បច្ចេកវិទ្យា

កម្មវិធីសាកល្បង អក្ខរកម្មឌីជីថល និងសុវត្ថិភាព​ អ៊ីនធឺណិតនៅ កម្ពុជា ត្រូវបានបញ្ចប់ ដោយជោគជ័យ

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករ ទូរគមនាគមន៍ចល័ត ឈានមុខគេ នៅកម្ពុជា បានប្រកាសជ័យលាភីឈ្នះរង្វាន់ ក្នុងកម្មវិធីប្រកួតប្រជែង ការផលិតវីដេអូ លើបណ្ដាញអ៊ីនធឺណិត នៅក្នុងឱកាសបិទបញ្ជប់ កម្មវិធីអក្ខរកម្ម ឌីជីថលរបស់ខ្លួន ក្រោមអធិបតីភាព លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។

ចាប់តាំងពីដាក់ឲ្យដំណើការ នៅខែវិច្ឆិកា ឆ្នាំ២០១៩ កម្មវិធីសាកល្បងនេះ​ បានផ្ដល់សមិទ្ធិផល ជាចំណេះដឹង ដល់សិស្សថ្នាក់ទី ១០ និងថ្នាក់ទី ១១ ប្រមាណ ១៥០០ នាក់ (ក្នុងនោះ ៥០ ភាគរយជានារី) ក៏ដូចជាគ្រូបង្រៀន តាមរយៈ សិក្ខាសាលារបស់ខ្លួន នៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ហើយយុទ្ធនាការតាមអ៊ីនធឺណិត មានចំនួនអ្នកចូលមើល ចំនួន ១៩៣ ៣០០ ដង។

កម្មវិធីនេះដែលទទួលបាន ថវិកាគាំទ្រ ជាចម្បង ពីវិភាគទានរបស់ក្រុមហ៊ុន Smart ក្នុងមូលនិធិក សាងសមត្ថភាព អភិវឌ្ឍន៍ និងការស្រាវជ្រាវ របស់រាជរដ្ឋាភិបាលកម្ពុជា មានគោលបំណងលើកកម្ពស់ ការយល់ដឹងបន្ថែម អំពីសុវត្ថិភាពអ៊ីនធឺណិត និងអក្ខរកម្មអ៊ីនធឺណិត ក្នុងចំណោមយុវជនកម្ពុជា ដោយមានការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន Google និង ក្រុមហ៊ុន GSMA។

លោក Feiruz Ikhwan នាយកផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «នៅក្នុងក្រុមហ៊ុន Smart យើងជឿជាក់ថា សុវត្ថិភាពអិនុធឺណិត និងភាពជាពលរដ្ឋឌីជីថល គឺជាកត្ដាសំខាន់ នៅពេលផ្សព្វផ្សាយ លើកកម្ពស់ការជម្រុញ ការប្រើប្រាស់ទូរគមនាគមន៍ចល័ត បន្ថែមនៅកម្ពុជា។

ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងដៃគូដ៏ទៃទៀតទាំងអស់ យើងមានគោលបំណង ជម្រុញកម្មវិធីសាកល្បងនេះ ដើម្បីបង្កើតផលវិជ្ជមាន បន្ថែមទៀត នៅតាមសហគមន៍ ដែលយើងកំពុងធ្ វើប្រតិបត្តិការ តាមរយៈការធ្វើឱ្យប្រសើរឡើង នូវមាតិកាអិនុធឺណិត និងកម្មវិធីតាមប្រព័ន្ធអ៊ីនធឺណិត នាពេលអនាគត។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នា ដែលបានចូលរួម ក្នុងកម្មវិធីសាកល្បង គឺជាភ្នាក់ងាររបស់យើង ដើម្បីលើកកម្ពស់ គំនិតសំខាន់ៗ ទាំងនេះ ក្នុងចំណោមមិត្តភក្ដិរបស់ពួកគេ ហើយយើង ក៏ទន្ទឹងរង់ចាំសង្គម ដែលមានការយល់ដឹង ពីឌីជីថលកាន់តែច្រើន។»

