធ្នូស្អែកនេះ នៅឆ្នេរសុខា ខេត្តព្រះសីហនុ។

លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការរៀបចំកីឡាទូកក្ដោង ជើងឯកអាស៊ាននេះ បានឲ្យដឹងថា មកទល់ពេលនេះ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី រួមទាំងអ្នកជំនាញ និងគណៈកម្មការអន្ដរជាតិ បានមកជួបជុំគ្នានៅខេត្ដព្រះសីហនុហើយ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តមបណ្ឌិត ថោង ខុន ជាមួយការទទួលបដិសណ្ឋារកិច្ច ការស្នាក់នៅ ហូបចុក និងការរៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ យ៉ាងល្អប្រសើរទៀតផង។

លោកបានបន្តថា អត្ដពលិក ដែលចូលរួមការប្រកួតកីឡាទូកក្ដោង ជ្រើសរើសជើងឯកអាស៊ីគ្នេយ៍ លើកដំបូងនៅកម្ពុជានេះ គឺមាន ៣ប្រទេស រួមមាន គឺសិង្ហបុរី ម៉ាឡេស៊ី និងម្ចាស់ផ្ទះកម្ពុជា ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុប ២៧នាក់។ ហើយនៅល្ងាចថ្ងៃអាទិត្យដដែលនេះ គណៈកម្មការរៀបចំព្រឹត្តិការណ៍ នឹងរៀបចំពិធីបើកការប្រកួត ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន មុនដំណើរការការប្រកួតជាផ្លូវការ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ៕

To Top