កីឡា

ការប្រកួតបាល់ទះ Anchor Slamball ដំបូងបំផុត នៅកម្ពុជា នឹងចាប់ផ្ដើម នៅថ្ងៃទី៥ខែវិច្ឆិកាខាងមុខនេះ

ភ្នំពេញ ៖ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា តំណាង លោកសន្តិបណ្ឌិត នេត សាវឿន ជាអគ្គស្នងការ នគរបាលជាតិ និងប្រធានសហព័ន្ធ កីឡាបាល់ទះកម្ពុជា លោក ជី សិលា ប្រធានក្រុមហ៊ុន Sabay និងលោក Loic De Laubriere ប្រធានទីផ្សារ របស់ក្រុមហ៊ុន ហ៊ិននីគែន បានអញ្ជើញចូលរួមពិធីសន្និសីទ សារព័ត៌មាន ព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទះ Anchor Slamball (៤ទល់នឹង៤) រៀបចំឡើង ដោយក្រុមហ៊ុន Sabay និងស្រាបៀ Anchor នឹងចាប់ផ្ដើមដំណើរ ការប្រកួតនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ តទៅហើយ ។

វិស័យបាល់ទះ នៅកម្ពុជា កំពុងតែរីកចម្រើនខ្លាំង ក្រុមហ៊ុន Sabay និង Anchor ក៏បានផ្ដួចផ្ដើមគំនិតបង្កើត ការប្រកួតបាល់ទះ សម្រាប់កីឡាករ ទាំងអស់ ក្នុងការបញ្ចេញសមត្ថភាព ។ Anchor Slamball ជាការប្រកួតបាល់ទះ ប៉ុន្តែវានឹងក្លាយជាព្រឹត្តិការណ៍ ដែលនឹងទាក់ទាញអ្នកគាំទ្រ និងកីឡាករជាច្រើន ក៏ព្រោះតែកីឡាបាល់ទះនេះ មានប្រជាប្រិយភាពណាស់ នៅតាមបណ្ដាខេត្តនានា ជាពិសេសតំបន់ដាច់ស្រយាលតែម្ដង ។

ការរៀបចំពានរង្វាន់ខាងលើនេះដែរ នឹងមានធ្វើតារាងបាល់ទះស្ដង់ដារ តាមបណ្ដាខេត្ត ក្រុងរហូតដល់៨ផងដែរ ដើម្បីរៀបចំការប្រកួត ។ ដោយក្នុងមួយខេត្ត ក្រុមការងារនឹង ធ្វើតារាង បាល់ទះស្ដង់ដារមួយ ហើយវានឹងក្លាយជាកន្លែងបណ្ដុះបណ្ដាល កីឡាករដ៏ឆ្នើមជាច្រើនមិនខាន ដោយពួកគេអាចលេង នៅលើទីលានប្រកប ទៅដោយស្ដង់ដារត្រឹមត្រូវ ។

