នៅពេលទ្រនិចនាឡិកាវិល ដល់ម៉ោង៦ល្ងាច នាថ្ងៃទី១៧ខែកុម្ភៈ ពលរដ្ឋខ្មែរស្ទើរពេញប្រទេស រង់ចាំទស្សនាកីឡាការប្រដាល់។ ប្រដាល់ដែលគេរង់ចាំមើលនោះ កម្មវិធីរបស់ដាប់បិលយូប៊ីស៊ី (WBC) ដែលរៀបចំនៅសអូស្ត្រាលី។ ការប្រកួតនេះ គឺមានវត្តមានកីឡាករខ្មែរ ប៊ឺត សង្ឃឹម និងកីឡាករថៃ យោធិន។ អ្វីៗមិនដូចចិត្តរំពឹងទុកទេ ប៊ឺត សង្ឃឹម ត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ក្រោយបែក លើភ្នែកខាងឆ្វេងបន្តិច។ ក្រោយបញ្ឈប់ភ្លាមៗ ពលរដ្ឋខ្មែរស្ទើរមួយប្រទេសស្រែកហៅ យុត្តិធម៌សម្រាប់ បឺត សង្ឃឹម និងចង់ឱ្យក្រុមហ៊ុនស្រាបៀរធំៗ រៀបចំកម្មវិធីម្តងទៀតដើម្បីឱ្យ ប៊ឺត សង្ឃឹមបានសងសឹក។
តើក្រុមហ៊ុនស្រាបៀរណា អាចជួយឱ្យប៊ឺត សង្ឃឹម អាចសងសឹកបាន?
ក្រោយស្នូរជួងបន្លឺឡើងភ្លាម កីឡាករទាំងពីរដើរចូលគោះដៃស្វាមគមន៍គ្នាដើម្បីប្រយុទ្ធយកឈ្នះចាញ់។ ការប្រកួតដ៏ពិសេសមួយនេះ មានអាជ្ញាកណ្តាលជាមនុស្សស្រី។ ជាការពិតណាស់គ្មាននរណាម្នាក់ដឹងមុនទេថា កីឡាករខ្មែរ ឬកីឡាករថៃ ជាអ្នកឈ្នះឬចាញ់។ គេសង្កេតឃើញថា កីឡាករម្នាក់ៗមានសង្ឃឹមរាងៗខ្លួន។ ដើមទឹកទី១ កីឡាករទាំងពីរបានចូលបុកគ្នាមួយប្រ៉ាវ យោធិនត្រូវកែងរបស់ ប៊ឺត សង្ឃឹម ដែរ តែអត់បែក។ រី ប៊ឺត សង្ឃឹម ត្រូវកែងរបស់ យោធិន ហើយបែកផ្នែកខាងលើនៃភ្នែកខាងឆ្វេងបន្តិច។ ពេលបុកគ្នាមួយប្រ៉ាវនោះ អាជ្ញាកណ្តាលបន្តឱ្យកីឡាករទាំងពីរប្រកួតធម្មតា។ ប្រហែល២០វិនាទីក្រោយមកក៏ឱ្យពេទ្យពិនិត្យមើលមុខរបួស។ ក្រោយពិនិត្យរួចគ្រូពេទ្យបានសម្រចចិត្តបញ្ឈប់ ប៊ឺត សង្ឃឹម មិនឱ្យបន្តការប្រកួតបន្តទៀត។
កីឡាករខ្មែរប៊ឺត សង្ឃឹម ត្រូវបានអាជ្ញាកណ្តាល និងគ្រូពេទ្យបញ្ឈប់ទាំងមិនអស់ចិត្ត។ មិនអស់ចិត្តព្រោះថា ស្នាមបែកលើភ្នែកខាងឆ្វេងមានទំហំល្មម និងមិនមានហូរឈាមខ្លាំងក្លានោះទេ។ ប៊ឺត សង្ឃឹមបានលើកទ្រគោះបោកបោះចុះឡើងបង្ហាញថា ការសម្រេចនេះមិនសមហេតុមិនសមទាល់តែសោះ។ រីកីឡាករថៃ យោធិន ឯណោះវិញ ហាក់បានដឹងរួចជាស្រេចហើយថាខ្លួនជាអ្នកទទួលបានជ័យជម្នះ។ ជ័យជម្នះមួយដែលត្រូវបានគេមើលឃើញថា “អ្វីៗហាក់មានដូចជាមានការគ្រោងទុក”។ យ៉ាងណាក៏ដោយឈ្នះឬចាញ់ គឺជាកីឡា។ ពលរដ្ឋខ្មែរបានស្នើឱ្យក្រុមហ៊ុនស្រាបៀរធំៗនៅកម្ពុជា គួរទៅដឹកដៃកីឡាករថៃមកឱ្យប៊ឺត សង្ឃឹម សងសឹក។ ហើយបើស្រាបៀរណាអាចធ្វើបានក្រុមហ៊ុនស្រាបៀរនោះ អាចនឹងយកឈ្នះចិត្តពលរដ្ឋខ្មែរបានច្រើនជាក់ជាមិនខាន។
ជាការពិតណាស់ការប្រកួតដណ្តើមខ្សែក្រវាត់ WBCនេះ ជាព្រឹត្តិការដ៏ធំំមួយ។ ហើយពលរដ្ឋនៃប្រទេសទាំងពីររំពឹងឈ្នះរាងខ្លួន។ គេសង្កេតឃើញថា ខ្សែក្រវាត់ WBC នេះ មានអក្សរមួយថៃ(Muy Thai)នៅខាងក្រោមហើយអមដោយទង់ជាតិប្រទេសជាច្រើនជុំវិញពិភពលលោក។ ប៉ុន្តែនៅគេសង្កេតឃើញថា មិនមានទង់ជាតិប្រទេសកម្ពុជា ដែលជាអ្នកជិតខាងរបស់ថៃនោះទេ។ ផ្អែកតាមប្រវត្តិសាស្ត្រក្នុងរាជព្រះបាទសូរ្យវរ្ម័នទី២ ឆ្នាំ១១១៣-១១៥០ គឺស្តេចខ្មែរមួយអង្គរយ៉ាងឆ្នើម។ ព្រះអង្គបានធ្វើសង្គ្រាមឈ្នះអាណាម(យួន) សៀម(ថៃ) ចាម និងមន។ ហើយពេលនោះព្រះរាជាណាចក្រខ្មែរខាងជើងទល់នឹងចិន ខាងត្បូងទល់នឹងសមុទ្រ ខាងលិចទល់នឹងភូមា ហើយខាងកើតទល់នឹងចំប៉ា(ចាម)។ ប្រវត្តិសាស្ត្រក៏បានចារដែរថា សៀមបានធ្លាប់គ្រប់គ្រង់ទឹកអង្គរមួយរយៈ តែក្រោយមកត្រូវបានព្រះចៅពញាឬព្រះបាទសុរិយោវង្សទី២ (១៤០១-១៥១៧) ព្រះអង្គបានប្រមូលទ័ពពីស្រីសន្ធរទៅវាយកំណាត់សៀម(ថៃ)ឱ្យចេញពីអង្គរទៅវិញ។ ហើយព្រះអង្គបានសម្លាប់ស្តេមសៀមនោះចោល។ នេះបើយោងតាមសៀវភៅប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាថ្នាក់ទី៩ ទី៨ និងទី៧ បោះពុម្ពឆ្នាំ១៩៧០ដោយក្រសួងអប់រំជាតិ។ សៀវភៅដដែលបានសរសេរទៀតថា នៅឆ្នាំ១៤២០ក្នុងរាជព្រះបាទបរមសុខា សៀមបានលើកទ័ពមកឡោមព័ទ្ធអង្គរសាជាថ្មី។ ហើយសៀម បានធ្វើគត់ទ្រង់ និងបានយកអង្គរមកគ្រប់គ្រងសាជាថ្មី។
