មេសហជីព ប្រតិកម្មយ៉ាងខ្លាំង ចំពោះលោក ផែង វណ្ណៈ ប្រមាថមើលងាយ កម្មករទៅនឹងសត្វធាតុ
ភ្នំពេញ ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករកម្ពុជា បានបញ្ចេញប្រតិកម្ម ជាខ្លាំង ចំពោះការប្រមាថមើលងាយ ក្រុមកម្មករ-កម្មការិនី ទៅនឹងសត្វធាតុ ពីសំណាក់លោក ផែង វណ្ណៈ ។ បើតាមលោក ប៉ាវ ស៊ីណា នេះ គឺជាប្រមាថដ៏ធ្ងន់ធ្ងរបំផុត ដោយមិនអាចទទួល យកបានឡើយ។
កាលពីថ្ងៃ២៦ ឧសភា កម្មករ-កម្មការិនីរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង១ ស្ថិតនៅភូមិតាពៅ សង្កាត់ បាវិត ក្រុងបាវិតបាននាំគ្នា សម្រុកចេញពីកន្លែងធ្វើការនោះ ដោយសារពួកគាត់ជឿ តាមការញុះញង់ និងការបំផុសបំផុល ពីសំណាក់មនុស្ស មួយចំនួន ក្រោយពីអាជ្ញាធរណែនាំរឿង យកសំណាកពិនិត្យជំងឺកូវីដ-១៩។
កើតរឿងប៉ុន្មានថ្ងៃមក លោក ផែង វណ្ណៈ បានឡាយក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនដោយបានលើកពីករណីកម្មករនៅស្វាយរៀងនេះ ។ លោកបាននិយាយថា «រឿងអីនាំគ្នាធ្វើចឹង ហេតុអីបានពួកគាត់គ្មានខួរជាមនុស្ស ហាក់ដូចជាល្ងង់ពេក គេពន្យល់ គេប្រាប់ គេអប់រំ អត់ស្ដាប់ ចេញដូចហ្វូងគោ អន់ជាងគោ អន់ជាងក្របីទៀត»។
ដោយសារចំណុច មើលស្រាលកម្មករយ៉ាងនេះ ធ្វើឲ្យលោក ប៉ាវ ស៊ីណាដែលជាមេសហជីព មិនអាចទទួលយកបានឡើយ ។ លោក ប៉ាវ ស៊ីណា តាមរយៈបណ្តាញ សង្គមហ្វេសប៊ុកនាថ្ងៃ៣០ ឧសភា បានថ្លែងថា «ការប្រមាថមើលងាយ កម្មករទៅនឹងសត្វធាតុ ពីសំណាក់លោក ផែង វណ្ណៈ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុត ។ ខ្ញុំមិនគាំទ្រចំពោះសកម្មភាព របស់បងប្អូនកម្មករ ដែលមិនចូលរួមសហការ ជាមួយអាជ្ញាធរនោះទេ តែលោកគួរប្រើភាសា ឲ្យបានសមរម្យ ក្នុងនាមលោកដែលគិតថា ខ្លួនឯង មានចំណេះដឹង ច្រើន ជាងកម្មករ ដើម្បីរួមចំណែកជាមួយអាជ្ញាធរ ពាក់ព័ន្ធក្នុងផ្សព្វផ្សាយ និងពន្យល់បន្ថែម ដល់ពួកគាត់ វាប្រសើរជាងការប្រើភាសាប្រមាថ មើលងាយពួកគាត់ទៅសត្វធាតុ” ។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជារូបនេះ ក៏បានចោទសួរទៅលោក ផែង វណ្ណៈថា តើខ្លួនលោកផ្ទាល់ដែលធ្លាប់បានប្រព្រឹត្តកំហុសទេ? ។
សូមបញ្ជាក់ថា លោក ផែង វណ្ណៈត្រូវបានគេដឹងថា ត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលុបចោលអាជ្ញាបណ្ណ សារព័ត៌មាន របស់លោកម្តងហើយ កាលពីប៉ុន្មានខែមុន ដោយសារតែពាក្យសំដី របស់លោកបានប្រើប្រាស់ប្រព័ន្ធសង្គម ហ្វេសប៊ុក និយាយវាយប្រហារខ្លាំងៗ ទៅលើព្រះចៅអធិការវត្តមួយអង្គ ក្នុងខេត្តសៀមរាប ដែលដាក់ពិន័យវាយលោកនេន៣អង្គនឹងរំពាត់ ។
តែដោយសារ លោក ផែង វណ្ណៈ បានដឹងកំហុស ហើយសុំទោលជាសាធារណៈនោះ ក្រសួងក៏បានផ្ដល់ អាជ្ញាបណ្ណសារព័ត៌មានឲ្យវិញ ៕
កម្ពុជាបណ្តេញ ជនជាតិវៀតណាមទៅវិញជាង ១០០នាក់
ភ្នំពេញ៖ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ធ្វើការ បណ្តេញជនបរទេសសញ្ជាតិវៀតណាមចំនួន ១០៦នាក់ចេញពីកម្ពុជា ដោយសារពួកគេចូល មកធ្វើការដោយខុសច្បាប់។ នេះបើយោងតាម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
ក្រោយការបណ្តេញចេញ គឺជនជាតិវៀតណាមទាំងហាម ចូលកម្ពុជាវិញរយៈពេល៣ឆ្នាំ ។
