ព័ត៌មានជាតិ
កម្ពុជា និងកូរ៉េ សហការគ្នាលើគម្រោង កាត់បន្ថយឧស្ម័នមេតាន
ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះការគាំទ្រ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់រដ្ឋាភិបាលកូរ៉េ និងលេខាធិការដ្ឋានអាស៊ាន ក្នុងការផ្តួចផ្តើមគំនិតកិច្ចសហប្រតិបត្តិការក្នុងតំបន់ដ៏សំខាន់នេះ ដែលនឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាឧស្ម័នមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏ខ្លាំងក្លា។ ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាននេះ ធ្វើឡើងនៅក្នុងពិធីបើកសម្ពោធជាផ្លូវការគម្រោងកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ ស្តីពីការកាត់បន្ថយឧស្ម័នមេតាន នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ ជាមួយគ្នានេះ គម្រោងសហប្រតិបត្តិការអាស៊ាន-កូរ៉េ នឹងផ្តល់ឱកាសដ៏មានតម្លៃក្នុងការចែករំលែកចំណេះដឹង...