កីឡា

ក្រុមអត្តពលិក របស់អង្គភាព កីឡានគរបាលជាតិកម្ពុជា ឈ្នះមេដាយ ៣៣គ្រឿង ការប្រកួត World Police & Fire Games 2022 នៅហូឡង់

ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនី របស់អង្គភាព កីឡានគរបាលជាតិកម្ពុជា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ បានមកដល់ប្រទេសកម្ពុជាវិញ ហើយដោយនាំយកដណ្ដើម បានមេដាយ ចំនួន៣៣ គ្រឿងជូនជាតិមាតុភូមិ និងអង្គភាព នៃព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី១៩ ឆ្នាំ២០២២ “The 19th World Police and Fire Games 2022” នៅទីក្រុង Rotterdam ប្រទេសហូឡង់ ។

សមិទ្ធិផលដែលទទួល បានលើកនេះអង្គភាពកីឡា នគរបាលជាតិកម្ពុជា ចម្រាញ់ជ្រើសរើសកីឡាករ- កីឡាការិនី ដែលមានសមត្ថភាពខ្ពស់ និងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ហ្វឹកហាត់អស់ពីកម្លាំងកាយចិត្តយ៉ាងខ្ជាប់ខ្ជួន តាំងពី០៦ ខែមុនមកម្ល៉េះ ដើម្បីត្រៀម ទៅចូលរួមព្រឹត្តិការណ៍ កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី១៩ ឆ្នាំ២០២២ The 19th World Police and Fire Games 2022 នៅទីក្រុង Rotterdam ប្រទេសហូឡង់ ។

ការប្រកួតខាងលើក នេះ អង្គភាពបានបញ្ជូនប្រភេទកីឡា ៦ រួមមាន ៖ តេក្វាន់ដូ WT វាយសី វាយកូនឃ្លីលើតុ ចំបាប់ យូដូ និងការ៉ាតេ ហើយព្រឹត្តិ ការណ៍នេះ ធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់៣១ ខែកក្កដា ឆ្នាំ២០២២ ដោយដណ្តើមបានមេដាយចំនួន៣៣គ្រឿង ក្នុងនោះមេដាយមាសចំនួន១៥ គ្រឿង មេដាយប្រាក់ចំនួន៨ គ្រឿង និងមេដាយសំរិទ្ធចំនួន១០គ្រឿង ៕

To Top