បច្ចេកវិទ្យា

Apple ធ្វើបច្ចុប្បន្នភាពកម្មវិធី iOS ដើម្បីកែសម្រួលភាពចន្លោះប្រហោង ក្នុងកម្មវិធី Photos

ភ្នំពេញ ៖ ក្រុមហ៊ុន Apple បានដាក់ឲ្យប្រើប្រាស់កម្មវិធី iOS ជំនាន់ 15.0.2 ដើម្បីកែសម្រួលភាពចន្លោះ ប្រហោងនៅក្នុងកម្មវិធី Photos និងបញ្ហាសុវត្ថិភាព មួយចំនួនទៀត កាលពីថ្ងៃ១១ តុលា។ នេះបើតាមហ្វេសប៊ុក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ។

បើតាមការផ្សព្វផ្សាយរបស់ ក្រុមហ៊ុន ជាមួយកម្មវិធី iOS 15.0.2 ក្រុមហ៊ុនបានធ្វើការកែសម្រួលបញ្ហា ដែលធ្វើឲ្យរូបថតនៅក្នុងកម្មវិធី Photos ត្រូវបានលុបចោល និងបញ្ហាដែលអ្នកប្រើប្រាស់ មិនអាចរកឃើញ iPhone Leather Wallet និង AirTags នៅក្នុងកម្មវិធី Find My។

ជាងនេះទៀតក្រុមហ៊ុន ក៏បានធ្វើការកែសម្រួលបញ្ហាសុវត្ថិភាព ដែលមានលេខសំគាល់ CVE-2021-30883 ដែលអាចឲ្យជនខិលខូចដំណើរការ កូដដោយពុំមានការដាក់កំណត់ នៅក្នុងប្រព័ន្ធឧបករណ៍បច្ចេកវិទ្យា (Kernel mode)។

គួរបញ្ជាក់ថា កាលពីខែកញ្ញា អ្នកប្រើប្រាស់មួយចំនួន បានរកឃើញថា រូបភាពរបស់ពួកគេដែលបាន ទាញយកពីកម្មវិធី Messages ដើម្បីរក្សានៅក្នុងកម្មវិធី Photos ត្រូវបានលុបចោលដោយស្វ័យប្រវត្តិ នៅពេលដែលទូរសព្ទ របស់ពួកគេបានបានធ្វើការ Backup ជាមួយនឹងកម្មវិធី iCloud ប្រសិនបើពួកគេបានលុបចោលសារ ដែលមានរូបភាពទាំងនោះចេញពីកម្មវិធី Messages។

ដើម្បីធ្វើបច្ចុប្បន្នភាព កម្មវិធីនៅក្នុងទូរសព្ទ លោកអ្នកអាចចូលទៅក្នុង Settings > General > Software Update៕

To Top