លោក ជី សិលា ប្រធានក្រុមហ៊ុន Sabay បាននិយាយថាការប្រកួតបាល់ទះ ក្រៅផ្លូវការមួយនេះ នឹងទាក់ទាញប្រជាប្រិយភាពជាច្រើន។ មួយវិញទៀត លោករៀបចំវាឡើង ដើម្បីឱ្យកីឡាករមិនអាជីព ពាក់កណ្ដាលអាជីព ឬអាជីពក្ដី បានបង្ហាញសមត្ថភាព ក្នុងការប្រកួត ហើយមានតារាងស្ដង់ដារ ត្រូវតាមខ្នាតអន្ដរជាតិ ។ ការប្រកួតនេះទៀតសោត ក៏អាចនឹងជួយឱ្យកម្ពុជា អាចរកបានកីឡាករឆ្នើមៗ នៅថ្ងៃអនាគតផងដែរ។
ដោយឡែកសម្រាប់ក្រុមហ៊ុន Anchor ដែលជាដៃគូសហការរៀបចំ ជាមួយ Sabay វិញ ក៏បានបញ្ជាក់ដែរថាគោលដៅធំ ដែលក្រុមហ៊ុនរៀបចំពានរង្វាន់ និងធ្វើតារាងស្ដង់ដារដល់ទៅ៨នេះ គឺដើម្បីជាការ ចូលរួមអភិវឌ្ឍ និងលើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជា ។ ការប្រកួតបាល់ទះ គឺជាការប្រកួតដ៏ពេញ និយមបំផុតដែលប្រជាជនកម្ពុជា ចូលចិត្តលេង ណាស់ ។ ដូច្នេះហើយ ពានរង្វាន់នេះ នឹងប្រមូលផ្ដុំកីឡាករ ឱ្យបានជួបជុំគ្នា ប្រកួតតាមលក្ខខណ្ឌស្ដង់ដារ អន្ដរជាតិផងដែរ។ មួយវិញទៀត ក្រុមហ៊ុនក៏មានគោលបំណង ចូលរួមចំណែកជំរុញយុវជនកម្ពុជា ឱ្យចូលរួមក្នុងវិស័យកីឡា ចៀសឆ្ងាយពីគ្រឿងញៀន និងអភិវឌ្ឍសមត្ថភាពកីឡាករ ក្នុងគោលដៅឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ។

លោក Loic De Laubriere ប្រធានទីផ្សាររបស់ក្រុមហ៊ុន ហ៊ិននីគែន ក៏បានបង្ហាញចំណាប់អារម្មណ៍ ទៅលើពានរង្វាន់ខាងលើនេះថា៖ «Anchor តែងតែគាំទ្រជានិច្ច ចំពោះការប្រកួតបាល់ទះនៅលើទីលានធម្មតា» ។ ខណៈដែលការតំឡើងតារាងប្រកួត ស្ដង់ដារខាងមុខនេះ នឹងកាន់តែធ្វើឱ្យការ ប្រកួតរបស់កីឡាករម្នាក់ៗ កាន់តែល្អ ព្រោះមានកន្លែងហ្វឹកហាត់ ហើយអាចបង្ហាញ សមត្ថភាពរបស់ពួកគេ ។ Anchor នឹងនាំមកជាមួយ នូវការរៀបចំ កម្មវិធីសប្បាយៗរួមមាន ការប្រគំតន្ត្រីខ្នាតតូចនៅចុងបញ្ចប់ នៃកម្មវិធីប្រកួត។ យើងសង្ឃឹមយ៉ាងខ្លាំងថា Anchor ជាស្លាកសញ្ញាល្អបំផុត ហើយសក្ដិសម ជាមួយការប្រកួតបាល់ទះ ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ មានប្រសាសន៍ថា នេះជាការប្រកួតពិសេស សម្រាប់សហព័ន្ធសម្រាប់កីឡាបាល់ទះ Anchor Slamball (៤ទល់នឹង៤) ដែលក្រុមហ៊ុនស្រាបៀរ Anchor ដើម្បីស្វែងរកកីឡាករឆ្នើមតាមបណ្តាខេត្ត ។

សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់ទះ Anchor Slamball នេះ នឹងមានក្រុមចូលរួមទាំងអស់៨ក្រុម ក្នុងនោះ៧ក្រុម នៅតាមបណ្ដាខេត្ត និង១ក្រុមក្នុងរាជធានីភ្នំពេញ។ ដោយក្រុមទាំង៨នេះមានឈ្មោះ ភ្នំពេញត្រីឆ្លាំង គោព្រៃកណ្ដាល ខ្លាពពកបាត់ដំបង ដំរីសៀមរាប ពង្រួលកំពង់ស្ពឺ ត្រីឆ្លាមកំពត នាគព្រៃវែង និងមាន់ជល់កំពង់ចាម ។ ការប្រកួតនឹងចាប់ផ្ដើមពីខែវិច្ឆិកា ឆ្នាំ២០២២នេះតទៅ រហូតដល់ខែមករា ឆ្នាំ២០២៣ ទើបរកឃើញជើងឯក អមជាមួយប្រាក់រង្វាន់ សន្ធឹកសន្ធាប់៕

To Top