កីឡា

សម្ដេចតេជោ ជំរុញឱ្យរួមគ្នាលើកកម្ពស់មុខមាត់កម្ពុជា តាមរយៈព្រឹត្តិការណ៍កីឡា ស៊ីហ្គេម

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈឥទ្ធិពលព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចក្ខុវិស័យតម្រង់ទិស ដើម្បីបើកយុទ្ធនាការជាតិផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដូចជា ៖ ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត មន្ទីរអង្គភាព កងកម្លាំងមានសមត្ថកិច្ចត្រូវចូលរួមផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព នៅព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ តាមគ្រប់រូបភាព និងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗរបស់ខ្លួន ឱ្យផុលផុសនូវគ្រប់ទីកន្លែង។

សម្ដេចតេជោ បន្ដថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូត ស្ថានតំណាង នៅក្រៅប្រទេស និងក្រសួងស្ថាប័ននានា ត្រូវចូលរួមយុទ្ធនាការ ការទូត និងកិច្ចការបរទេសកីឡា ដោយដាក់របៀបវារៈនៃការផ្សព្វផ្សាយ «ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹតិ្តការណ៍ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាលើកដំបូង» ដោយប្រើប្រាស់គ្រប់វេទិកា សវនការ ជំនួបទ្វេភាគី ពហុភាគី ដែលជាឱកាសក្នុងការផ្សព្វផ្សាយដោយផ្ទាល់ ដើម្បីស្វែងរកការឧបត្ថម្ភគាំទ្រជាលក្ខណៈអន្តរជាតិ។

សម្ដេច បញ្ជាក់ថា «ត្រូវរួមគ្នាលើកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈឥទ្ធិពលព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ក្នុងយុទ្ធនាការអប់រំ សង្គម និងផ្សព្វផ្សាយ កីឡារស់ក្នុងសន្តិភាព ប្រជាជនម្នាក់លេងកីឡាមួយមុខ, កម្ពុជាស្អាត កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរចរណ៍ និងកាត់បន្ថយឥទ្ធិពលគ្រឿងញៀន»។

សម្ដេចតេជោ បន្ថែមថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ត្រូវមានស្មារតីទទួលខុសត្រូវចំពោះការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយគោរពតាមគោលការណ៍កីឡាបៃតង និងកីឡាស្អាតស្អុំ ដើម្បីរក្សាសេចក្តីថ្លៃថ្នូ កិត្តិយស ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ជាលើកដំបូង។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យចូលរួមឧបត្ថម្ភគាំទ្រ ដល់មូលនិធិកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដើម្បីរួមចំណែកទ្រទ្រង់ចំណាយរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ៕

To Top