ខេត្តកណ្តាល៖ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ក្រុមកីឡាបាល់ទះកុមារីស្រុកអង្គស្នូល និងក្រុមកីឡាបាល់ទះកុមារាស្រុកកណ្តាលស្ទឹង ដណ្តើមមេដាយមាសដូចគ្នាក្នុង ព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ នៅវិទ្យាល័យនៅក្រុងតាខ្មៅ ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីវ័យក្មេងឆ្នើម ក្រោមការរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

សម្រាប់វិញ្ញាសាបាល់ទះកុមារី៖ មេដាយមាសបានទៅលើក្រុមកីឡាបាល់ទះកុមារី ស្រុកអង្គស្នូល មេដាយប្រាក់បានទៅលើក្រុមកីឡាបាល់ទះកុមារី ស្រុកកណ្តាលស្ទឹង និងមេដាយសំរិទ្ធបានទៅលើ ក្រុមកីឡាបាល់ទះកុមារីស្រុកកៀនស្វាយ រីឯវិញ្ញាសាបាល់ទះកុមារា៖ មេដាយមាសបានទៅលើក្រុមកីឡាបាល់ទះកុមារា ស្រុកកណ្តាលស្ទឹង មេដាយប្រាក់បានទៅលើក្រុមកីឡាបាល់ទះកុមារា ស្រុកកោះធំ និងមេដាយសំរិទ្ធបានទៅលើក្រុមកីឡាបាល់ទះកុមារាស្រុកអង្គស្នូល។

ការប្រកួតកីឡាសិស្ស បឋមសិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ គឺជាការប្រកួតមួយដើម្បីជ្រើសរើស កីឡាករ-កីឡាការិនីនៃប្រភេទកីឡាទាំង ៥ នេះ សម្រាប់ត្រៀមចូលរួមការប្រកួត កីឡាសិស្សសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទំាងប្រទេស។

ព្រឹត្តិការណ៍នេះចាប់ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៥ យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងអត្តពលកម្ម ចំណែកកីឡាជាច្រើនប្រភេទទៀត យើងកំពុងហ្វឹកហាត់ ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF។

ចំពោះប្រភេទកីឡាបាល់ទះកុមារាមាន ៦ ក្រុមបែងចែកចេញ ២ ពូល និងប្រភេទកីឡាបាល់ទះកុមារាមាន ៤ ក្រុមប្រកួតលក្ខណៈវិលជុំ។ ទីតាំងប្រកួតប្រព្រឹត្តទៅនៅវិទ្យាល័យហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ។ រីឯប្រភេទកីឡាបាល់ទាត់កុមារាមាន ៩ ក្រុមបែងចែកចេញ ២ ពូល និងប្រភេទកីឡាបាល់ទះកុមារាមាន ៣ ក្រុមប្រកួតលក្ខណៈវិលជុំទីតាំងប្រកួតប្រព្រឹត្តទៅនៅកីឡដ្ឋានខេត្តកណ្តាល ៕