ការបណ្តេញជនជាតិវៀតណាមទាំង ១០៦នាក់ បានធ្វើឡើងនៅ២កន្លែងផ្សេងគ្នា។ ដោយនៅព្រឹកថ្ងៃ១ មិថុនានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង និងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិបាវិត ចូលរួមពីតំណាងស្ថានទូតវៀតណាមប្រចាំកម្ពុជា បានធ្វើការបញ្ជូន និងបណ្តេញចេញជនជាតិវៀតណាមចំនួន៨៨នាក់ ស្រី ១៦នាក់ តាមប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបាវិត ពាក់ព័ន្ធបទល្មើសលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់។
ជាមួយគ្នានេះ វេលាម៉ោង ១១និង២០នាទីនាថ្ងៃដដែល ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយប៉ុស្តិ៍ នគរបាលច្រកទ្វារអន្តរជាតិព្រែកចាក ខេត្តកំពតបណ្តេញចេញពីកម្ពុជា ជនបរទេសសញ្ជាតិវៀតណាមចំនួន១៨នាក់ ស្រី ១១នាក់ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ ទៅប្រទេសដើមវិញ ដោយប្រថាប់ត្រាហាមចូលកម្ពុជារយៈពេល ៣ឆ្នាំ។
សូមជំរាបជូនថា ជនបរទេសទាំង១៨នាក់នេះ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកោះកុង ពាក់ព័ន្ធបទល្មើសលួចស្នាក់នៅខុសច្បាប់ (គ្មានលិខិតឆ្លងដែន) , ឆ្លងដែនខុសច្បាប់ (គ្មានលិខិតឆ្លងដែន និងមិនប្រថាប់ត្រា) និងល្មើសបំរាមបិទខ្ទប់របស់រដ្ឋបាលខេត្ត ៕
អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលយកសំណើ សម្ដេចតេជោ ទៅប្រាប់លោក Joe Biden រឿងកម្ពុជាជំពាក់បំណុល
ភ្នំពេញ ៖ លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក ព្រមទទួលយកសំណើ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅប្រាប់ប្រធានាធិបតីមេរិក លោក Joe Biden រឿងបំណុលកម្ពុជាជំពាក់សម័យសង្គ្រាម។
ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ លោកស្រី Wendy R. Sherman បានសម្ដែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកកន្លងមកលើវិស័យជាច្រើនជាពិសេសលើការរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅក្នុងប្រទេសកម្ពុជា កិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹងភេរវកម្ម កិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ ដូចជា អនុញ្ញាតឲ្យនាវា Wasterdam ចូលចតនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយសង្គ្រោះប្រជាជនដែលជាប់នៅលើនាវាដោយប្រទេសដទៃទៀតមិនអនុញ្ញាតឱ្យចុះចតដោយសារបញ្ហាជំងឺកូវីដ១៩នោះ។
លោកស្រី ក៏បានគោរពជម្រាបជូន សម្ដេចតេជោ ហ៊ុន សែន អំពីឱកាសនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលរួមមាន ទាំងការលុបបំបាត់បំណុលរបស់កម្ពុជា កិច្ចសហប្រតិបត្តិការលើប្រេង និងឧស្ម័ន និងការវិនិយោគរបស់ សហរដ្ឋអាមេរិកលើបញ្ហាទឹក បញ្ហាហេដ្ឋារចនាសម្ព័ន្ធ បញ្ហាថាមពលបៃតង និងបញ្ហាដទៃទៀតជាច្រើន។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ លោកស្រី ផងដែរ ក្នុងឱកាសដែលលោកស្រី Wendy R. Sherman បានអញ្ជើញបំពេញទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជា នាពេលនេះ ជាពិសេសអ្វីដែលលោកស្រី បានលើកឡើង ដូចជាការដោះស្រាយបំណុល សម្ដេចតេជោ បានស្នើឲ្យសហរដ្ឋអាមេរិក ជាពិសេស លោកប្រធានាធិបតី Joe Biden ពិនិត្យពិចារណាដោះស្រាយ បំណុលដែលកម្ពុជាមានចំពោះសហរដ្ឋអាមេរិក តាមវិធីទ្វេរភាគី៖ ទី១- អនុញ្ញាតឲ្យកម្ពុជាសងប្រាក់បំណុលនេះតាមកម្មវិធីឡើងវិញបន្តិចម្ដងៗ , ទី២- សងបំណុលតាមកម្មវិធីដែលមាន ការប្រាក់មិនលើសពី១ភាគរយ និងទី៣-បំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកគឺសំណងចំនួន ៧០% ត្រូវបង្វិលមកធ្វើជាជំនួយដល់កម្ពុជាវិញ ទៅលើវិស័យអប់រំ វិស័យវប្បធម៌ វិស័យដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។
លើសពីនេះទៅទៀត សម្ដេចតេជោ ក៏ស្នើឲ្យសហរដ្ឋអាមេរិកពិនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការលើការបញ្ជូនជនជាតិកម្ពុជាពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ។
ជាការឆ្លើយតប អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោនា យករដ្ឋមន្ត្រី រាល់កិច្ចសហប្រតិបត្តិការ ហើយអនុរដ្ឋមន្ដ្រីក៏សន្យាថា អ្វីដែលជាការលើកឡើងរបស់ សម្ដេចតេជោ ដែលជាសំណើនេះ អនុរដ្ឋមន្ដ្រីនឹងជម្រាបជូន លោក ប្រធានាធិបតី Joe Biden ៕
អាជ្ញាធរភ្នំពេញ ទុកពេល១សប្តាហ៍ ឲ្យម្ចាស់រុះរើផ្ទះបណ្តែតទឹក ផ្ទះទូក និង បែចិញ្ចឹមត្រី
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យម្ចាស់ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ ឬចល័តបែចិញ្ចឹមត្រី និងសំណង់ មិនរៀបរយ លើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរុះរើជាបន្ទាន់ ដោយទុករយៈពេល១សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទ ចេញសេចក្ដីជូនដំណឹងនេះតទៅ ។
រដ្ឋបាល រាជធានីភ្នំពេញ លើកឡើងថា ការរុះរើនេះ ដោយសារកន្លែងខ្លះ បានប្រែក្លាយជាកន្លែង នៅដោយខុសច្បាប់ យ៉ាងអាណាធិបតេយ្យ បង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណី សម្រាប់ចិញ្ចឹមត្រី ការបញ្ចេញកាកសំណល់ បន្ទោបង់ពាសវាលពាស កាលក្នុងទន្លេ ធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាព រាជធានីភ្នំពេញ ៕
អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ៖ មូលដ្ឋានយោធាចិននៅកម្ពុជាអាចនឹងបំផ្លាញអធិបតេយ្យភាពរបស់កម្ពុជា
ភ្នំពេញ ៖ លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងរដ្ឋបាលលោកចូ បៃឌិន ប្រធានាធិបតីអាមេរិកថ្មីក្នុងការកាន់តំណែងជាង៤ខែមកនេះ ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូងបានសម្តែងក្តីបារម្ភរបស់ខ្លួនចំពោះវត្តមានមូលដ្ឋានយោធារបស់សាធារណរដ្ឋប្រជាមានិតចិនណាមួយនៅកម្ពុជា ។
ដោយលោកស្រីអះអាងថា អាចនឹងបំផ្លាញអធិបតេយ្យភាពរបស់កម្ពុជា ហើយក៏គំរាមកំហែងសន្តិសុខតំបន់ ជាពិសេសប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងរវាងអាមេរិក-កម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ។ លោកស្រីបានបំពេញទស្សនកិច្ចនៅកម្ពុជាត្រឹមរយៈពេលខ្លីពោលត្រឹមមួយថ្ងៃ នាថ្ងៃ១ មិថុនា ។
ប៉ុន្តែសម្តេច ទៀ បាញ់ បានថ្លែងថា កម្ពុជាគ្មានភ័យបារម្ភចំពោះចិនឈ្លបយកការណ៍សម្ងាត់នៅតំបន់នោះ ហើយក៏គ្មានខ្វល់ចំពោះការរិះគន់ពីភាគីណាមួយដែរ។