យ៉ាងណាក៏ដោយឆ្នាំ១៤២១ ក្នុងរាជព្រះបាទពញាយ៉ាត បានធ្វើគត់ស្តេចសៀមហើយបានឡើងគ្រោងរាជ្យ។ ហើយនៅឆ្នាំ១៤៤៦ ព្រះអង្គបានផ្លាស់ព្រះរាជធានីមកគង់នៅប្រាសាទស្រីសន្ធរ ដ្បិតព្រះអង្គទ្រង់ព្រះតម្រិះឃើញថា រាជធានីអង្គរនៅជិតក្រុងអយុធ្យាពេក។ សៀវភៅប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាថ្នាក់ទី៩ ទី៨ និងទី៧ បោះពុម្ពឆ្នាំ១៩៧០ ដោយក្រសួងអប់រំជាតិទំព័រ៩៤ បានសរសេរទៀតថា ដោយសារស្រីសន្ធរលិចទឹកពេក ព្រះអង្គទ្រង់ជ្រើសរើសយកចតុម្មុខធ្វើជារាជធានីវិញ។ ហើយព្រះបាទពញាយ៉ាតទ្រង់សុគតនៅព្រះជន្ម៧៨ព្រះវស្សា។ សង្គ្រាមប្រកួតគ្នារវាងខ្មែរ-ថៃ គឺមានតាំងពីយូរយារណាស់មកហើយ។ យ៉ាងណាក៏ដោយបច្ចុប្បន្ន ប្រទេសទាំងពីរមានព្រំដែនច្បាស់លាស់ និងជាសម្ព័ន្ធតែមួយដែលជ្រកក្រោមពាក្យថា “អាស៊ាន”។
មែនទែនទៅ កីឡាករខ្មែរ-ថៃ មានក្បាច់វ៉ៃប្រហាក់ប្រហែលគ្នា។ ហើយវប្បធម៌ស្រដៀងគ្នា និងមានមុខមាត់ប្រហាក់ប្រហែលគ្នា។ ភាសាស្រដៀងគ្នា និងមានប្រវត្តិសាស្ត្រប្រទាក់ក្រឡាគ្នាដូចសំណាញ់។ បើទោះបីជាយ៉ាងនេះក្តី ពលរដ្ឋខ្មែរដែលគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ (Khun Khmer) រំពឹងថានឹងមានក្រុមហ៊ុនសា្របៀរធំៗដូច Cambodia beer, Krun Beer ឬGanzberg បៀរជាដើមនឹងទៅដឹកដៃកីឡាករថៃ យោធិន ឱ្យមកប្រកួតជាមួកីឡាករខ្មែរ ប៊ឺត សង្ឃឹម ម្តងទៀតដើម្បីសងសឹកជាក់ជាមិនខាន។ សង្កេតឃើថា កីឡាប្រដាល់ខ្មែរ ចាប់ផ្តើមមានឈ្មោះបោះសំឡេងល្បីល្បាញខ្លាំងក្រោយពេលកីឡាករខ្មែរ ធឿន ធារ៉ា បានឈ្នះកីឡាករថៃ សៃយុក ភូមិផាមួង ដោយអាជ្ញាកណ្តាលបញ្ឈប់កីឡាករសៃ យុក ត្រឹមទឹកទី១។ ហើយកីឡាករខ្មែរធឿន ធារ៉ា បានដណ្តើមយកខ្សែក្រវ៉ាត់ស្តេចថៃជាប្រវត្តិសាស្ត្រមកទឹកដីខ្មែរ។ ដូចគ្នាចឹងដែរ ពលរដ្ឋខ្មែរ សង្ឃឹមថា កីឡាករប៊ឺត សង្ឃឹម នឹងមានឱកាសបានសងសឹក ហើយអាចយកឈ្នះកីឡាករថៃយោធិនវិញនៅថ្ងៃអនាគត៕
ដោយ៖ សិរី មុនី