កីឡា

ការប្រកួតបាល់ទាត់ «លីគកំពូលភូមិ» ជារូបមន្តថ្មី នៃការស្តារ និងអភិវឌ្ឍជនបទ របស់ខេត្តកួយចូវ ប្រទេសចិន

បន្ទាប់ពីប្រទេសចិន បានប្រកាសថា ប្រជាជនក្រីក្រទូទាំងប្រទេស បានចេញផុតពីភាពក្រីក្រទាំងស្រុង នៅចុងឆ្នាំ ២០២០ មក រដ្ឋាភិបាលចិន បានដាក់ចេញគោល នយោបាយស្តារ និងអភិវឌ្ឍជនបទ ក្នុងគោលបំណងពង្រឹងសមិទ្ធផល នៃការកាត់បន្ថយភាពក្រីក្រ និងបង្ការកុំឱ្យជនក្រីក្រ វិលទៅរកភាពក្រីក្រវិញ ។

រដ្ឋបាល នៃតំបន់នានា ទូទាំងប្រទេសចិន ពិសេសតំបន់ ដែលធ្លាប់មានជនក្រីក្រច្រើន បានដាក់ចេញគោលនយោបាយ ដែលសមស្របនឹងលក្ខខណ្ឌ ក្នុងតំបន់រៀងៗខ្លួនដើម្បីសម្រេចបាននូវការស្តារ និងអភិវឌ្ឍជនបទ តាមរយៈការផ្តល់ឱកាសការងារ និងការបង្ហាត់បង្រៀនពីបច្ចេកទេស កសិកម្ម ដល់ប្រជាកសិករជាដើម ដើម្បីបង្កើនប្រាក់ចំណូល របស់ពួកគាត់ ។

កួយ ចូវ ជាខេត្តមួយដែលស្ថិត នៅតំបន់ភ្នំ នៃភាគនិរតីរបស់ប្រទេសចិន ដែលជាទីកណ្តាលនៃតំបន់ដីគោក និងជាតំបន់មួយក្នុងចំណោមតំបន់ ដែលប្រជុំដោយជនក្រីក្រច្រើនបំផុតនៅទូទាំងប្រទេសចិន ។ ឆ្លងតាមរយៈការខិតខំប្រឹងប្រែងអស់ជាច្រើនឆ្នាំ ទីបំផុតនៅចុងឆ្នាំ ២០២០ រដ្ឋបាលខេត្ត កួយ ចូវ បានប្រកាសថា ស្រុកចំនួន ៩ ចុងក្រោយ ដែលជាស្រុកក្រីក្របំផុតបានចេញផុតពីភាពក្រីក្រ ដែលមានន័យថា ការងារកាត់បន្ថយភាពក្រីក្រ របស់ប្រទេសចិនសម្រេចបាន តាមផែនការគ្រោងទុក ។

ពាក្យចិនមួយឃ្លាពោលថា «ការកសាងសមិទ្ធផលជារឿងមិនងាយទេ ឯការថែរក្សាសមិទ្ធផលឱ្យបានគង់វង្សជារឿងកាន់តែលំបាកថែមទៀត» ។ ជាក់ស្តែង ពិតមែនតែការងារកាត់បន្ថយភាពក្រីក្រ នៅតំបន់នានា នៃប្រទេសចិនបានចេញជាសមិទ្ធផលហើយក្តី តែការថែរក្សានិងពង្រឹងសមិទ្ធផល វាជាការសាកល្បងដ៏ធំមួយ ។

រូបមន្តអភិវឌ្ឍន៍ថ្មីៗសម្រាប់ជំរុញការស្តារ និងអភិវឌ្ឍជនបទ ត្រូវបានអនុវត្តជាបន្តបន្ទាប់ ។ នៅខែឧសភា ឆ្នាំ ២០២៣ ការប្រកួតកីឡាបាល់ទាត់នៅស្រុក Rongjiang ខេត្ត កួយ ចូវ បានល្បីសុសសាយពេញប្រទេសចិន ពាក្យថាការប្រកួត«លីគកំពូលភូមិ» ( Village Super League ) ស្ថិតនៅលេខរៀងទី ១ នៃការពិភាក្សាតាមបណ្តាញ ទំនាក់ទំនងសង្គម ។

អ្វីទៅជាការប្រកួត«លីគកំពូលភូមិ» ? វាជាការប្រកួតបាល់ទាត់ រវាងបណ្តាភូមិនៅស្រុក Rongjiang ខេត្ត កួយ ចូវ ដែលចំណុចដ៏ទាក់ទាញមួយ គឺកីឡាករ ដែលចូលរួមការប្រកួតសុទ្ធ តែមិនមែនជាកីឡាករអាជីពទេ ពោល គឺមកពីមុខរបរផ្សេងៗ ដូចជាសិស្ស កសិករ កម្មករ បុគ្គលិកនិងមន្ត្រីស្ថាប័នឯកជននិងរដ្ឋ ។ល។ ចំណែកឯវិធីប្រកួតវិញ បានធ្វើឡើងតាមស្តង់ដាអន្តរជាតិ ។ គិតរហូតមកទល់ការប្រកួតលើកទី ២ ក្នុងឆ្នាំ ២០២៤ នេះ មានអ្នកចូលទស្សនាច្រើនបំផុត ក្នុងមួយលើកមានរហូតដល់ទៅជាង ៦ ម៉ឺននាក់ ហើយការចូលទស្សនាតាមកម្មវិធីវីដេអូមានរហូតដល់ទៅជិត ២ ម៉ឺនលានដង ។

