បច្ចេកវិទ្យា

សូមបង្កើនការប្រុងប្រយ័ត្ន! កម្មវិធីមេរោគថ្មី កំពុងតែរីករាលដាលតាមរយៈ កម្មវិធីទំនាក់ទំនង សង្គម WhatsApp

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានអោយដឹងថា កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវទើបតែបាន រកឃើញកម្មវិធីមេរោគថ្មី សម្រាប់ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ដែលអាចឆ្លងរីករាលដាល ដោយស្វ័យប្រវត្តិ តាមរយៈកម្មវិធី WhatsApp។

នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បញ្ជាក់ថា វិធីសាស្រ្តនៃការចម្លងមេរោគនេះគឺ ពួកគេបានប្រើមុខងារឆ្លើយតប ដោយស្វ័យប្រវត្តិ ដែលមាននៅក្នុងប្រព័ន្ធ ប្រតិបត្តិការ Android និងកម្មវិធី WhatsApp។ នៅពេលដែលទូរសព្ទ ដែលមានមេរោគទទួលបានសារតាមរយៈកម្មវិធី WhatsApp វានឹងឆ្លើយតបទៅអ្នកផ្ញើវិញ ជាមួយនឹងតំណភ្ជាប់ ឱ្យបញ្ចូលកម្មវិធីកម្មវិធីក្លែងក្លាយ “Huawei Mobile” តាមរយៈគេហទំព័រ ក្លែងក្លាយ ដែលមានរូបរាងស្រដៀងគ្នា ទៅនឹងគេហទំព័រ Google Play Store។

បន្ទាប់ពីលោកអ្នកបញ្ចូល កម្មវិធីមេរោគនេះ វានឹងធ្វើការស្នើសុំដើម្បីអាចផ្ញើសារ ចេញដោយស្វ័យប្រវត្តិ ដែលនេះធ្វើឱ្យទូរសព្ទលោកអ្នក ក្លាយទៅជាឧបករណ៍ សម្រាប់ចែកចាយមេរោគ បន្តទៅទូរសព្ទផ្សេងៗទៀត។ ជាងនេះទៅទៀតក្រុមអ្នកស្រាវជ្រាវ បានរកឃើញផងដែរថា មេរោគនេះក៏អាចបន្ថែមស្គ្រីន ទៅលើកម្មវិធីផ្សេងៗទៀតដើម្បីលួចយក ព័ត៌មានសំខាន់ៗដូចជាឈ្មោះ និងលេខសម្ងាត់ជាដើម។

បច្ចុប្បន្នកម្មវិធីមេរោគនេះ អាចចម្លងតាមតែរយៈកម្មវិធី WhatsApp ប៉ុន្តែជនខិលខូចក៏អាចធ្វើការកែសម្រួលវា ដែលអាចឱ្យដំណើរការបានជាមួយ នឹងកម្មវិធីទំនាក់ទំនងសង្គមផ្សេងៗទៀត នៅពេលអនាគត។ ដូច្នេះដើម្បីការពារសុវត្ថិភាព ក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា សូមលោកអ្នកកុំធ្វើការទាញយកកម្មវិធី ពីតំណភ្ជាប់ដែលមិនមានប្រភពច្បាស់លាស់ ហើយលោកអ្នកគួរតែទាញយកកម្មវិធី តែពីក្នុងកម្មវិធីផ្លូវការ ដែលមាននៅក្នុងទូរសព្ទស្រាប់ ៕

To Top