កីឡា

អ្នកប្រដាល់ជើងខ្លាំង៤ប៉ះគ្នា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ ការប្រកួតកីឡាប្រដាល់គុនខ្មែរខ្សែក្រវ៉ាត់ ពានរង្វាន់សម្ដេចពិជ័យសេនា នៅសង្វៀនTV5 នាថ្ងៃអាទិត្យនេះ

ភ្នំពេញ៖ព្រឹត្តិការណ៍ បើកការប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិប្រភេទទម្ងន់ ៦០គីឡូកាមដំណើរឆ្ពោះទៅព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ ឈានជើងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅសង្វៀន TV5 ព្រែកកំពឹស។

សម្រាប់វគ្គនេះ អ្នកប្រដាល់ វ៉ាន់ វឿន ក្លិបឃ្លាំងមឿនកីឡា នៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប៉ះអ្នកប្រដាល់ជើងខ្លាំង ឃុន បូរ៉ា ក្លិបរស្មីភូមគាបខេត្តបន្ទាយមានជ័យ ខណៈអ្នកប្រដាល់ ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង សមាគមកីឡាប្រដាល់ ក្រសួងការពារជាតិ ប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងសូត្រ វាសនា ក្លិបបក្សីស្លាបដែកនៃសមាគម កីឡាប្រដាល់ក្រសួងការពារជាតិ។

អ្នកប្រដាល់ វ៉ាន់ វឿន និងឃុន បូរ៉ា សុទ្ធសឹងជាអ្នកប្រដាល់គុនខ្មែរឈានមុនគេ ក្នុងពិភពប្រដាល់គុនខ្មែរ ហើយអ្នកទំាង២នាក់ ក៏ជាកីឡាករជម្រើសជាតិគុនខ្មែរ ដូច្នេះពួកគេមានសមត្ថភាព ប្រហាក់ប្រហែលគ្នា។ វ៉ាន់ វឿនជាអ្នកប្រដាល់ដែលខ្សោយជើងក្រោម រីឯជង្គង់ និងកែងរបស់គេអស្ចារ្យណាស់។សម្រាប់បូរ៉ាវិញ ទោះបីមុខរបស់គេមិនសូវរឹងមែនតែផ្លែជង្គង់ កែង កណ្ដាប់ដៃ និងស្នៀតទាត់គឺមិនស្រួលទប់ទល់នោះឡើយ ។

ចំណែកអ្នកប្រដាល់ ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងសូត្រ វាសនា ក្លិបបក្សីស្លាបដែក នៃសមាគមកីឡាប្រដាល់ ក្រសួងការពារជាតិ។ ឈុត សេរីវ៉ាន់ថងកម្ពស់របស់គេ ស្ទើរជាងវាសនាបន្តិចតែទាំងការវាយលុក និងការពាររបស់គេល្អពិសេស គេមានភាពអំណត់ខ្ពស់ទៀតផង។ វាសនាជង្គង់រហ័សមែន តែពោះរបស់គេជ្រាយ ប្រសិនបើត្រូវមួយជង្គង់ ឬកែងនោះ គេបាត់បង់លទ្ធភាពប្រកួតតែម្ដង ។តែសម្រាប់វគ្គនេះពួកគេ សុទ្ធតែត្រូវការឈ្នះដូចគ្នា ។

ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាពេលនេះពិតជាបានចូលរួមចំណែក ជាមួយនឹងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាចូលរួមចំណែកផ្សព្វផ្សាយ នូវសមិទ្ធិផលរីកចម្រើនលើគ្រប់វិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកដោយគតិបណ្ឌិត របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមទំាងរួមចំណែកលើកស្ទួយ វិស័យសិល្បៈ វប្បធម៌ កីឡា នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងទៀត របស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ៖លី ភីលីព

To Top