កីឡា

អ្នកប្រដាល់ជើងខ្លាំង ៣រូបប៉ះជើងខ្លាំងថៃ និងឡាវលើសង្វៀន TV5 ព្រែកកំពឹស ការប្រកួត កីឡាប្រដាល់គុនខ្មែរខ្សែក្រវ៉ាត់ ពានរង្វាន់សម្ដេចពិជ័យសេនានៅសង្វៀនTV5 នាថ្ងៃអាទិត្យនេះ

ភ្នំពេញ៖អ្នកប្រដាល់ជើងខ្លាំង ៣រូបប៉ះជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ និងឡាវលើសង្វៀន TV5 ព្រែកកំពឹសនៃព្រឹត្តិការណ៍ បើកការប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិប្រភេទទម្ងន់ ៦០គីឡូកាម បន្ទាប់ពីយកឈ្នះលើគូប្រកួតមុនទឹកទី៥ដូចគ្នា នាយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។

អ្នកប្រដាល់កម្ពុជា ឡៅ សៃណេត ក្លិបបញ្ជាការដ្ឋានទ័ពពិសេសស្វាគមន៍អ្នកប្រដាល់ឡាវ Fang Khung Lek ប្រភេទទម្ងន់៥១គីឡូក្រាម ។ សៃណេតជាអ្នកប្រដាល់ជើងថ្មីទេ តែគេបានសាងកេរ្តិ៍ឈ្មោះបានយ៉ាងឆាប់រហ័ស ដោយសារស្នៀតកែង និងជង្គង់របស់គេ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន២៩ដងឈ្នះ២០ដងចាញ់៦ដង និងស្មើពិន្ទុ៣ដង ។ ចំពោះអ្នកប្រដាល់ឡាវ Fang Khung Lek វិញគេមានប្រវត្តិប្រកួតចំនួន២០ដងឈ្នះ១៥ដង និងចាញ់៥ដង ហើយ នេះជាលើកដំបូងហើយដែល អ្នកប្រដាល់ឡាវរូបនេះឆ្លងដែនមកប្រកួតនៅស្រុកខ្មែរគេមិនដឹងថា Fang Khung Lek មានសមត្ថភាពប៉ុណ្ណានោះឡើយ ។

ចំពោះអ្នកប្រដាល់កម្ពុជា ប៊ន ពន្លឹក ក្លិបនាគរាជចតុមុខប្រកួតជាមួយអ្នកប្រដាល់ថៃ Phet Nakhorn ប្រភេទទម្ងន់៥១គីឡូក្រាម ។ អ្នកប្រដាល់ ពន្លឹក មានប្រវត្តិប្រកួតចំនួន៨៥ដងឈ្នះ៦២ដង ចាញ់១៩ដងនិងស្មើពិន្ទុ៤ដង រីឯ Phet Nakhorn វិញគេមានប្រវត្តិប្រកួតចំនួន៤២ដង ឈ្នះ៣១ដងចាញ់១០ដងនិងស្មើពិន្ទុ១ដង។ សម្រាប់ជំនួបនេះមិនដឹងថានរណាជាអ្នកមានសមត្ថភាព ដណ្ដើមជ័យជំនះនោះឡើយ ។

ដោយឡែក អ្នកប្រដាល់ ខាំ ខ្លានាង ក្លិបមហិទិរិទ្ធមេសថ្ងកខេត្តស្វាយរៀងប៉ះជាមួយអ្នកប្រដាល់ឡាវChav Fang Khung ប្រភេទទម្ងន់៥៤គីឡូក្រាម ។ អ្នកប្រដាល់ ខ្លានាង ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបរបស់កម្ពុជា គេមានប្រវត្តិប្រកួតចំនួន១៣៥ដង ឈ្នះចំនួន៩៩ដងចាញ់២៥ដងនិងស្មើពិន្ទុ១១ដង ហើយអ្នកប្រដាល់ Chav Fang Khung វិញ មានប្រវត្តិប្រកួតចំនួន៣៥ដងឈ្នះ២៥ដង ចាញ់៩ដងនិងស្មើពិន្ទុ១ដង ។សម្រាប់ជំនួបនេះទោះបីអ្នកប្រ ដាល់ឡាវ Chav Fang Khung គេមិនអាចមើលស្រាលបានក៏ពិតមែន តែទំនងជាមិនអាចទៅរួចជាមួយខ្លានាងនោះឡើយ ។

ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាពេលនេះ ពិតជាបានចូលរួមចំណែកជាមួយនឹងការអភិវឌ្ឍ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាចូលរួមចំណែកផ្សព្វផ្សាយ នូវសមិទ្ធិផលរីកចម្រើន លើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោម ការដឹកនាំប្រកដោយគតិបណ្ឌិត របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមទំាងរួមចំណែកលើកស្ទួយវិស័យសិល្បៈ វប្បធម៌ កីឡា នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា៕  ដោយ៖លី ភីលីព

To Top