កីឡា

លោក ជា សុមេធី ក្លាយជាប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់ អូឡាំពិកកម្ពុជា អាណត្តិទី៥ ឆ្នាំ២០២២ ដល់ ២០២៦

ភ្នំពេញ ៖ លោក ជា សុមេធី រដ្ឋមន្តី្រក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានក្លាយជាប្រធាន គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បន្ទាប់ពីសមាជិកប្រតិបត្តិ ព្រមទំាងអ្នកខេត្ត មន្ទីរ តំណាងអាណព្យាបាល និងកីឡាករ-កីឡាការិនីស្ប៉េស្យាល់អូឡាំពិក បានបោះឆ្នោត ជ្រើសរើស លោកជាប្រធានក្នុងមហាសន្តិបាត វិសាមបូកសរុបលទ្ធផល ការងារឆ្នាំ២០២៣ និងលើកទិសដៅ២០២៤ របស់គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា អាណត្តិទី ៥ ឆ្នាំ២០២២ដល់២០២៦ ។

មហាសន្តិបាតវិសាមគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាអាណត្តិទី ៥ ឆ្នាំ២០២២ ដល់២០២៦ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ជា សុមេធី រដ្ឋមន្តី្រក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជានៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

អាណត្តិទី ៥ ឆ្នាំ២០២២ដល់២០២៦មានសមាជិកប្រតិបតិ្តចំនួន១៥ រូបរួមមាន៖លោក ជា សុមេធី ជាប្រធាន លោក សែម សុខា លោក សន សុផល លោក មាស សារិន អនុប្រធានអចិន្រៃ្ទយ៍ លោក ហឿន សុផុង អនុប្រធាន លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ លោក សាន់ រតនា អគ្គលេខាធិការរង លោក សើ ណារីត អគ្គលេខាធិការ លោក ចាប រតនា អគ្គហេរញ្ញិក លោកស្រី ហ៊ួយ ហ៊ួង លោក ឯម ហៀង លោក ងិន សុខគ្រវ៉ារ លោក មាស សារ៉េត លោក អ៊ុង សារ៉ាន់ លោក សឺន សុផារិទ្ធ លោកស្រី ផេង វ៉ាវី និងលោកស្រី អមរា។

លោក សែម សុខា បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ ដល់ការពង្រឹងពង្រីកចលនាកីឡាជន បញ្ញាខ្សោយនៅតាមបណ្តាខេត្តនានា។ ក្រៅពីនេះ យើងបាន សហការជាមួយអង្គការ សមាគមនានា ដែលបានគ្រប់គ្រងជនពិការខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាសដល់ពួកគាត់ បានហ្វឹកហាត់ និងចូលរួមប្រកួតកីឡា ដែលឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជាដល់ជនមានពិការភាព។

ការវិវឌ្ឍនៅមានកម្រិត ចលនាកីឡាស្ប៉េស្យាល់អូឡាំពិក គឺពឹងផ្អែកលើការជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា ពីអង្គការជាតិ អន្តរជាតិ និង សប្បុរសជននានា។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា បានជួយជំរុញ លើកទឹកចិត្ត និងជួយឧបត្ថម្ភថវិកាដល់ ចលនាកីឡាស្ប៉េស្យាល់អូឡាំពិក និងប្រាក់រង្វាន់លើកទឹកចិត្តដល់អត្តពលិក គ្រូបង្វឹក គ្រូបង្វឹកជំនួយ ដោយមានចែងក្នុងអនុក្រឹត្យ ស្តីពីការផ្តល់ប្រាក់រង្វាន់ចំពោះជ័យ លាភីជនពិការក្នុងការ ប្រកួតប្រជែងមុខជំនាញ ការប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិក និងប្រាក់ឧបត្ថម្ភសម្រាប់គ្រូបង្វឹក គ្រូបង្វឹកជំនួយ។
ម៉្យាងវិញទៀត តាមរយៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្កើតនូវផែនការយុទ្ធសាស្រ្ត៥ ឆ្នាំរបស់ក្រសួង ដោយបាន ចាត់បញ្ចូលសុខុមាលភាព និងការស្តារលទ្ធភាព ពលកម្ម ជាអាទិភាពមួយក្នុង ចំណោមចំនុចអាទិភាពទាំង ៧ របស់ក្រសួង ។ ហើយចំណុចអាទិភាពនេះ កំពុងតែអនុវត្តដោយសេនាធិការ របស់ក្រសួងគឺមូលនិធិជនពិការ និងនាយកដ្ឋាន សុខុមាលភាពជនពិការ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំសូមបង្ហាញនូវការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល លើវិស័យពិការភាព ពីព្រោះរាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិការដ្ឋយ៉ាងច្រើន ដើម្បីលើកស្ទួយវិស័យពិការភាពនៅកម្ពុជា សំដៅជួយដល់ជនពិការ និង ក្រុមគ្រួសាររបស់ពួកគេ ទទួលបាននូវគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង ទទួលបានសេវាសង្គម និង សេវាសាធារណៈ ប្រកបដោយគុណភាព រួមទាំងជំរុញអោយជនមានពិការភាព បានចូលរួមគ្រប់សកម្មភាពក្នុងសង្គម ទាំងការចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនបោះឆ្នោត ការទទួលបានការគោរពសិទ្ធិនិងសេចក្ដីថ្លៃថ្នូរ ព្រមទាំងការគិតគូរដាក់បញ្ចូល ពិការភាពក្នុងគ្រប់វិស័យ តាមរយៈការកែសម្រួល និងរៀបចំ លិខិតបទដ្ឋានគតិយុត្ត ការចុះផ្សព្វផ្សាយ ការយល់ដឹង អំពីវិស័យពិការភាពទៅគ្រប់ក្រសួងស្ថាប័នរដ្ឋ ទាំងថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកប ដោយចេរភាពសម្រាប់ជនពិការ នៅប្រទេសកម្ពុជា៕

To Top