ក្នុងដំណើរទស្សនកិច្ចដ៏កម្រនៅកម្ពុជានេះ លោកស្រីបានជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជួបលោក កឹម សុខា និងក្រុមអង្គការសង្គមស៊ីវិលផងដែរ។ មុនឈានចូលមកទស្សនកិច្ចនៅកម្ពុជា លោកស្រីបានទៅទស្សនកិច្ចនៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ានដោយចំណាយពេលជាង២០ថ្ងៃមកហើយ។ ចេញពីកម្ពុជាលោកស្រីបន្តទៅប្រទេសថៃទៀត ។
តាមការចេញផ្សាយរបស់ទូតអាមេរិកដដែលនាថ្ងៃ២ មិថុនាបានឲ្យដឹងថា “លោកស្រីអនុរដ្ឋមន្រ្តីការបរទេស Sherman បានសម្តែងកង្វល់ជាខ្លាំងលើវត្តមានយោធារបស់សាធារណរដ្ឋប្រជាមានិតចិន និងការកសាងទីតាំងនៅមូលដ្ឋានជើងទឹករាម ក្នុងឈូងសមុទ្រថៃ។ លោកស្រីបានសុំការបំភ្លឺលើការវាយ កំទេចអគារចំនួន២ដែលបានទទួល ជំនួយថវិកាពីសហរដ្ឋអាមេរិកនៅរាម ដោយគ្មានការជូនដំណឹង ឬការពន្យល់ជាមុន ហើយបានសង្កេតឃើញថា មូលដ្ឋានយោធារបស់សាធារណរដ្ឋប្រជាមានិតចិនណាមួយនៅកម្ពុជា អាចនឹងបំផ្លាញអធិបតេយ្យភាពរបស់កម្ពុជា គំរាមកំហែងសន្តិសុខតំបន់ និងប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា” ។
ជាមួយគ្នានេះ លោកស្រីអនុរដ្ឋមន្រ្តី ក៏បានអំពាវនាវឲ្យថ្នាក់ដឹកនាំកម្ពុជារក្សាគោលនយោបាយការបរទេសដែលមានតុល្យភាព និងឯករាជ្យ ដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជនកម្ពុជា។
មជ្ឈមណ្ឌលដើមអម្ពិលនាថ្ងៃទី២ មិថុនា បានជួបសំភាសន៍សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តាមរយៈប្រព័ន្ធទូរស័ព្ទ ដើម្បីសុំការឆ្លើយតបចំពោះកង្វល់របស់លោកស្រីអនុរដ្ឋមន្រ្តីការបរទេសអាមេរិក ប៉ុន្តែសម្តេចប្រាប់ថា សម្តេចកំពុងជាប់ប្រជុំ ។
ប៉ុន្តែក្នុងបទសំភាសន៍ជាមួយវិទ្យុអាស៊ីសេរីចេញផ្សាយនាថ្ងៃ២ មិថុនា វិញសម្តេច ទៀ បាញ់បានថ្លែងថា កម្ពុជាបានអនុញ្ញាតឲ្យមិត្តចិនអភិវឌ្ឍន៍តំបន់កំពង់ផែកងទ័ពជើងទឹករាម ក្រោយវាយកម្ទេចចោលអគារជំនួយអាមេរិកកាលពីឆ្នាំមុនប្រាកដមែន ហើយសម្ដេចគូសបញ្ជាក់ថា កម្ពុជាពុំព្រួយបារម្ភរឿងចិនអាចឈ្លបយកការណ៍សម្ងាត់នៅតំបន់នោះ ឬការរិះគន់ណាមួយពីភាគីសហរដ្ឋអាមេរិកជុំវិញការអនុញ្ញាតឲ្យចិនអភិវឌ្ឍន៍កំពង់ផែ កងទ័ពជើងទឹករាមនេះឡើយ។
សម្តេចថា ក្រោយការសាងសង់ទីតាំងអាគារនៅតំបន់រាមហើយភាគីចិនប្រគល់ឲ្យកម្ពុជាគ្រប់គ្រង។
សម្ដេចបញ្ជាក់ថា «មិនមានមូលហេតុចាំបាច់ឲ្យខ្ញុំនិយាយស្អី ពីព្រោះអ្នកផ្សេងគឺខំនិយាយទៅហួសឆ្ងាយពីខ្ញុំឆ្ងាយណាស់ថា អាហ្នុងគឺបានប្រគល់ទៅឲ្យចិនប្រើប្រាស់ផ្តាច់មុខអីទាំងហ្នុងទៅតាមការចោទប្រកាន់របស់គេអីនោះណា។ ដៃគូរបស់ខ្ញុំ គឺខ្ញុំធ្វើការ គឺវាជាង១០ឆ្នាំកន្លងមក ហើយដើម្បីពន្យល់គាត់ និងស្នើឲ្យគាត់ជួយរៀបចំអភិវឌ្ឍន៍តំបន់រាមហ្នុង។ ទើបតែថ្មីៗហ្នុងទេ គាត់បានឯកភាពថានឹងជួយរៀបចំរោងជាង ជួយរៀបចំផែ រៀបចំ ជូនកម្ពុជា។ ដៃគូហ្នុងគឺដៃគូចិនហ្នុងឯងបាទ!»។
សម្ដេច ទៀ បាញ់ ក៏បានបដិសេធផ្តល់ព័ត៌មានលម្អិតពីទំហំជាក់លាក់នៃជំនួយរបស់ចិនក្នុងការអភិវឌ្ឍកំពង់ផែកងទ័ពជើងទឹករាមនេះដោយគ្រាន់តែបញ្ជាក់ថា ជាជំនួយឥតសំណងរបស់ចិន ហើយក្នុងនោះក៏មានវត្តមានជាកងកម្លាំងរបស់ចិនមកជួយអភិវឌ្ឍន៍ផងដែរ។
សម្តេចបន្តថា «គេជួយឲ្យខ្ញុំហ្នុង គឺជួយជាជំនួយឥតមានសំណងអីទាំងអស់។ គឺគេនាំកម្លាំងនាំអីមកជួយ។ ដល់ពេលធ្វើហើយ គឺគេប្រគល់ឲ្យកម្ពុជា។ កម្ពុជាទេមានសិទ្ធិពេញលេញប្រើប្រាស់មូលដ្ឋានហ្នុង ។ ដូច្នេះ ចង់និយាយពីរឿងចង់ធ្វើស្អីក្រៅពីហ្នុងអី អាហ្នុង គឺអត់មានរឿងអីចម្លែកទេ មិនថាអ្នកណាអ្នកណីទេ ពីព្រោះគេធ្វើគ្រប់តែគ្នាហ្នុង»៕
អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ស្នើរាជរដ្ឋាភិបាលកម្ពុជាបើក លំហនយោបាយ និងលំហសម្រាប់ពលរដ្ឋធ្វើសកម្មភាពមុនបោះឆ្នោត
ភ្នំពេញ ៖ លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានស្នើឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា បើកឡើងវិញនូវលំហនយោបាយ និងលំហសម្រាប់ពលរដ្ឋធ្វើសកម្មភាព មុនការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ ២០២២ និងការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ខាងមុខនេះ។ យោងតាមការចេញផ្សាយស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃ២ មិថុនា ។
ជាមួយគ្នានេះ លោកស្រីក៏បានសុំឲ្យរដ្ឋាភិបាលកម្ពុជា គោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន ផ្នែកសិទ្ធិមនុស្សជាអន្តរជាតិ និងនៅក្នុងប្រទេស ដោយរួមទាំងការប្តេជ្ញាចិត្តដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយបានសុំឲ្យមានការធានាចំពោះការពារសិទ្ធិកម្មករ។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមិនអាចសុំការបំភ្លឺពីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាចំពោះករណីនេះបានទេ។
សូមបញ្ជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខណៈការបោះឆ្នោតថ្នាក់ជាតិគ្រោងធ្វើនៅជាងពាក់កណ្តាលឆ្នាំ២០២៣។ សព្វថ្ងៃនេះ មានការបង្កើតគណបក្សនយោបាយថ្មីៗជាច្រើន ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខនេះ ៕
សមាគមវារីវប្បករ៖ លក់ត្រីចេញមិនដល់២០% ធ្វើឲ្យអ្នកចិញ្ចឹមកំពុងជួបហានិភ័យ បង្ខំចិត្តផ្អាកចិញ្ចឹម
ភ្នំពេញ ៖ ក្នុងខែឧសភា ឆ្នាំ២០២១នេះ អ្នកចិញ្ចឹមត្រីដែលជាសមាជិករបស់សមាគមវារីវប្បករនៅកម្ពុជាលក់ត្រីចេញមិនដល់២០ភាគរយ ពោលត្រី១ម៉ឺនតោនលក់ចេញ មិនដល់២ពាន់តោន ខណៈតម្លៃលក់មិនទាន់បានរួចថ្លៃដើមផលិតនៅឡើយ ជាហេតុធ្វើឲ្យជួបហានិភ័យ ហើយត្រូវបង្ខំចិត្តផ្អាកចិញ្ចឹមដើម្បីយកថវិកាពីការលក់ត្រីសងធនាគារ ។
អ្នកនាំពាក្យសមាគមវារីវប្បករនៅកម្ពុជាថ្លែងថា អ្នកចិញ្ចឹមត្រីកំពុងជួបហានិភ័យដោយសារត្រីនាំចូលពីវៀតណាមនៅតែមានចំនួនច្រើនផង និងពេលកំពុងជួបវិបត្តិកូវីដ១៩ផងមិនមានអ្នកមកទិញត្រីដើម្បីយកទៅធ្វើម្ហូបក្នុងពិធីរៀបការ និងកម្មវិធីផ្សេង ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមវារីវប្បករនៅកម្ពុជានាថ្ងៃ២ មិថុនា បានឲ្យដឹងថា ក្នុងចំណោមលក់ត្រីចេញមិនដល់២០ភាគរយសម្រាប់ខែឧសភានេះ គឺរាប់ទាំងត្រីដែលនៅសល់ក្នុងខែមេសា និងត្រីល្មមចាប់លក់ក្នុងខែឧសភា។
ស្របពេលស្ថានភាពតម្រូវការត្រីនៅលើទីផ្សារក្នុងប្រទេសធ្លាក់ចុះ សមាគមវារីវប្បករនៅកម្ពុជា សង្កេតឃើញថា ការនាំចូលត្រីពីក្រៅប្រទេសហាក់មានបរិមាណច្រើនដដែល ធ្វើឲ្យប៉ះពាល់ដល់ផលិតផលត្រីក្នុងស្រុកជាខ្លាំង។
លិខិតរបស់សមាគមវារីវប្បករនៅកម្ពុជាបន្តថា “ការលក់ត្រីចេញមិនដល់២០ភាគរយបានធ្វើឲ្យវារីវប្បកម្មនៅកម្ពុជាកំពុងតែជួបហានិភ័យគួរឲ្យបារម្ភ ក្នុងដំណាក់កាលនេះ”។
