បច្ចេកវិទ្យា

ប្រទេសចិននិងឥណ្ឌូនេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍកម្រិត និងបច្ចេកវិទ្យា នៃសន្តិសុខ តាមប្រព័ន្ធអ៊ិនធឺណេត (Cybersecurity)

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រទេសចិននិងឥណ្ឌូនេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU)ស្តីពីការអភិវឌ្ឍ ការកសាងកម្រិតនៃសន្តិសុខតាមប្រព័ន្ធអ៊ិនធឺណេត និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា ដែលជាកិច្ចព្រមព្រៀងសន្តិសុខតាមប្រព័ន្ធអ៊ិនធឺណេតដំបូងគេបង្អស់ រវាងប្រទេសចិនជាមួយបណ្តាប្រទេសបរទេសដទៃ។

នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រ របស់ក្រសួងការបរទេសចិនកាលពី ថ្ងៃពុធបានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់ (MoU) នេះនឹងផ្តល់ក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍកម្រិត និងបច្ចេកវិទ្យា សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត ដែលត្រូវបានចុះហត្ថលេខា ក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ច ជាផ្លូវការរបស់ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណៈរដ្ឋប្រជាមានិតចិន មកកាន់សាធារណៈរដ្ឋឥណ្ឌូនេស៊ី។

នៅក្នុងកិច្ចជំនួបរវាង លោក វ៉ាង យី ជាមួយលោក Luhut Binsar Pandjaitan រដ្ឋមន្ត្រីសម្របសម្រួលផ្នែកកិច្ចសហប្រតិបត្តិការ រវាងសាធារណៈរដ្ឋប្រជាមានិតចិន និងសាធារណៈរដ្ឋឥណ្ឌូណេស៊ី។ លោក វ៉ាង យី បានចង្អុលបង្ហាញថា ប្រទេសទាំងពីរគួរតែរួមគ្នាថែរក្សាសន្តិសុខផ្នែកឌីជីថល ក៏ដូចជាបង្កើតសហគមន៍រួមមួយដោយផ្តោតសំខាន់លើសន្តិសុខ តាមប្រព័ន្ធអ៊ីនធឺណេត។

នេះបើយោងតាមអនុសារណៈ នៃការយោគយល់(MoU) រវាងទីភ្នាក់ងារជាតិ Cyber និង Crypto ជាតិនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី និងរដ្ឋបាល Cyberspace នៃសាធារណៈរដ្ឋប្រជាមានិតចិន បានបង្ហាញថា ភាគីនៃកិច្ចសហប្រតិបត្តិការនេះនឹងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ នៃការគោរពអធិបតេយ្យភាព របស់រដ្ឋនៅលើផ្នែកCyberspace និងធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ការបង្កើតប្រព័ន្ធគ្រប់គ្រងអ៊ីនធឺណេត អន្តរជាតិពហុភាគីមួយ ដែលមានប្រជាធិបតេយ្យភាពនិងតម្លាភាព សុវត្ថិភាពនៃទិន្នន័យ ការកសាងប្រកបដោយសន្តិភាព សុវត្ថិភាព បើកទូលាយ សហប្រតិបត្តិការ ទំនួលខុសត្រូវ និងជាប្រព័ន្ធអ៊ិនធើណេត មួយដែលប្រកបដោយសណ្តាប់ធ្នាប់ ព្រមទាំងមានការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា។

អ្នកជំនាញផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេតនៃវិទ្យាស្ថានស្រាវជ្រាវ អ៊ិនធើណេតឥណ្ឌូនេស៊ី សម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវសន្តិសុខ នៃប្រព័ន្ធគមនាគមន៍ និងព័ត៌មាន(CISSReC) លោក Pratama Persadha បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសឥណ្ឌូណេស៊ី និងប្រទេសចិនក្នុងវិស័យសន្តិសុខនិងបច្ចេកវិទ្យាអ៊ីនធឺណេតគឺជាជំហាន ដ៏ត្រឹមត្រូវមួយព្រោះវាបានផ្តល់អត្ថប្រយោជន៍ ចំពោះគ្នាទៅវិញទៅមក។ លើសពីនេះទៅទៀត បច្ចុប្បន្នប្រទេសចិនត្រូវបានទទួលស្គាល់ ជាប្រទេសឈានមុខគេមួយក្នុងការអភិវឌ្ឍបណ្តាញ 5G តាមរយៈក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួន។