សាលារៀនចំនួន ៣កន្លែង ក្នុងខេត្តនិមួយៗ ត្រូវបានកំណត់យក ដោយក្រសួងអប់រំ យុវជន និងកីឡា ជាមួយគ្រូបង្រៀនមួយចំនួន ត្រូវបានអញ្ជើញ ឲ្យចូលរួម វគ្គបណ្តុះបណ្តាល ដែលដឹកនាំដោយ អតីតនិស្សិតមកពីកម្មវិធី SmartEdu ដោយយកគំរូ សម្រង់ពីក្រុមហ៊ុន Google និងសៀវភៅណែនាំ លើកម្មវិធីបណ្តុះបណ្តាល ជំនាញអ៊ីនធឺណិត ទូរស័ព្ទចល័ត របស់ក្រុមហ៊ុន GSMA។ កំឡុងពេល បណ្តុះបណ្តាល ដែលមានរយៈពេល១ ថ្ងៃ ប្រធានបទរួមមាន ការស្វែងរកព័ត៌មានតាម អ៊ីនធឺណិត ពាក្យសំងាត់រឹងមាំ ការបោកបញ្ឆោត តាមអ៊ីនធឺណិត និង ភាពជាពលរដ្ឋឌីជីថល ប្រកបដោយទំនួលខុសត្រូវ។

សិស្សានុសិស្ស ក៏បានរៀនអំពីរបៀប ផលិតវីដេអូកំសាន្ត និងទាក់ទាញដោយប្រើ ទូរស័ព្ទស្មាតហ្វូន។ វីដេអូចំនួន ដប់មួយ ត្រូវបានសម្រាំងយក និងបានចែករំលែក លើទំព័រហ្វេសប៊ុក ‘Smart for Cambodia’ កាលពីសប្តាហ៍មុន ដើម្បីឱ្យសាធារណជន បោះឆ្នោត លើវីដេអូ ដែលពួកគេពេញចិត្ត។

ក្រុមចំនួន ៣ រួមមាន ក្រុម “កុំជឿ” ក្រុម “ដាក់លេខសំងាត់ ទូរស័ព្ទឲ្យស្មុគស្មាញ” ក្រុម “១០០០០ដុល្លារ ប្រហារម្ដាយខ្ញុំ” ដែលមកពីវិទ្យាល័យ តេជោហ៊ុនសែន បឹងកុក និង វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានី រលាប្អៀរ ទទួលបានប្រាក់ឧបត្ថម្ភ មួយក្រុមៗ ចំនួន ១០០០ ដុល្លារ ហើយវិទ្យាល័យទាំងពី ក៏ទទួលបានប្រាក់ឧបត្ថម្ភ ជាសំភារៈសិក្សាចំនួន ៣៧៥០ដុល្លារផងដែរ សម្រាប់សាលានិមួយៗ ចំពោះការផ្ញើរវីដេអូច្រើនជាងគេ ច្រើនបំផុត សម្រាប់ការប្រកួតអនឡាញ។

ហេង សុភារម្យ សិស្សមកពីវិទ្យាល័យ ហ៊ុនសែនប៊ុនរ៉ានី រលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ ដែលបានចូលរួម ក្នុងកម្មវិធីនេះ។ ការរៀនសូត្រ អំពីប្រធានបទថ្មី និងរបៀបផលិតវីដេអូ ជាមួយមិត្តរួមថ្នាក់ ពីជាសប្បាយណាស់។ ខ្ញុំសង្ឃឹមថានឹងអាចចែករំលែក ចំណេះដឹងថ្មីនេះ ជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់ខ្ញុំ នៅឯសហគមន៍របស់ខ្ញុំ។»

គើន គឿន ដែលជាគ្រូបង្រៀនមកពី វិទ្យាល័យ តេជោហ៊ុនសែនបឹងកុក ខេត្តកំពង់ចាម បានបន្ថែមទៀតថា៖ «ផ្នត់គំនិតភាពជាពលរដ្ឋឌីជីថល បង្រៀនយុវជនកម្ពុជា ពីរបៀបរក្សាសុវត្ថិភាព លើប្រព័ន្ធអ៊ីនធឺណិត​ នៅពេលដែល សិស្សានុសិស្សកម្ពុជា បានទទួល នូវការបណ្ដុះបណ្ដាល ជំនាញអក្ខរកម្មឌីជីថល ពួកគេនឹងទទួលបាន អត្ថប្រយោជន៍ជាច្រើន។ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលក្រសួងអប់រំ យុវជន និងកីឡាបានជ្រើសរើស សាលារៀនយើង ដើម្បីសាកល្បងកម្មវិធីនេះ ហើយខ្ញុំទន្ទឹងរង់ចាំ ចូលរួមបន្ថែមទៀត នៅក្នុងដំណាក់កាលបន្ទាប់ នៃកម្មវិធីនេះផងដែរ»

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពី កម្មវិធី និរន្ដរភាពនិង កម្មវិធីទំនួលខុត្រូវសង្គមសរបស់ក្រុមហ៊ុន Smart , សូមចូលទៅកាន់ ទំព័រហ្វេសប៊ុករបស់ «Smart for Cambodia» តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ https://www.smartedu.com.kh

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top