បច្ចេកវិទ្យា

នោះ! ក្រុមហ៊ុន Meta កំពុងប្រឈមនឹងការផាកពិន័យ ៤០២លានដុល្លារ នៅសហភាពអឺរ៉ុប

បរទេស៖ បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Politico កាលពីពេលថ្មីៗនេះបានឲ្យដឹងថា គណៈកម្មការការពារទិន្នន័យ របស់ប្រទេសអៀរឡង់ បានធ្វើការផាកពិន័យក្រុមហ៊ុន Meta ជាទឹកប្រាក់ចំនួន ៤០២លានដុល្លារ ទាក់ទងទៅនឹងការកំណត់ឯកជនភាពរបស់កុមារនៅលើកម្មវិធីទំនាក់ទំនងសង្គម Instagram។ ពួកគេបានចោទប្រកាន់ក្រុមហ៊ុនថា មិនបានអនុវត្តទៅតាមបទប្បញ្ញត្តិ ការពារទិន្នន័យទូទៅរបស់អឺរ៉ុប ដែលហៅកាត់ថា GDPR។

បើតាមហ្វេសប៊ុកនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ក្រុមហ៊ុនក៏ត្រូវរងការចោទប្រកាន់ថា មិនបានធ្វើការកំណត់ឲ្យបានត្រឹមត្រូវ ក្នុងការការពារទិន្នន័យឯកជនភាព របស់កុមារមានដូចជា ការចែកចាយរូបភាពរបស់កុមារ និងបានបង្ហាញអាសយដ្ឋានអ៊ីមែល និងលេខទូរសព្ទរបស់កុមារជាសាធារណៈ។

អាជ្ញាធរក៏កំពុងតែធ្វើការស៊ើបអង្កេត ទាក់ទងទៅនឹងគោលការណ៍របស់ Instagram ដែលកំណត់ឲ្យគណនីថ្មីទាំងអស់ រួមទាំងគណនីរបស់មនុស្សវ័យជំទង់ អាចមើលឃើញបានជាសាធារណៈ ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថា ពួកគេបានធ្វើការកែសម្រួល ការកំណត់នេះរួចមកហើយ កាលពីឆ្នាំកន្លងទៅ។

ទោះបីជាការប្រើប្រាស់កម្មវិធី ទំនាក់ទំនងសង្គមធ្វើឲ្យមានការងាយស្រួលក្នុងការទំនាក់ទំនងក្ដី ប៉ុន្តែអាណាព្យាបាលគួរតែ មានការប្រុងប្រយ័ត្នជាមួយនឹងកុមារដែលកំពុងតែប្រើប្រាស់កម្មវិធីនេះ ព្រោះជនខិលខូចតែងតែឆ្លៀតឱកាស ដើម្បីលួងលោមនិងអូសទាញ ពួកគេឲ្យដើរចូលទៅផ្លូវមិនល្អ ដែលនាំខាតបង់ប្រាក់កាស និងការរៀនសូត្រទៅវិញ៕

To Top