ព័ត៌មានអន្តរជាតិ
លោក Xi Jinping ៖ ប្រទេសដែលឈានមុខ ត្រូវជួយប្រទេសដទៃទៀត ឱ្យទទួលបានការអភិវឌ្ឍ ដោយស្មោះត្រង់
កិច្ចប្រជុំកំពូលលើកទី១៧ នៃមេដឹកនាំក្រុមប្រទេសG20 បានបើកធ្វើការប្រជុំ ដំណាក់កាលទីមួយ នៅកោះបាលីនៅព្រឹកថ្ងៃទី១៥ខែវិច្ឆិកា។ លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងថា ក្រោមស្ថានភាពបច្ចុប្បន្ន ត្រូវជំរុញការអភិវឌ្ឍសកល ដែលអាចផ្តល់ផលប្រយោជន៍កាន់តែទូទៅ។ គ្រប់ប្រទេសមានការអភិវឌ្ឍរួម ទើបជាការអភិវឌ្ឍពិត។ ប្រទេសនីមួយៗ សុទ្ធតែចង់ទទួលបានជីវភាពរស់នៅល្អ ទំនើបកម្មមិនមែនសិទ្ធិពិសេស របស់ប្រទេសមួយណាទេ។ ប្រទេសដែលឈានមុខគេ ត្រូវជួយប្រទេសដទៃទៀត ឱ្យទទួលបានការអភិវឌ្ឍ ដោយស្មោះត្រង់ គួរផ្តល់ទំនិញសាធារណៈ ជាសកលឱ្យបានកាន់តែច្រើន។ លោក Xi Jinping បានបន្តថា លោកបានលើកឡើង គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល កាលពីឆ្នាំ២០២១ គឺក្នុងគោលបំណងជំរុញ ឱ្យគ្រប់ប្រទេស លើលោកអាចមានការអភិវឌ្ឍនិងវឌ្ឍនភាពរួមគ្នា។ ភាគីចិនបានបង្កើតមូលនិធិ អភិវឌ្ឍន៍សកល និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកំពុងអភិវឌ្ឍន៍ ហើយចិន នឹងបង្កើនការទម្លាក់ថវិកា លើមូលនិធិសន្តិភាព និងវឌ្ឍនភាពរវាងចិន និងអង្គការសហប្រជាជាតិ ដែលនឹងកំណត់បញ្ជីឈ្មោះ នៃគម្រោងសហប្រតិបត្តិការជាក់ស្តែង បង្កើតឃ្លាំងគម្រោង បែបបើកទូលាយបញ្ជាក់ផែនទី បង្ហាញផ្លូវសម្រាប់ជំរុញកិច្ចព្រមព្រៀង នឹងជំរុញកិច្ចព្រមព្រៀងនេះ ជាមួយប្រទេស និងអង្គការអន្តរជាតិ ចំនួនជាង១០០ ដើម្បីផ្តល់កម្លាំងចលកថ្មី ដល់ការអនុវត្តរបៀបវារៈ អភិវឌ្ឍន៍ជានិរន្តរភាព ឆ្នាំ២០៣០ នៃអង្គការសហប្រជាជាតិ។ ភាគីចិន បានលើកគម្រោងចំនួន ១៥ ដាក់ជូនឃ្លាំងគម្រោងសហប្រតិបត្តិការជាក់ស្តែង នៃកិច្ចប្រជុំកំពូលកោះបាលី និងបានចូលរួមគម្រោង ចំនួន៥ផ្សេងទៀត ចិននឹងបន្តអនុវត្តគម្រោងទាំងនេះ យ៉ាងយកចិត្តទុកដាក់ ជាមួយបណ្តាសមាជិកនានា៕