សម្រាប់លោក ឡែមផូរ វរិទ្ធិ អ្នកនាំពាក្យសមាគមវារីវប្បករនៅកម្ពុជាបានថ្លែងឲ្យដែរថា ត្រីប្រមូលបានសម្រាប់ខែឧសភាមានចំនួន១ម៉ឺនតោន ប៉ុន្តែលក់បានតែជិត២ពាន់តោនប៉ុណ្ណោះ។ ចំណុចនេះធ្វើឲ្យទីផ្សារត្រីក្នុងស្រុកធ្លាក់ចុះដោយសារបញ្ហាកូវីដ១៩ធ្វើឲ្យកម្មវិធីរៀបអាពាហ៍ពិពាហ៍ បុណ្យនិងកម្មវិធីផ្សេងៗមិនអាចរៀបចំ ទើបគ្មានអ្នកមកទិញត្រី។
លោកថា ម្យ៉ាងទីផ្សារត្រីតូចហើយមានការនាំចូលត្រីពីវៀតណាមថែមទៀតធ្វើឲ្យកសិករពិបាកលក់ចេញ ជាពិសេសត្រីវៀតណាមមានតម្លៃថោកជាងត្រីចិញ្ចឹមក្នុងស្រុក។ ដោយសារទីផ្សារត្រីពិបាក លក់ដូរបានធ្វើឲ្យអ្នកចិញ្ចឹមត្រីលក្ខណៈតូចផ្អាកចិញ្ចឹម ហើយចំពោះអ្នកចិញ្ចឹមត្រីស្រះធំៗវិញ ក៏បានកាត់បន្ថយការចិញ្ចឹមផងដែរ ដើម្បីដោះដូរលក់ត្រីយកលុយសងធនាគារ។
លោកបន្តថា ជាធម្មតាអ្នកដែលចង់ចិញ្ចឹមត្រីត្រូវមានដើមទុនពី៥ពាន់ដុល្លារទៅ៣ម៉ឺនដុល្លារ ដែលភាគច្រើនអ្នកចិញ្ចឹមត្រីបានខ្ចីលុយពីធនាគារ ។
ជាមួយគ្នានេះ សមាគមវារីវប្បករនៅកម្ពុជា អំពាវនាវឲ្យក្រសួងពាក់ព័ន្ធ ដូចជាក្រសួងកសិកម្ម ក្រសួងសេដ្ឋកិច្ច និងក្រសួងពាណិជ្ជកម្មជួយស្វែងរកដំណោះស្រាយឲ្យបានកាន់តែឆាប់ និងដាក់ចេញវិធានការណ៍ជាក់ស្តែង ដោះសា្រយបញ្ហាកកស្ទះត្រីក្នុងស្រះ នាពេលបច្ចុប្បន្ន ៕
លោក សយ សុភាព លើកជាសំណួរបែបឆ្ងល់ថា ទៅរួចទេ ដែលឲ្យអ្នករស់នៅ លើផ្ទៃទឹក នៅភ្នំពេញរុះរើ
ភ្នំពេញ ៖ លោក សយ សុភាពបានលើកជាសំណួរបែបឆ្ងល់ថា ទៅអាចទៅរួចទេដែលឲ្យអ្នករស់នៅលើផ្ទៃទឹកនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញរុះរើមកនៅលើគោកវិញនោះ?។
“ទៅរួចទេ? បើតាមប្រវត្តិសាស្ត្រ ពួកគេរស់នៅបែបនេះរាប់សតវត្សរ៍មកហើយៗ ក៏ប្រកបរបរបែបនេះដែរ។ ម្យ៉ាងមិនមែនខ្មែរទាំងអស់ទេ?”។ នេះសំណួររបស់លោក សយ សុភាព។
លោកបញ្ចេញមតិបន្តថា ដោយឡែកសំណង់រញ៉េរញ៉ៃនៅក្បាលស្ពានព្រះមុន្នីវង្សខាងកើតគិតម៉េចដែរ ? បើនិយាយពីបរិស្ថានវិញ មហាស្មោគគ្រោកណាស់ សំរាមគរពេញច្រាំងទន្លេហើយហូរចូលទន្លេបាកសាក់ក្រោមទៀត។
នាថ្ងៃទី២ មិថុនា រដ្ឋបាលរាជធានីភ្នំពេញបានឲ្យម្ចាស់ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ ឬចល័តបែចិញ្ចឹមត្រី និងសំណង់ មិនរៀបរយ លើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរុះរើជាបន្ទាន់ ដោយទុករយៈពេល១សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទ ចេញសេចក្ដីជូនដំណឹងនេះតទៅ ។
រដ្ឋបាលរាជធានីភ្នំពេញ លើកឡើងថា ការរុះរើនេះ ដោយសារកន្លែងខ្លះ បានប្រែក្លាយជាកន្លែងរស់នៅដោយខុសច្បាប់ យ៉ាងអាណាធិបតេយ្យបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណី សម្រាប់ចិញ្ចឹមត្រី ការបញ្ចេញកាកសំណល់ បន្ទោបង់ពាសវាលពាស កាលក្នុងទន្លេ ធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាព រាជធានីភ្នំពេញ ។
តែយ៉ាងណាក៏ដោយជាថ្នូរពីការរស់នៅលើផ្ទៃទឹក សាលារាជធានីភ្នំពេញបានឲ្យពួកគេប្ដូរទម្លាប់ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេ មកចិញ្ចឹមត្រីតាមស្រះវិញ៕
លោក យឹម ស៊ីណន ឈប់ធ្វើជាប្រធានប្រតិបត្តិ ចលនាយុវជន អតីតបក្សសង្រ្គោះជាតិនៅកូរ៉េខាងត្បូង
