ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាបានឲ្យដឹងថា កាលពីព្រឹកមិញនេះក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធ ប្រតិបត្តិការសម្រាប់នាឡិកាវៃឆ្លាតរបស់ពួកគេ (watchOS 7.3.1) ដើម្បីធ្វើការកែសម្រួលជាមួយ នឹងបញ្ហាសាកថ្មដែលអ្នកប្រើប្រាស់នាឡិកាវៃឆ្លាត Apple Watch 5 និង SE មួយចំនួនតូចកំពុងតែជួបប្រទះ។
បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Apple បាន បញ្ជាក់ថា អ្នកប្រើប្រាស់នាឡិកាវៃឆ្លាត Apple Watch 5 និង SE ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ watchOS 7.2 ឬ 7.3 ខ្លះមិនអាចសាកថ្មបានបន្ទាប់ពី នាឡិកាបានប្រើមុខងារ Power Reserve ដើម្បីជួយសន្សំសំចៃថ្មនោះ។
ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា ប្រសិនបើលោកអ្នកជួបប្រទះបញ្ហានេះ លោកអ្នកអាចសាកល្បង សាកនាឡិកាឱ្យបានយ៉ាងតិចបំផុត ៣០នាទី ហើយប្រសិនបើវានៅតែមានបញ្ហានោះ លោកអ្នកអាចទាក់ទងទៅក្រុមហ៊ុន ដើម្បីធ្វើការវាយតម្លៃ ថាតើនាឡិការបស់លោកអ្នក អាចត្រូវបានជួសជុលដោយឥតគិតថ្លៃឬអត់។
ដូច្នេះដើម្បីចៀសវាងពីបញ្ហាសាកថ្មនេះ អ្នកប្រើប្រាស់គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធី ប្រព័ន្ធប្រតិបត្តិការឱ្យបានឆាប់រហ័ស ហើយប្រសិនបើលោកអ្នកជួបបញ្ហានេះ លោកអ្នកអាចធ្វើការទំនាក់ទំនង ទៅកន្លែងទទួលជួសជុលផ្លូវការរបស់ក្រុមហ៊ុន Apple ដើម្បីទទួលបានព័ត៌មានបន្ថែម ៕