ភ្នំពេញ៖ ជារឿងដ៏ភ្ញាក់ផ្អើលមួយក្នុងសង្គមសិល្បៈ ដោយមុននេះបន្តិច តារាសម្ដែងចាស់វស្សា ព្រុំ រដ្ឋា ត្រូវបានកញ្ញា ជេស៊ីកា បង្ហោះសារឱ្យចូលខ្លួន ដោះស្រាយបំណុល ដែលគិតមកទល់ពេលនេះ មានរយៈពេល ៥ខែហើយ នៅពុំទាន់សង ។
អ្នកនាង ព្រំ រដ្ឋា ដែលចាប់ផ្តើមមានឈ្មោះបោះសំឡេង ទទួលការគាំទ្រខ្លាំង ក្រោយពីបានចូលរួមសម្តែង ជាតួឯកក្នុងបទចម្រៀង ម៉ាក់ថើង នោះ ត្រូវបានទស្សនិកជនជាច្រើន ទទួលស្គាល់ថា ជាតារាសម្ដែងស្រីដ៏ឆ្នើម និងបទពិសោធន៍ជោគជាំ នៅក្នុងអាជីពសិល្បៈរបស់នាង ។ ហើយជានិច្ចជាកាល គេក៏ឃើញនាងសម្ញែង ពីភាពមានបាន ស៊ីវិល័យហាយសូរ ព្រមទាំងសកម្មភាពដើរ លេងក្រៅប្រទេសផងដែរ ដោយពុំនឹកស្មានសោះថា នាងកំពុងជាប់ជំពាក់ បំណុលអ្នកសិល្បៈជំនាន់ក្រោយកញ្ញា ជេស៊ីកា នៅមិនទាន់មានសំណង រហូតដល់ធ្វើឱ្យតារាស្រី វ័យក្មេងនិយមសិចស៊ីរូបនេះ បង្ហោះសារធ្វើឱ្យផ្អើល ដល់ទស្សនិកជន មិត្តសិល្បៈករ សិល្បៈការិនី ជាច្រើននាក់ នាំគ្នាចែករំលែកបន្តដូចជាអ្នកនាង នូវ សុនិតា និងលោក សាវិន ហ្វីលីព ជាដើម ។
នៅក្នុងសាររបស់កញ្ញា ជេស៊ីកា បានឱ្យដឹងយ៉ាងដូច្នេះថា «សុំបង Ratha Prom ចេញខ្លួនមកដោះស្រាយរឿងលុយដែលបានអោយខ្ញុំទៅខ្ចីពីគេចំនួន $$$$ សុំបងចូលខ្លួនមក ដោះស្រាយលុយនេះជាមួយនឹងខ្ញុំផង ពេលបងមកខ្ចីខ្ញុំថាតែ2អាទិត្យទេ តែមកដល់លូវ5ខែហើយ សូមបងកុំធ្វើបាកខ្ញុំអី ខ្ញុំគ្មានលុយចេញសងជំនួសបងទេ» ។
គួរជម្រាបផងដែរថា អ្នកនាង ព្រុំ រដ្ឋា ចាប់ផ្តើមមានឈ្មោះបោះសំឡេង និង ទទួលបានការគាំទ្រខ្លាំង ក្រោយពីបានចូលរួមសម្តែងជាតួឯកក្នុងបទចម្រៀង ម៉ាក់ថើង។ ក្រោយមក អ្នកនាងក៏បានរៀបការ និង បានចេញទៅរស់នៅជាមួយស្វាមីនៅឯសហរដ្ឋអាមេរិក។ ក្រោយពីជីវិតគូមិនសមប្រកបតារាសម្តែងមុខស្រទន់ រូបនេះក៏ត្រឡប់មកទឹកដីកំណើតវិញជាមួយកូនស្រីមួយរូប។ ក្រៅពីអាជីពជាតារាសម្ដែង គេក៏ដឹងផងដែរថា ព្រុំ រដ្ឋា ក៏មានសមត្ថភាពដឹកនាំសម្ដែងបានផងដែរ ៕
ដោយ៖ ម៉ានី