បច្ចេកវិទ្យា
តើហេតុអ្វីគួរតែ បិទមុខងារ AirDrop ពេលដែលលោកអ្នក ពុំត្រុូវការប្រើប្រាស់?
នាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា បានឲ្យដឹងថា សម្រាប់លោកអ្នកដែលពុំធ្លាប់ ប្រើមុខងារអ៊ែរដ្រប់ អ៊ែរដ្រប់គឺជាកម្មវិធីមួយរបស់ iPhone ដែលអាចផ្ញើរូបភាព ឬវីដេអូរវាង iPhone មិនត្រឹមតែមានល្បឿនលឿន ថែមទាំងអាចរក្សាគុណភាពរបស់រូបភាពបានល្អដូចដើម ដោយមិនចាំបាច់មានសេវាអុីនធឺណិត (WiFi ឬ 4G) ក្នុងចម្ងាយរហូតដល់៩ម៉ែត្រ។ ដោយសារភាពងាយស្រួលនេះហើយ ទើបជនខិលខូចមួយចំនួន បានប្រើមុខងារនេះ ដើម្បីផ្ញើរូបភាពអាសអាភាសក្នុងគោលបំណងរំខានអ្នកដ៏ទៃ ដែលគេហៅថា“Cyber Flashing”។ ដូច្នេះដើម្បីចៀសវាងបញ្ហានេះ លោកអ្នកគួរតែបិទអ៊ែរដ្រប់នៅពេលដែលលោកអ្នក ពុំត្រុូវការប្រើប្រាស់ ឬបើកសម្រាប់ឱ្យតែអ្នកនៅក្នុង បញ្ជីឈ្មោះអាចផ្ញើក៏បាន។ នេះជាវិធីដើម្បីបើក បិទកម្មវិធីអ៊ែរដ្រប់៖ ១-ចូលទៅ Control Center (ចូលពី lock screen ក៏បាន) ដោយអូសពីលើចុះក្រោមនៅលើកញ្ចក់ ផ្នែកខាងស្ដាំ ២-ចុចសង្កត់ចំកណ្ដាលក្នុងការ៉េដំបូងគេ ៣-ចុចលើ AirDrop ហើយជ្រើសយកជម្រើសដែលលោកអ្នកចង់បាន៕