ហេតុអ្វីបានជាការប្រកួត «លីគកំពូលភូមិ»ទទួលបានប្រជាប្រិយភាពខ្លាំងបែបនេះ ? ទីមួយគឺដោយសារទទួលបានការគាំទ្រខ្លាំង ពីសំណាក់អ្នកភូមិ ។ ការប្រកួតនេះមិនត្រឹមតែ ផ្តល់ជាវេទិកាមួយសម្រាប់ឱ្យអ្នកភូមិ ដែលស្នេហាវិស័យកីឡាបាល់ទាត់ចូលរួមការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់ជាចំណី ចក្ខុប្លែកពិសេសសម្រាប់អ្នកគាំទ្រ លើកទឹកចិត្តទៅទស្សនាកម្សាន្ត និងដើរលំហែអារម្មណ៍បន្ទាប់ពីការប្រកបការងារ និងការសិក្សាផងដែរ ។

ទីពីរគឺការរំលេចពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីជនជាតិភាគតិច ។ ខេត្ត កួយ ចូវ ជាខេត្តមួយដែលប្រមូលផ្តុំ ដោយជនជាតិភាគតិចជាច្រើន នៃប្រទេសចិន ។ តាមរយៈការប្រកួត «លីគកំពូលភូមិ» ជនជាតិភាគតិចនានាបាននាំគ្នា បង្ហាញពីវប្បធម៌និងទំនៀមទម្លាប់ប្រពៃណី ដ៏ល្អផូរផង់របស់ខ្លួន ពិសេសគឺស្នាដៃបេតិកភណ្ឌវប្បធម៌អរូបីដ៏វិសេសវិសាល ដែលប្រកបដោយវេទមន្តទាក់ទាញ ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ។

ទីបីគឺការបង្ហាញពីធនធាន ទេសចរណ៍ក្នុងតំបន់ ។ ពិតមែនតែធ្លាប់ជាតំបន់ក្រក្រី ប៉ុន្តែស្រុក Rongjiang មានធនធានទេសចរណ៍ ដ៏សម្បូរបែប ដែលរង់ចាំការអភិវឌ្ឍ ។ អេកូ-ទេសចរណ៍ជាឧត្តមភាពក្នុងតំបន់ ពោលគឺសណ្ឋានដីនៃតំបន់ខ្ពង់រាប បានបង្កើតជាទេសភាពធម្មជាតិដ៏ល្អប្លែក បូករួមទាំងចំណីអាហារពិសេសប្រចាំតំបន់ ធ្វើឱ្យភ្ញៀវទេសចរក្រៅ ពីអាចបណ្តែតអារម្មណ៍ជាមួយសម្រស់ធម្មជាតិដ៏គួរជាទីទស្សនាកម្សាន្ត ក៏អាចភ្លក់រសជាតិអាហារឆ្ងាញ់ ដែលជាអត្តសញ្ញាណមួយនៃវប្បធម៌ជនជាតិ ភាគតិចក្នុងតំបន់ផងដែរ ។ ក្រៅពីនេះ វត្ថុសិប្បកម្មនៃជនជាតិភាគតិច ក៏ជាវត្ថុអនុស្សាវរីយ៍ដែលទាក់ ភ្នែកភ្ញៀវទេសចរ ឱ្យបញ្ឈប់ដំណើរដើម្បីជ្រើសរើសរកទិញរបស់ដែលខ្លួនពេញចិត្ត ។

ប្រជាប្រិយភាពនៃការប្រកួត «លីគកំពូលភូមិ»នៅស្រុក Rongjiang ខេត្ត កួយ ចូវ ក៏បានទាក់ទាញការចាប់អារម្មណ៍ពីមជ្ឈដ្ឋានសិល្បៈផងដែរ ។ ក្នុងនោះ ក្រុមបាល់ទាត់សិល្បករហុងកុង ដែលប្រជុំដោយតារាហុងកុងល្បីៗបានទៅធ្វើការប្រកួតជាលក្ខណៈមិត្តភាពនៅទីនោះ ដែលជាការចូលរួមចំណែក ជួយផ្សព្វផ្សាយការប្រកួតនេះ ក៏ដូចជាជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ ព្រមទាំងវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីក្នុងតំបន់ផងដែរ ។
ការប្រកួត«លីគកំពូលភូមិ» បានក្លាយជារូបមន្តថ្មីមួយ សម្រាប់ការផ្សព្វផ្សាយ ពីធនធាន ទេសចរណ៍ក្នុងតំបន់ ដើម្បីបង្កើនឱកាសការងារ និងប្រាក់ចំណូល របស់អ្នកភូមិ ដែលប្រកប របរទាក់ទង នឹងវិស័យទេសចរណ៍ផង ពិសេសគឺឆ្លង តាមរូបភាពកម្សាន្តសប្បាយបែបនេះ ក៏បានបំពេញតម្រូវការ ខាង«ចំណីវប្បធម៌»របស់ពលរដ្ឋក្នុងតំបន់ផង ។ ការជួយឱ្យពលរដ្ឋដែលទើបចេញផុតពីភាពក្រីក្រមានប្រាក់ចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅ និងឈានទៅរកជីវភាពធូរធារ នាពេលអនាគត គឺជាការរួមចំណែកដល់ការស្តារនិងអភិវឌ្ឍជនបទ និងសម្រេចបានការស្តារភាពរុងរឿង ដ៏អស្ចារ្យរបស់ប្រជាជាតិចិន ឡើងវិញនៅទីបំផុត ៕ អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top