លោក Pratama បានបន្តថា “នៅក្នុងគោលការណ៍ ប្រទេសឥណ្ឌូនេស៊ីត្រូវតែរក្សានូវអព្យាក្រឹតភាព ពីព្រោះថា នឹងត្រូវមានសម្ពាធពីសហរដ្ឋអាមេរិក។ ក្នុងនាមជាប្រទេសអធិបតេយ្យមួយ ប្រទេសឥណ្ឌូនេស៊ីពិតជាមានសេរីភាពក្នុងការសហការជាមួយប្រទេសណាមួយដរាបណាវាផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជន” ។ លោក Pratama សង្ឃឹមថា នឹងមានការពន្លឿនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបណ្តាញអ៊ីនធឺណិត ជាពិសេស ចាប់តាំងពីប្រទេសឥណ្ឌូនេស៊ីមានប្រព័ន្ធឆ្អឹងខ្នងអ៊ីនធឺណេត (internet backbone) រួចទៅហើយដែលមានឈ្មោះថា Palapa Ring ។ អមជាមួយនឹងការប្រើប្រាស់បន្ថែម នៃបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei លោកបានបន្ថែមទៀតថា វានឹងជួយពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ 5G នៅក្នុងប្រទេសផងដែរ។ គាត់ក៏បានលើកឧទាហរណ៍មួយអំពីរបៀបដែលប្រទេសចិនបានសាងសង់ទីក្រុង Shenzhen ឱ្យក្លាយជាទីក្រុងមួយដែលអនុវត្តបច្ចេកវិទ្យា 5G បានយ៉ាងល្អបំផុត ។

ទន្ទឹមនឹងនោះ អ្នកជំនាញផ្នែកព័ត៌មានវិទ្យា លោក Onno W Purbo បានមានប្រសាសន៍ថា វាគ្មានបញ្ហាអ្វីទេ នៅពេលដែលប្រទេសឥណ្ឌូនេស៊ីកំពុងសហការជាមួយប្រទេសចិន។ លោកបាននិយាយថា អ្វីដែលសំខាន់បំផុតនោះគឺ ប្រទេសឥណ្ឌូនេស៊ីត្រូវតែរក្សានូវឯករាជ្យភាព។ លោក Onno បានបន្តថា «យើងអាចធ្វើការជាមួយគ្នាបាន ប៉ុន្តែយើងមិនពឹងផ្អែកលើប្រទេសផ្សេងណាមួយនោះទេ រួមមាន៖សហរដ្ឋអាមេរិក អឺរ៉ុប និង ប្រទេសចិន។ យ៉ាងហោចណាស់ប្រទេសឥណ្ឌូនេស៊ីក៏ព្យាយាមផលិតនូវ បច្ចេកវិទ្យាផ្ទាល់ខ្លួនដោយឯករាជ្យភាពផងដែរ » ។

អ្នកវិភាគឧស្សាហកម្មបានរំពឹងថាកិច្ចព្រមព្រៀងនេះ នឹងពង្រឹងការទុកចិត្តគ្នាទៅវិញទៅមកលើ ផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត រួមទាំងលក្ខខណ្ឌស្តីពីការបើកទូលាយនៃទីផ្សារទូរគមនាគមន៍ រវាងប្រទេសទាំងពីរ និងសំខាន់បំផុត លើការសន្យាថា ប្រទេសនីមួយៗនឹងមិនស្នើឲ្យក្រុមហ៊ុនរបស់ខ្លួនប្រើនូវវិធី សាស្ត្រណាមួយ ដើម្បីទាញយកព័ត៌មាន ឆ្លាតវៃរបស់ប្រទេស ផ្សេងទៀតនោះឡើយ ។

ជាមួយនឹងGDP ប្រហែលមួយសែនកោដិដុល្លារ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយការផ្លាស់ប្តូររបស់វា អាចនឹងផ្តល់នូវផលប៉ះពាល់កម្រិតផ្សេងគ្នាទៅលើ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងៗទៀត ។ អ្នកវិភាគបានបនែ្ថមទៀតថា កិច្ចព្រមព្រៀងនេះ ទំនងនឹងអាចក្លាយជាគំរួដែលទាក់ទាញដល់បណ្តាប្រទេសដទៃទៀត នៅតំបន់អាស៊ីអាគ្នេយ៍ដែលប្រកាន់យកគោលការណ៍ សេដ្ឋកិច្ចអព្យាក្រឹតដូចគ្នានឹងឥណ្ឌូនេស៊ី ។

លោក Ma Jihua អ្នកវិភាគ ឧស្សាហកម្មជើងចាស់ បានប្រាប់កាសែត Global Times ថា៖ «កិច្ចព្រមព្រៀងជាមួយប្រទេសឥណ្ឌូនេស៊ី ស្តីពីសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត (cyber security) នឹងកំណត់ជាគំរូសម្រាប់ សេដ្ឋកិច្ចតំបន់ អាស៊ីអាគ្នេយ៍ផ្សេងៗទៀត ជាពិសេសវាគឺជាកត្តាជម្រុញទំនាក់ទំនង សេដ្ឋកិច្ច រវាងប្រទេសចិននិងបណ្តាប្រទេសទាំងអស់នៅអាស៊ីអាគ្នេយ៍ឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជារួមចំណែកផ្តល់អត្ថប្រយោជន៍ ទ្វេភាគីផងដែរ»៕

To Top