បច្ចេកវិទ្យា

Google លុបចោលកម្មវិធីជាច្រើន ដែលអាចប្រមូលទិន្នន័យពីឧបករណ៍ Android

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន Google បានលុបចោលកម្មវិធីជាច្រើន ដែលមានអ្នកប្រើប្រាស់រាប់លាននាក់ បន្ទាប់ពីបានរកឃើញថា កម្មវិធីទាំងនោះបានលួចប្រមូលទិន្នន័យដោយសម្ងាត់ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន The Wall Street Journal ដែលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដកស្រង់យកមកផ្សាយ នៅថ្ងៃ៨ មេសា ។

កម្មវិធីទាំងនោះមាន មុខងារផ្សេងៗគ្នាមានដូចជា កម្មវិធីតាមដានអាកាសធាតុ កម្មវិធីស្កេន QR កម្មវិធីសម្រាប់អធិស្ឋាន និងកម្មវិធីផ្សេងទៀតដែលមាន បង្កប់មកជាមួយនឹងកូដ ដែលអាចប្រមូលទីតាំងជាក់លាក់ របស់អ្នកប្រើប្រាស់អ៊ីមែល លេខទូរសព្ទ និងទិន្នន័យផ្ទាល់ខ្លួនជាច្រើនទៀត។ កូដសម្រាប់តាមដានត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន Measurement Systems ដែលជាក្រុមហ៊ុនមួយដែលមានទំនាក់ទំនងជាច្រើនជាមួយនឹង ទីភ្នាក់ងារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ប៉ុន្តែក្រុមហ៊ុនបានធ្វើការ បដិសេធការចោទប្រកាន់នេះ។

ផ្ទាំងពាណិជ្ជកម្ម

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ California ក្រុង Berkeley និងសាកលវិទ្យាល័យ Calgary’s Joel Reardon បានរកឃើញថា ក្រុមហ៊ុន Measurement Systems បានស្នើអ្នកអភិវឌ្ឍន៍កម្មវិធី បញ្ចូលកូដទាំងនោះទៅក្នុងកម្មវិធី ដែលពួកគេនឹងទទួល បានប្រាក់ចំណេញបន្ថែម ព្រមទាំងទិន្នន័យទាំងនោះផងដែរ។ បច្ចុប្បន្នកម្មវិធីទាំងនោះត្រូវបានទាញយកប្រមាណ ៦០លានដងរួចមកហើយ។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ ឧបករណ៍បច្ចេកវិទ្យា អ្នកប្រើប្រាស់គួរតែមានការ ប្រុងប្រយ័ត្នក្នុងការទាញយកកម្មវិធី ជាពិសេសកម្មវិធីដែល លោកអ្នកមិនត្រូវការចាំបាច់ ដោយសារតែកម្មវិធីទាំងនោះ អាចធ្វើឲ្យទូរសព្ទរបស់លោកអ្នកមានដំណើរការយឺត ហើយថែមទាំងអាចបង្កប់មកជាមួយនឹងកម្មវិធីមេរោគផងដែរ។ ម្យ៉ាងវិញទៀត លោកអ្នកពិនិត្យការវាយតម្លៃរបស់ អ្នកប្រើប្រាស់មុនពេលទាញយកកម្មវិធី និងប្រយ័ត្នចំពោះការ អនុញ្ញាតដែលបានស្នើសុំ (permission requested) ដោយកម្មវិធីកំឡុងពេលដំឡើង ជាពិសេសទាក់ទងទៅនឹង ការស្នើសុំតាមដានទីតាំង៕

To Top