កីឡា

ការប្រកួតកីឡា ប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចាប់ផ្តើមថ្ងៃទី១៨ កញ្ញានៅសង្វៀនTV5

ភ្នំពេញ ៖ ស្ថានីយ៍ទូរទស្សន៍ កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥ បានប្រកាសជាផ្លូវការ នៃព្រឹត្តិការណ៍ បើកការប្រកួតកីឡា ប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ ប្រភេទទម្ងន់ ៦០គីឡូកាម ដើម្បីកីឡាករគុនខ្មែរ ឆ្នើមក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជា ធ្វើម្ចាស់ការប្រកួត ។

ឳកាសសន្និសីទ សារព័ត៌មាន ការប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅស្ថានីយ៍ទូរទស្សន៍ កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥ ដោយមានការអញ្ជើញ ចូលរួមពិធីពីសំណាក់ លោកនាយកឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ខៀវ ឆេន នាយកខុទ្ទកាល័យ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាគុនខ្មែរ ។

លោកឧត្តមសេនីយ៍ ឯក តែម ម៉ឺនបានមានប្រសាសន៍ថា ការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិប្រភេទទម្ងន់ ៦០គីឡូកាម មានកីឡាករ ៨នាក់ សុទ្ធសឹងជាកីឡាករឆ្នើមមានបទពិសោធន៍ ពេញខ្លួន កាន់តែធ្វើឲ្យព្រឹត្តិការណ៍ កក្រើតលើសង្វៀនគុនខ្មែរ។ ការប្រកួតជាផ្លូវការនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៨ ខែកញ្ញា រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅស្ថានីយ៍ទូរទស្សន៍ កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ស្ថិតនៅផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ និងប្រកួតផ្តាច់ព្រ័ត្រ នៅភូមិឋានសំណាងស្ថិតនៅភូមិឃុំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

លោកនាយកឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នាពេលនេះ ពិតជាបានចូលរួមចំណែកជាមួយ នឹងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាចូលរួមចំណែកផ្សព្វផ្សាយ នូវសមិទ្ធិផលរីកចម្រើនលើគ្រប់វិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកដោយគតិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមទំាងរួមចំណែកលើកស្ទួយវិស័យសិល្បៈ វប្បធម៌ កីឡា នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ។

លោកនាយកឧត្តមសេនីយ៍បានបន្តថា នឹងចូលរួមបង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រស្រប តាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនមន្ត្រី ក្រុមការងារ កីឡាករ និងកីឡាការិនីរបស់យើង ជាមួយផែនការអភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈក្បាច់គុនបុរាណខ្មែរ ដែលជាសម្បត្តិវប្បធម៌ជាតិ ព្រមទាំង ពង្រឹង សមត្ថភាពដល់មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ-កីឡាការិនីត្រៀមលក្ខណៈសម្បត្តិ ឲ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមការ ប្រកួតជា លក្ខណៈជាតិ អន្តរជាតិជាពិសេសការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជា យើងធ្វើជាម្ចាស់ផ្ទះ ។

លោករដ្ឋលេខាធិការ បានបន្ថែមថា លោបានអំពាវអំនាវដល់មន្ត្រីបច្ចេកទេស ជាពិសេសអាជ្ញាកណ្តាល និង ចៅក្រម ប្រដាល់គុនខ្មែរ ត្រូវកាត់ក្តី ឲ្យបានត្រឹមត្រូវ ចាប់ផ្តើមពីដើមរហូតដល់ចប់ ព្រោះនេះជាការប្រកួតកីឡា ប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយសារកន្លងមកធ្លាប់មានរឿង ជាច្រើនលើកកាត់ក្តីនេះ ៕ ដោយ៖លី ភីលីព

To Top