កីឡា

លោក ស សុខា ៖ ការប្រកួតលើកនេះ ដើម្បីដកស្រង់បទពិសោធន៍ នៃការត្រៀមខ្លួន ធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES 2023

ភ្នំពេញ ៖ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ស សុខា រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំនាយបេសកកម្ម និងន្និសីទសារព័ត៌មានស្តីពី ការរៀបចំប្រកួតកីឡាជាតិ លើកទី៣ និង កីឡាប៉ារ៉ាហ្គេម លើកទី១ ឆ្នាំ២០២២នៅ សាលប្រជុំ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងមានការចូលរួមពីអ្នកតំណាង ២៥ខេត្ត ក្រសួង៣ ព្រមទំាងសហព័ន្ធ កីឡាជាតិទំាង៣៨ ។

លោក ស សុខា បានមានប្រសាសន៍ថា ការប្រកួតកីឡាជាតិ លើកទី៣នេះ គឺជាព្រឹត្តិការណ៍ដ៏ធំ ដើម្បីឲ្យយើងដកស្រង់ បទពិសោធន៍ ក្នុងការត្រៀមខ្លួន ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ។ យើងត្រូវរៀបចំឲ្យល្អប្រសើរ និងម៉ត់ចត់ ក្នុងឳកាសពិធីបើកការ ប្រកួតនឹងប្រព្រឹត្តទៅ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ និងបិទនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

លោកបានបន្តថា កីឡាករ-កីឡាការិនី ត្រូវចូលរួមប្រកួតទាំងអស់គ្នា កុំគិតថា ទាន់តែឈ្នះមេដាយទើបប្រកួត ពីព្រោះការ ប្រកួតលើកនេះ ជាការធ្វើតេស្តិ៍ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ ឈរនៅកម្រិត និងបច្ចេកទេសកម្រិតណា មុនព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដោយសារក្រុមកីឡាករ -កីឡាការិនីជម្រើសជាតិ ទៅហ្វឹកហាត់រយៈពេល ១៨០ថ្ងៃនៅប្រទេសចិន ។

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា រួមជាមួយសហព័ន្ធកីឡាជាតិ ចំនួន៣៨ រៀបចំការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ មាន៣៨ប្រភេទកីឡា និងប្រភេទកីឡាប៉ារ៉ាឡាំពិក ចំនួន៧ ដែលមានវិញ្ញាសា៤០៥ នៅរាជធានីភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានគ្រប់គ្រង និងរៀបចំព្រឹតិ្តការណ៍ថា ប្រកួតកីឡាជាតិ លើកទី៣ និងកីឡាប៉ារ៉ាហ្គេម លើកទី១ ឆ្នាំនេះមាន៣៨ ប្រភេទកីឡា លើវិញ្ញាសា៣៥៦វិញ្ញាសា ដោយមានការចូលរួមរាជធានី ខេត្តទំាង២៥ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមាន សរុបចំនួន៤៣៣៨នាក់ ក្នុងនោះប្រតិភូ អ្នកដឹកនាំ និងគ្រូបង្វឹកចំនួន ១០១៦នាក់ កីឡាករ ២១១៨នាក់ និងកីឡាការិនី១២០៣នាក់ ចំណែកកីឡាប៉ារ៉ាហ្គេមមានចំនួន ២២២នាក់ ៧ប្រភេទកីឡា លើវិញ្ញាសា៤៩ វិញ្ញាសា ប្រតិភូ អ្នកដឹកនាំ និងគ្រូបង្វឹក ចំនួន៣៩នាក់ កីឡាករ ១៣១នាក់ និងកីឡាការិនី៥៥នាក់ ៕

To Top