ព័ត៌មានជាតិ
ក្រុមយុវជន មកពីគ្រួសារក្រីក្រ ពន្យល់ពីអត្ថប្រយោជន៍នៃវគ្គបណ្តុះបណ្តាលជំនាញ បច្ចេកទេសវិជ្ជាជីវៈ
ភ្នំពេញ៖ក្រុមយុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យបានលើកឡើងថាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងប្រែក្លាយពួកគេជាបុគ្គលជន្ទល់ក្នុងគ្រួសារ អាចកែប្រែជីវភាពរបស់ពួកគេនាពេលអនាគត តាមរយៈការមានជំនាញមួយច្បាស់លាស់ មានការងារធ្វើ និងប្រាក់ចំណូមសមរម្យ។ យុវតី តិច ស្រីលាភ ដែលជាសិក្ខាកាមមកពីសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញបានលើកឡើងថា៖«ខ្ញុំសង្ឃឹមថាបន្ទាប់ពីសិក្សាជំនាញវិជ្ជាជីវៈនេះហើយ ខ្ញុំនឹងមានជំនាញមួយច្បាស់លាស់ មានការងារធ្វើ និងទទួលបានប្រាក់ចំណូលសមរម្យ។ ខ្ញុំគិតថាតាមរយៈនេះខ្ញុំនឹងក្លាយជាជន្ទល់គ្រួសារមួយរូបដែលអាចរកចំណូលផ្គត់ផ្គង់គ្រួសារបាន និងអាចកែប្រែជីវភាពឱ្យល្អជាមុន»។ យុវតីរូបនេះពន្យល់ថា ដោយសារជីវភាពខ្វះខាតខ្លួនមិនអាចបន្តការសិក្សាថ្នាក់វិទ្យាល័យបានទេ។ ដោយចិត្តស្រលាញ់ការសិក្សាខ្លួនក៏បានដាក់ពាក្យរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលដើម្បីធានាថាខ្លួនបានបន្តការសិក្សា ហើយមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត។...