កីឡា

បិទការធ្វើចរាចរណ៍ទាំងស្រុង លើមហាវិថីឈ្នះឈ្នះ ក្នុងពិធីសម្ពោធពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី១៨ធ្នូ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានជូនដំណឹងថា នៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០២១ ចាប់ពីវេលាម៉ោង៥៖០០ព្រឹក គណៈកម្មការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣និងមានរៀបចំ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

ដើម្បីឲ្យកម្មវិធីនេះ ប្រព្រឹត្តទៅដោយរលូន និងរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជាពិសេសដើម្បីកាត់បន្ថយ នូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ងត៍ ម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ រថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កគ្រប់ប្រភេទ ហាមធ្វើចរាចរណ៍ឆ្លងកាត់ កំណាត់មហាវិថីឈ្នះឈ្នះ ពីគល់ស្ពាន ព្នៅ រហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីវេលាម៉ោង៥៖០០នាទី រហូតដល់បញ្ចប់កម្មវិធី ។

ក្នុងនោះចំពោះរថយន្តធុនធំ រថយន្តដឹកទំនិញ និងរថយន្តទេសចរណ៍ ដែលធ្វើចរាចរណ៍ផ្លូវជាតិ៥ ត្រូវឆ្លងទៅផ្លូវជាតិលេ៦ និងពីផ្លូវជាតិលេខ៦ ឆ្លងមកផ្លូវជាតិលេខ៥ ត្រូវពង្វាងចរាចរណ៍ ឆ្លងកាត់តាមស្ពានព្រែកក្ដាមវិញ៕

To Top