ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) បានប្តេជ្ញារួមគ្នា អភិវឌ្ឍន៍ទៅលើ ប្រព័ន្ធបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងដំណាក់កាលទី២ ស្របពេលដែលគម្រោងទី១ បានរងផលប៉ះពាល់ ពីជំងឺផ្លូវដង្ហើម កូវីដ-១៩។
គម្រោងទី២នេះ ជាការបណ្តុះបណ្តាល ជំនាញដល់យុវជនក្រីក្រ នៅក្នុងសហគមន៍ នៃខេត្តគោលដៅចំនួន៥ នៅភាគឥសាន្ត ប្រទេសកម្ពុជា រួមមានខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និង រតនគិរី ។
ការលើកឡើងដូច្នេះ ក្នុងជំនួបរវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ជាមួយគណៈប្រតិភូ នៃទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ដឹកនាំដោយ លោកស្រី Nadia Ottiger នាយិការង ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។
លោក អ៉ិត សំហេងលើកឡើងថា គម្រោងអភិវឌ្ឍន៍ជំនាញនេះ ជាគំនិតផ្តួចផ្តើមដ៏ល្អប្រសើរមួយ ក្នុងការធ្វើសមាហរណកម្មជំនាញ នៅប៉ែកឥសានប្រទេស ក្នុងការកសាងធនធានមនុស្ស សម្រាប់កម្ពុជា លើវិស័យមួយនេះ។
លោកបញ្ជាក់ថា គោលដៅនៃគម្រោងនេះគឺ ទាក់ទាញយុវជនក្រីក្រ ក្នុងសហគមន៍ឲ្យចាប់អារម្មណ៍ ទទួលយកការបណ្តុះបណ្តាលជំនាញ ដើម្បីបង្កើនធនធានមនុស្ស ក៏ដូចជាបង្កើនប្រាក់ចំណូល សម្រាប់ប្រជាជនកម្ពុជាផងដែរ។
លោកស្រី Nadia Ottiger បានលើកឡើងដែរថា គម្រោងទី២នេះ នឹងធ្វើឲ្យប្រសើរឡើង ទាំងធនធានមនុស្ស និងជីវភាពរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងសហគមន៍នៃខេត្តទាំង៥ ភាគឥសាន្ត ប្រទេសកម្ពុជា តាមរយៈទទួលបានជំនាញ និងបង្កើនប្រាក់ចំណូល សម្រាប់ទ្រទ្រង់ជីវភាពបានល្អប្រសើរ។
គួរបញ្ជាក់ថា ដំណាក់កាលទី២របស់គម្រោងមួយនេះ ត្រូវចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ រហូតដល់ ខែមិថុនា ឆ្នាំ២០២៤ ដែលមានថវិកា សរុបចំនួនប្រមាណ ៩លានដុល្លារអាមេរិក ។ ចំពោះលទ្ធផល នៃគម្រោងនឹងទទួលបាន ១.នូវប្រព័ន្ធ TVET កម្ពុជាមានប្រសិទ្ធភាពជាងមុន នៅតាមខេត្តគោលដៅ ក្នុងតំបន់ និងសហគ្រាស និង ២.យុវជន បុរស ស្ត្រី និងកម្មករ ដែលមានជំនាញទាបបានបង្កើនលទ្ធភាព ទទួលបានការងារ៕