ភ្នំពេញ ៖ ការឈប់ធ្វើ ជាប្រធានប្រតិបត្តិ នៃចលនាយុវជន អតីតបក្សសង្រ្គោះជាតិ នៅកូរ៉េខាងត្បូងរបស់លោក យឹម ស៊ីណន ដោយសារតែ ការចប់អាណត្តិ ក្រោយលោកបានកាន់ រយៈពេល២អាណត្តិ(៤ឆ្នាំ)មកនេះ ។ នេះបើតាម ការបង្ហាញក្នុងហ្វេសប៊ុកផ្ទាល់ ខ្លួនលោក នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ។
បើតាមហ្វេសប៊ុករបស់លោក មិនបានបញ្ជាក់ថា ក្រោយចប់អាណត្តិនេះ លោកនឹងទៅធ្វើអី្វ ឬកាន់ការងារអ្វីនោះទេ។ គ្រាន់តែលោកអះអាងថា ចាប់ពីពេលនេះតទៅ លោកនឹងក្លាយជាពលរដ្ឋធម្មតាដូចគេដូចឯង លែងជាប់ពាក់ពន្ធ័នឹងក្រុម , ចលនា ឬបក្សនយោបាយណាមួយហើយ។ លោកអាចក្លាយជាប្តីដែលលែងផ្តល់ភាពភ័យខ្លាចឲ្យប្រពន្ធ , អាចក្លាយជាឪពុកដែលអាចរស់នៅជុំគ្នា និងផ្តល់ភាពកក់ក្តៅដល់កូនៗ , អាចក្លាយជាមិត្តភក្តិដែលអាចដើរហើរ ឬអង្គុយជួបជុំដោយមិនបង្កើតភាពរើសអើងដល់មិត្តភក្តិទាំងអស់ដែលបានស្គាល់។
លោកបន្តថា “ការចប់អាណត្តិជាប្រធានប្រតិបត្តិ នៃចលនាយុវជន បក្សសង្រ្គោះជាតិ នៅកូរ៉េខាងត្បូងនេះ ពេលវេលាពិតជាលឿនមែនទែន ធ្មេចបើកៗ២អាណត្តិ(៤ឆ្នាំ) នៃការដឹកនាំចលនាយុវជន នៅកូរ៉េ ត្រូវបានដល់ការកំណត់តាមច្បាប់ ដែលបានចែង”។
លោក យឹម ស៊ីណន ថា ខ្លួនបានចូលរួមបង្កើត និងដឹកនាំចលនាយុវជននេះ១០ឆ្នាំមកហើយ ចាប់តាំងពី២០១១-២០២១ ដូច្នេះបន្តពីនេះទៀត លោកទុកឱកាសឲ្យអ្នកថ្មីមកដឹកនាំជំនួសវិញ ។
អតីតយុវជនរបស់អតីតបក្សប្រឆាំងនៅកូរ៉េរូបនេះឲ្យដឹងទៀតថា ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ លោកពិតជាមានមោទកភាពខ្លាំង ក្នុងជីវិតដែលមានឱកាស បានចូលរួមជាមួយពលរដ្ឋខ្មែរ នៅកូរ៉េ ក្នុងការការពារលើកស្ទួយ សិល្បៈវប្បធម៌ជាតិ , យុត្តិធម៌សង្គម, សិទ្ធិមនុស្ស និងប្រជាធិបតេយ្យកម្ពុជា ជាពិសេសបានចូលរួមទប់ស្កាត់ បំបាត់អំពើជិះជាន់ពុករលួយ របស់មន្រ្តីទូតខិចខូច មួយចំនួន ដែលបានកេងចំណេញ លើភាពហត់នឿយ នៃពលករចំណាកស្រុក នៅកូរ៉េ៕
លោកថា បើទោះគ្រប់សកម្មភាព របស់លោកជាមួយពលរដ្ឋខ្មែរ នៅកូរ៉េ ត្រូវបានរាជរដ្ឋាភិបាលចោទថា ជា ទង្វើខុសច្បាប់ ឬក្បត់ជាតិយ៉ាងក៏ដោយ ប៉ុន្តែលោកធ្វើទៅតាមបែបបទច្បាប់ជាតិ និងអន្តរជាតិតស៊ូមតិ ដោយអហិង្សាមិនមានចេតនាណាមួយ បំផ្លាញជាតិ និងប្រយោជន៍ពលរដ្ឋខ្មែរ ណាមួយនោះទេ៕
លោក ចាន់ សារិន ប្តេជ្ញាធ្វើឲ្យសាលាបង្រៀន កុមារអូទីសិម ជាសាលាថ្នាក់ ជាតិឲ្យទទួលស្គាល់ ពីអាស៊ាន និងUN ក្រោយរដ្ឋាភិបាល បញ្ចូលជា សាលារដ្ឋ
ភ្នំពេញ ៖ លោក ចាន់ សារិន ប្រធានអង្គការជំនួយ នៃក្តីសង្ឃឹមសម្រាប់ សហគមន៍ (CIDAN) និងជាប្រធានដឹកនាំ បណ្ដាញជនពិការ ខ្សោយសតិបញ្ញា និងអូទីសិម (Autism) បានប្តេជ្ញា ធ្វើឲ្យសាលា បង្រៀន កុមារអូទីសិម ជាសាលាលក្ខណៈថ្នាក់ជាតិ ដើម្បីឲ្យមានការទទួលស្គាល់ ពីបណ្តាប្រទេសជា សមាជិកអាស៊ាន និងអង្គការសហប្រជាជាតិ (UN) ។
