ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរ មានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ អ្នកប្រដាល់គុនខ្មែរ ជើងខ្លាំងកម្ពុជា ៣ រូបបានផ្តួលអ្នកប្រដាល់ថៃ ឲ្យសន្លប់ការប្រកួតមុនទឹកទី៥ បន្ទាប់ពីពួកគេប្រើស្នៀត ពិសេសដើម្បីផ្តួលគូប្រកួតរៀងៗខ្លួន ។

ការប្រកួតមិត្តភាព រវាងអ្នកប្រដាល់កម្ពុជា និងអ្នកប្រដាល់ថៃជើងខ្លាំង Banda Sak កាល ៤ ឆ្នាំមុនធ្លាប់បង្កើតព្យុះភ្លៀងលើសង្វៀននៅស្រុកខ្មែរនោះ ត្រូវបានអ្នក ប្រដាល់ស្រករក្រោយរបស់កម្ពុជា ធន អៀងឡេង ក្លិបកងយោធពលខេមរភូមិន្ទបង្ខំឲ្យលើកទង់ជ័យ ស ចុះចាញ់មុនស្នូរជួងបញ្ចប់ទឹកទី៤ ។

បន្ទាប់ពីបរាជ័យ Banda Sak បានត្រឹមតែនិយាយថា ពិតជារលកក្រោយច្រាន រលកមុនមែន ហើយគេនិយាយទៀតថា ទោះបីតាក់ទិក នៃការប្រកួតប្រហាក់ប្រហែលគ្នា មែនតែកម្លាំង ប៉ុន្តែអ្នកប្រដាល់រូបនេះពិតជាចាញ់ប្រៀបធន អៀងឡេងដាច់តែម្ដង ។

ចំពោះអ្នកប្រដាល់កម្ពុជា ខាំ កូនខ្លា ក្លិបមហិទ្ធិរិទ្ធមេសថ្ងកខេត្តស្វាយរៀងប្រើពេលតែ៣ទឹកប៉ុណ្ណោះផ្ដួលអ្នកប្រដាល់ថៃ Yorth Phat ឲ្យសន្លប់ក្រោកលែងរួច ទោះបីខាំ កូនខ្លា មានប្រវត្តិប្រកួតច្រើនជាងយ៉ត ផេតក៏ពិតមែនតែគេស្គាល់សង្វៀនប្រដាល់ក្រោយអ្នកប្រដាល់ថៃរូបនេះទេ។
អ្នកប្រដាល់កម្ពុជា ខាំ កូនខ្លា ជាអ្នកប្រដាល់ចិត្ត និងវ៉ៃហ៊ានប្ដូរ ទោះបីជាគេដឹងថា ទោះមួយចានទឹកមួយចានគោកក៏គេប្រថុយដែរ។ ជំនួបជាមួយ Yorth Phat នាយប់ម៉ិញនេះខាំ កូនខ្លាបានប្រើស្នៀតទាត់ផ្កាប់ចាន បញ្ចប់ Yorth Phat នៅត្រឹមទឹកទី៣តែប៉ុណ្ណោះ។

ចំណែលអ្នក លេងជង្គង់ និងកែង អ្នកប្រដាល់កម្ពុជា ប៊ុន សុធា ក្លិបកងយោធពលខេមរភូមិន្ទ បានយកឈ្នះអ្នកប្រដាល់ថៃ Phat Phanthea ដោយអាជ្ញា កណ្ដាលបញ្ឈប់មុនស្នូរ ជួងបញចប់ទឹកទី៤។ ស្ថានភាពនៃការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះ សុធាមានប្រៀបតាំងពីចុងទឹកទី១មកម្ល៉េះ។
ទោះបីដើមទឹកការប្រកួតហាក់ ដូចជាស្ថិតក្នុងស្ថានភាពស្ទាបស្ទង់ ក៏ពិតមែនតែនៅចុងទឹកទី១ សុធា ចាប់ផ្ដើមមានប្រៀបតែម្ដង។ ទឹកទី២ទឹកទី៣និងទឹកទី៤ផេត ផាន់ថេបានត្រឹមតែដកថយ និងការពារតែប៉ុណ្ណោះការវាយបកធ្វើឡើងក្នុងស្ថានភាពប្រថុយប្រថាន។ ដោយសារសមត្ថភាព នៃការប្រកួតគ្មានបែបនេះ ទើបលើកអាជ្ញាកណ្ដាលបញ្ឈប់នៅក្នុងទឹកទី៤តែម្ដង។

ការប្រកួតក្នុងតំណែងគូពិសេសរវាងអ្នកប្រដាល់រួមជាតិវិញនោះអ្នកប្រដាល់កម្ពុជា នូវ សុខទី ក្លិបតាឡីដំរី មានរិទ្ធផ្ដួលអ្នកប្រដាល់កម្ពុជា អេលីត ផានិត ឲ្យសន្លប់នៅទឹកទី២ និងអ្នកប្រដាល់កម្ពុជា សំរិទ្ធ សុភាព ក្លិបហ្គាឡាក់ស៊ីណា វ៉ាត្រា ចាញ់អ្នកប្រដាល់កម្ពុជា រិទ្ធី សុវណ្ណឃីមក្លិបSuper Fightដោយពិន្ទុ៕

