កីឡា

កីឡាករ ហៀម តារារ៉ូ ទទួលមេដាយមាស និងប្រាក់ លើការប្រកួតការ៉ាតេ ជ្រើសរើសជើងឯក​​ ថ្នាក់ជាតិឆ្នាំ២០២២

ភ្នំពេញ ៖ ឈានចូលវ័យ១៧ឆ្នាំ ហៀម តារារ៉ូ មកពីក្លឹបហនុមាន ដែលជាកីឡាករ ផ្នែកការ៉ាតេ បានតស៊ូយ៉ាងស្វិតស្វាញ ចូលហាត់រៀន តាំងពីកុមារភាព ក្នុងវ័យទើបតែ៧ឆ្នាំ បានទទួលជោគជ័យ ជាបន្តបន្ទាប់ក្នុងវិស័យកីឡា ដែលរូបគេបានស្រឡាញ់បំផុតនោះ គឺទទួលបានមេដាយ២គ្រឿង មាសមួយ និងប្រាក់មួយ នៅក្នុងការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ។

ការទទួលមេដាយ ក្នុងការប្រកួតប្រចាំឆ្នាំនេះ មិនមែនជាលើកដំបូង របស់តារារ៉ូឡើយ គឺយុវជនចូលចិត្តស្រឡាញ់ កីឡាប៉ែកអឺរ៉ុបនេះ បានទទួលមេដាយទាំងមាស សំរឹទ្ធ ប្រាក់ ជាបន្តបន្ទាប់តាំងពីរូបគេ បានឈានជើងជាន់ លើវិស័យកីឡានេះ ។

សម្រាប់ការប្រកួតការ៉ាតេ ជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ២០២២ ធ្វើឡើង២ថ្ងៃ (៣-៥ កុម្ភៈ) ក្នុងទីលានសាលដំបូលទូក នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ តារារ៉ូ បានប្រកួត២វគ្គ ជាមួយដៃគូមកពីក្លឹបផ្សេង ដោយវគ្គដំបូង តារារ៉ូបានទទួលលេខ២ និងវគ្គបន្ទាប់បានលេខ១ ។ តារារ៉ូ ប្រាប់ទៀតថា ចំពោះការទទួលបានមេដាយមាស (លេខ១) ស្ថិតក្នុងវិញ្ញាសារប្រយុទ្ធ (គុបតេ) ។ ចំណែក មេដាយប្រាក់ (លេខ២) ក្នុងវិញ្ញាសារកាតា ប្រកួតជាក្រុម ។

សម្រាប់ជ័យជំនះ ប្រចាំឆ្នាំរបស់តារារ៉ូនេះ បានធ្វើឲ្យរូបគេពេញចិត្តជាខ្លាំង ចំពោះលទ្ធផលទទួលបានក្រោយ បានខិតខំប្រឹងប្រែងហាត់ ។ នេះបើតាម ហៀម តារារ៉ូ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៧ កុម្ភៈ បន្ទាប់ពីប្រកួតចប់នាល្ងាចថ្ងៃ៥ កុម្ភៈ ។

យុវជនចូលចិត្តវិស័យកីឡារូបនេះ បានឲ្យដឹងទៀតថា ខ្លួនបានព្យាយាមតស៊ូទៅហ្វឹកហាត់នៅក្លឹបហនុមាន ជារៀងរាល់ថ្ងៃមិនដែលខានឡើយ បើទោះបីជារវល់យ៉ាង ណាក៏ឆ្លៀតពេលទៅហាត់ដែរ ។ រ៉ូ បន្តថា អ្វីដែលជាព្យាយាមររបស់គេគឺមិនធ្វើឲ្យរូបគេ ឪពុក-ម្តាយ និងសាច់ញាតិខកបំណងឡើយ ព្រោះបានលទ្ធផលល្អជាបន្តបន្ទាប់ ទោះពេលខ្លះមិនបានជាប់លេខ និងមេដាយក៏ដោយ ។

យុវជនដែលមាននិស្ស័យ លើផ្នែកកីឡានេះ បានរំលឹកពីប្រវត្តិ នៃការតស៊ូប្រកួតថា ខ្លួនបានប្រកួតជាច្រើនលើកមកហើយ ដោយទទួលបានមេដាយ សរុបទាំងអស់១៣គ្រឿ គឺមេដាយមាស៣គ្រឿង , សំរឹទ្ធ៥គ្រឿង និងប្រាក់៥គ្រឿង។ រូបគេក៏បានធ្លាប់ទៅប្រកួតនៅថៃផងដែរ តែអត់ទទួលបានជ័យជំនះ។

សូមបញ្ជាក់ថា ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២២ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមចំនួន២៤៨នាក់ មកពី២១ក្លិប ។ ចំពោះលទ្ធផលបច្ចេកទេស នៃការប្រកួតប្រចាំឆ្នាំនេះវិញ បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ គឺក្លិបក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើន ជាងគេសរុប១៩គ្រឿង មានមេដាយមាស ១០, ប្រាក់៥ និងសំរឹទ្ធ៤ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ឈ្នះមេដាយសរុប១៣គ្រឿង មានមេដាយមាស៦, ប្រាក់១ និងសំរឹទ្ធ៦។ ក្លិបហនុមាន ឈរលេខ៣ ឈ្នះមេដាយសរុប២២គ្រឿង មានមេដាយមាស៥, ប្រាក់៩ និងសំរឹទ្ធ៨ និងក្លិបក្រសួងមហាផ្ទៃ ឈរលេខ៤ ឈ្នះមេដាយសរុប១៤គ្រឿង មានមេដាយមាស៤, ប្រាក់៤ និងសំរឹទ្ធ៦គ្រឿង ។

សម្រាប់ លោក សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានជំរុញដល់កីឡាករ-កីឡាការិនី និងថ្នាលទាំងអស់ ត្រូវបន្ដខិតខំហ្វឹកហាត់ និងស្វែងយល់បច្ចេកទេសបន្ថែម ដើម្បីលើកកម្ពស់សមត្ថភាព ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ពិសេសត្រៀម ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា នាពេលខាងមុខ ៕

To Top