ព័ត៌មានជាតិ
ស្លាកសញ្ញាស្រាបៀរ កំពុងរីកដូចផ្សិត ពីក្រុងដល់និគមជនបទ យ៉ាងរំភើយហាក់គ្មានទើសភ្នែកមន្ត្រី
ព្រះពុទ្ធត្រាស់សម្តែងមិនឱ្យសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងសិក្ខាបទសីលប្រាំ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។ ប៉ុន្តែនៅពេលដែលធ្វើដំណើរឆ្លងកាត់ពីទីក្រុងទៅកាន់ទីប្រជុំជននិងជនបទកម្ពុជា គេឃើញស្លាកសញ្ញាស្រាបៀរផ្សព្វផ្សាយយ៉ាងរំភើយ។ ស្លាកសញ្ញាស្រាស្ទើតែគ្រប់ប្រភេទកំពុងរះឡើងត្រដំត្រសងដូចផ្សិតនៅតាមដងផ្លូវតូចធំនិងនៅតាមផ្ទះលក់ចាប់ហួរឬលក់គ្រឿងទេស។ នៅក្រុងនិងទីប្រជុំជនគេឃើញប៉ាណូផ្សព្វផ្សាយស្រាបៀរលាតសន្ទឹងកាត់កណ្តាលផ្លូវជាតិនិងទីសាធារណៈយ៉ាងធំ ហាក់ដូចកំពុងជំរុញនិងលើកទឹកចិត្តឱ្យពលរដ្ឋគ្រប់ស្រទាប់វណ្ណៈគួរតែផឹកស្រា។ ព្រោះស្លាកសញ្ញាទាំងនោះ មានសរសេរថា“ហាមពលរដ្ឋអាយុក្រោម១៨ឆ្នាំ” និងក្មេងតូចៗតែប៉ុណ្ណោះ។ គេមើលឃើញថា ការផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀមានកំណើនលឿនបំផុតក្នុងចំណោមឧស្សាហកម្មផ្សព្វផ្សាយពាណិជ្ជកម្ម។ អ្នកស្រាវជ្រាវអាជីវកម្មនិងអ្នករកស៊ីនៅក្នុងឧស្សាហកម្មនេះឱ្យដឹងថា ថវិកាផ្សព្វផ្សាយពាណិជ្ជកម្មដោយក្រុមហ៊ុនស្រាបៀរនានាកើនឡើងពីរខ្ទង់ប្រចាំឆ្នាំ។ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកចូលចិត្តផឹកស្រាបៀរ ក្រុមហ៊ុនបានជ្រើសរើសយកនិងជះលុយខ្ទង់ពាន់លានដុល្លារឱ្យតារាចម្រៀងល្បីៗ...