ការប្តេជ្ញាចិត្ត របស់លោកនេះ បន្ទាប់ពីរាជរដ្ឋាភិបាល សម្រេចបញ្ចូលអង្គការជំនួយ នៃក្តីសង្ឃឹមសម្រាប់ សហគមន៍ (CIDAN) ទៅជាសាលារដ្ឋចាប់ពីឆ្នាំសិក្សា ២០២០-២០២១ និងផ្តល់ការ ឧបត្ថម្ភថវិកា ដំណើរការសាលារៀន ។ អង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់ សហគមន៍ត្រូវបានក្រសួងអប់រំ ដាក់ឈ្មោះថា វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ មានទីតាំងស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជាមួយការប្តេជ្ញាចិត្តនេះ លោកបង្ហាញអារម្មណ៍អរ ជាពន់ពេកក្រោយ បញ្ចូល ឲ្យក្លាយជាសាលាររដ្ឋ ។ លោកថា នេះហាក់បីដូចជាការយល់សប្តិ ព្រោះតាមការរំពឹងទុក របស់ខ្លួនគិតថា រាជរដ្ឋាភិបាលនឹងដាក់បញ្ចូលឲ្យក្លាយ ជាសាលារដ្ឋនៅឆ្នាំ២០២៥ឬ២០២៧ឯណោះ ។
ចំពោះកុមារអូទីសិម នេះលោកថា “កំពុងមានការកើនឡើង បើយើងមិនគិតគូរទេ នឹងមានបញ្ហាទៅថ្ងៃក្រោយ” ។លោក ចាន់ សារិន ប្រធាន CIDAN បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ថា “កំពុងរៀបចំផែនការអភិវឌ្ឍសាលារៀន ហើយយើងនឹងចង់ឲ្យក្លាយជាសាលាថ្នាក់ជាតិ ដ៏សំខាន់បំផុតដើម្បីបង្ហាញទៅអង្គការសហប្រជាជាតិនិងអាស៊ានថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាបានយកចិត្តទុកដាក់ទៅលើជនពិការ ជាពិសេសកុមារអូទីសិម និងបង្កើតឲ្យមានសាលារៀនបន្ថែមទៀត។ រៀបចំទីតាំង រៀបចំរចនាសម្ព័ន្ធជាលក្ខណៈ អប់រំពិសេសស្រប តាមស្តង់ដារអន្តរជាតិ” ។ប៉ុន្តែលោកក៏មិនភ្លេចអំពាវនាវ ឲ្យសប្បុរសជន បន្តចូលរួមឧបត្ថម្ភគាំទ្រទៀត ដើម្បីរៀបចំដំណើរការឲ្យបានទៅមុខជោគជ័យ។
ជាមួយគ្នានេះដែរ លោកបានរៀបរាប់ពីផលវិបាក ក្នុងការបង្រៀនកុមារអូទីសិមផងដែរ ។ ការបង្រៀនកុមារអូទីសិម ពិតជាពិបាកបង្រៀន ជាងក្មេងពិការដៃជើង ឬគ ថ្លង់ ១០០ដងពីព្រោះក្មេងអូទីសិមមានអាការៈរោគខុសប្លែកឆ្ងាយ ពីកុមារពិការរាងកាយផ្សេងទៀត ។ លោកថា ជួនកាលគ្រូកំពុងបង្រៀនក្មេងអូទីសិម បានយកស្បែកជើង និងចង្កឹះ ឬសំ ស្លាព្រាវាយក្បាលគ្រូលេង ជាហេតុធ្វើឲ្យគ្រូខ្លះមិនអាចតាំង ចិត្តបង្រៀនទៀតបាន។ ដោយគ្រូខ្លះបង្រៀន បានតែ២ទៅ៣ថ្ងៃ ដាក់ពាក្យលាឈប់តែម្តង។
គិតមកដល់ដើមឆ្នាំ២០២១នេះ កម្ពុជាមានក្មេងពិការផ្នែកអូទីសិមជាង ២ម៉ឺនាក់នៅទូទាំងប្រទេស ។ នេះបើតាមលោក ចាន់ សារិន ក្នុងនាមជាប្រធានបណ្តាញដឹក នាំបណ្ដាញជនពិការខ្សោយសតិបញ្ញា និងអូទីសិម ។
លោកក៏បានផ្ញើសារទៅកាន់ឪពុក-ម្តាយ ឬអាណាព្យាបាលថា ត្រូវយកចិត្តទុកដាក់ដល់កូនៗ ចាប់តាំងពីថ្ងៃកើតកុំបណ្តែតបណ្តោយ ព្រោះអាចធ្វើឲ្យកូនក្លាយជាក្មេងអូទីសិម ។ អូទីសិមអាចកើតលើកុមារ ពីអាយុ២៤ទៅ៣៦ខែ ។ ឪពុក-ម្តាយត្រូវចំណាយពេលវេលា ក្នុងមួយថ្ងៃ៣ម៉ោងយ៉ាងតិច ដើម្បីនៅជាមួយកូនឲ្យបានជាប់លាប់ គឺពេលព្រឹក១ម៉ោង រសៀល១ម៉ោង និងល្ងាច១ម៉ោង ដើម្បីបាននិយាយលេងជាមួយកូន ។
បន្ថែមពីនេះទៀត ប្រធានបណ្តាញ ដឹកនាំបណ្ដាញ ជនពិការខ្សោយសតិបញ្ញា និងអូទីសិម បានឲ្យដឹងថា អាការៈរបស់កុមារអូទីសិម ពិបាកមានទំនាក់ទំនង ជាមួយអ្នកណាទាំងអស់ពោល គឺមានទំនាក់ទំនងតែមួយខ្លួនឯង ដូចជាការរស់នៅលើកោះមួយ តែម្នាក់ឯងអីចឹង។ រូបគេចង់ឲ្យតែគេយល់ពីខ្លួន ប៉ុន្តែមិនយល់ពីគេវិញ។ កុមារអូទីសិម ក្នុងចំណោម៥០០នាក់មិននិយាយស្តីអ្វីទេ ។ ចំពោះភាសាវិញ និយាយស្តាប់គ្នា មិនបានទាល់តែសោះ ភាគច្រើនគេនិយាយថាត្រាំតាម និងភាសាតុក្កាតាជាដើម ។ចំពោះអាកប្បកិរិយាវិញគឆាប់ខឹងមួរម៉ៅក្តៅក្រហាយ បោកប្រាស់វាយគេវាយឯង ច្រឡោតតោតតោងយំ នៅពេល ដែលខ្លួនឯង មិនបានអ្វីមួយដែលចង់បាន។ លោកថា បើឃើញរោគសញ្ញាទាំងនេះឪពុក-ម្តាយ គួរនាំកូនទៅរកពេទ្យជំនាញភ្លាម ៕