កីឡា

ព្រឹត្តិការណ៍ប្រដាល់ លំដាប់ថ្នាក់ពិភពលោក“ សង្វៀនគុនខ្មែរ ជើងឯកពិភពលោក” ផ្សាយផ្ទាល់ស្ថានីយ៍ ទូរទស្សន៍បាយ័ន ចាប់ផ្តើមនាថ្ងៃទី៦ ខែកក្កដា

ភ្នំពេញ ៖ កំពូលព្រឹត្តិការណ៍ប្រដាល់ “សង្វៀនគុនខ្មែរជើងឯក ពិភពលោក នាំមកជូនដោយ គោជល់” ត្រូវបានប្រកាសជាផ្លូវការហើយនៅថ្ងៃ ៣០ មិថុនា ២០២២ ក្រោមកិច្ចសហការ ជាមួយសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ និងគណៈកម្មការរៀបចំការ ប្រកួតកីឡាSEA GAMES ២០២៣ ក្រោមគោលគំនិត “កីឡារស់ក្នុងសន្តិភាព” ដោយមានការផ្សាយផ្សាយផ្ទាល់ ស្ថានីយ៍ទូរទស្សន៍បាយ័ននាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ។

ក្នុងឳកាសប្រកាសជាផ្លូវការខាងលើកនេះ ដោយមានការចូលរួមពីសំណាក់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការរៀបចំ ការប្រកួតកីឡាSEA GAMES ២០២៣ និងអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ លោក ម៉ិល កាដូ អគ្គនាយករងតំណាងឲ្យលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក មាន សំអុល អ្នកតំណាងរបស់ភេសជ្ជៈប៉ូវកម្លាំង ។

លោក មាន សំអុល អ្នកតំណាងរបស់ភេសជ្ជៈប៉ូវកម្លាំងគោជល់បានឲ្យដឹងថា គោជល់ រីករាយក្រៃលែង បានក្លាយជាផ្នែកមួយនៃកំពូលព្រឹត្តិការណ៍ប្រដាល់ សង្វៀនគុនខ្មែរជើងឯកពិភពលោក នេះ។ យើងយល់ឃើញថា គោជល់ និង World Fight មានទិសដៅស្របគ្នាពោល គឺចង់ផ្សព្វផ្សាយគុនខ្មែរ និងលើកទឹកចិត្តកីឡាករប្រដាល់គុនខ្មែរឲ្យត្រៀមខ្លួនបានល្អសម្រាប់ព្រឹត្តិការណ៍កីឡា SEA GAMES ២០២៣ ខាងមុខនេះ ។
ហើយកាន់តែកក្រើកទៀតនោះគឺ ក្នុងព្រឹត្តិការណ៍លើកទី១ នឹងមានការប្រកួត Super Fight ដ៏ពិសេសរវាងកំពូលកីឡាករថៃ បួខាវ ទល់នឹង វ៉ារ៉ាត ជាកីឡាករជើងខ្លាំងមកពីប្រទេស បេឡារុស រួមជាមួយគូពិសេសៗជាច្រើនទៀតរវាងកំពូលកីឡាករគុនខ្មែរកម្ពុជាដែលទើបឈ្នះមេដាយពីព្រឹត្តិការណ៍ SEA GAMES ជាមួយនឹងកីឡាករជើងខ្លាំងអន្តរជាតិ។

លោក តែម ម៉ឺន បានមានប្រសាសន៍ថា យុទ្ធនាការប្រដាល់កំពូលព្រឹត្តិការណ៍ ប្រដាល់សង្វៀនគុនខ្មែរជើងឯកពិភពលោក ក្នុងគោលបំណងពង្រីក សក្តានុពល និង ធនធានគុនខ្មែរ ព្រមទាំងស្វែងរកជើងខ្លាំង សម្រាប់ វិស័យកីឡាប្រដាល់គុនខ្មែរ ព្រមទំាងផ្សព្វផ្សាយគុនខ្មែរ ក្នុងដំណើរឆ្ពោះ ទៅកាន់ព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតជាផ្លូវការ ។ យើងរីករាយក្នុងការចូលរួម ចំណែកផ្សព្វផ្សាយគុនខ្មែរទូទាំង និងពិភពលោកមូលឲ្យគេបានដឹង ពីវិស័យកីឡាប្រដាល់គុនខ្មែររបស់កម្ពុជា ។

លោក វ៉ាត់ ចំរើន ក៏បានមានប្រសាសន៍ថា វិស័យកីឡាត្រូវការវិស័យឯកជន គាំទ្រ ព្រោះវិស័យកីឡា គឺជាសកម្មភាពសង្គម មិនមែនធ្វើឡើង ដើម្បីប្រយោជន៍មនុស្សម្នាក់ គឺធ្វើដើម្បីប្រយោជន៍រួម សម្រាប់កីឡាករ-កីឡាការិនី អ្វីដែលជាការចូលរួមវិស័យឯកជនជាគន្លឹះសម្ព័ន្ធមិត្តថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនី ។ សកម្មភាពមួយនេះជាការបើក ទំព័រដ៏សំខាន់មួយបង្ហាញ និងផ្ញើសារវិស័យឯកជនធំ សូមចូលរួមគាំទ្រ ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២៣ ៕ដោយ៖លី ភីលីព

To Top