បច្ចេកវិទ្យា

នាយកដ្ឋានព័ត៌មានវិទ្យា បង្ហាញវិធីសាស្ត្រការពារខ្លួន ពីល្បិចបោកប្រាក់ លើបណ្តាញអ៊ីនធឺណិត

ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានសង្កេតឃើញលើបណ្តាញអ៊ីនធឺណិត និងទទួលបានសេចក្តីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋជាបន្តបន្ទាប់ អំពីបទល្មើសអ៊ីនធឺណិតថ្មីៗ ប្លែកៗ និងមួយចំនួនផ្សេងទៀត ជាប្រភេទបទល្មើសដែលធ្លាប់បានកើតឡើងកន្លងមក។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានព័ត៌មានវិទ្យា ធ្វើការចែករំលែកនូវវិធីសាស្ត្រមួយចំនួន ជាជំនួយស្មារតីជូនប្រជាពលរដ្ឋទូទៅ ដើម្បីអនុវត្តបង្ការទប់ស្កាត់ និងការពារខ្លួនកុំឲ្យក្លាយជាជនរងគ្រោះ នៃបទល្មើសឆបោកប្រាក់ ដោយប្រើប្រាស់មធ្យោបាយបច្ចេកវិទ្យាអ៊ីនធឺណិត។

នាយកដ្ឋានព័ត៌មានវិទ្យាបន្ដថា ល្បិចកលអូសទាញទូទៅរបស់ជនខិលខូច ដូចជា ៖ ជាទូទៅជនខិលខូចតែងតែអូសទាញជនរងគ្រោះ ដោយប្រើប្រាស់វិធីសាស្ត្រផ្តល់ជូននូវប្រយោជន៍ហិរញ្ញវត្ថុ សម្ភារៈ កិត្តិយស ឬអំណោយ ដែលមានតម្លៃ និងងាយស្រួលក្នុងការទទួលបាន ជាមួយនឹងលក្ខខណ្ឌងាយៗ។ ល្បិចឆបោកមួយ ចំនួនជ្រកក្រោមស្លាកសញ្ញាក្រុមហ៊ុន ក្នុងទម្រង់ជំនួញបែបពីរ៉ាមីត ឬបណ្តាញនៃការលក់ជាប្រព័ន្ធ (Multi-level Marketing, Network Marketing, Paramid Selling)។ ប្រើប្រាស់ល្បិចសម្លុត គម្រាមកំហែងជនរងគ្រោះជាថ្នូរនឹងការផ្តល់ប្រាក់ ឬវត្ថុមានតម្លៃ។

នាយកដ្ឋានព័ត៌មានវិទ្យា ក៏បានប្រាប់វិធីសាស្ត្រការពារខ្លួនជាបឋម ចំនួន៤ដូចជា ៖

ទី១-ត្រូវមានការប្រុងប្រយ័ត្នចំពោះការទិញទំនិញ ឬសេវាដែលមានតម្លៃថោកជាងទីផ្សារ ព្រោះអាចជាទំនិញក្លែងក្លាយ ឬជាល្បិចអូសទាញឆបោកប្រាក់។

ទី២-ត្រូវពិចារណា និងរកការប្រឹក្សាយោបល់ មុនពេលផ្តល់ប្រាក់ ឬវត្ថុមានតម្លៃ ក្នុងទម្រង់វិនិយោគផ្សេងៗ ដែលអ្នកពុំបានដឹង ពុំបានយល់អំពីហានិភ័យនៃការវិនិយោគនោះ។

ទី៣-កុំបណ្តោយខ្លូនឲ្យធ្លាក់ក្នុងល្បិចសម្លុត ឬគម្រាមកំហែងពីជនខិលខូច ដោយធ្វើការប្រឹក្សាយោបល់ជាមួយបងប្អុន មិត្តភក្តិដែលអ្នកទុកចិត្ត ឬអាជ្ញាធរមានសមត្ថកិច្ច មុនពេលសម្រេចចិត្តផ្សេងៗ។

និងទី៤-ធ្វើសេចក្តីរាយការណ៍ជូនសមត្ថកិច្ចជំនាញ ឬអាជ្ញាធរមូលដ្ឋានដែលអ្នកស្នាក់នៅ ប្រសិនអ្នកជួប ឬប្រទះឃើញសង្ស័យជាករណីឆបោក ដូចបានរៀបរាប់ខាងលើ។

ជាងនេះទៅទៀត នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ ក៏បានលើកឡើងថា ល្បិចឆបោកមួយចំនួន ធ្វើឡើងក្នុងគោលបំណងលួចព័ត៌មានអត្តសញ្ញាណបុគ្គល ឬព័ត៌មានហរិញ្ញាវត្ថុពីជនរងគ្រោះ ដើម្បីយកទៅប្រើប្រាស់ទាញយកផលប្រយោជន៍ហិរញ្ញវត្ថុផ្សេងៗ៕

To Top