បរទេស ៖ សេវាសហព័ន្ធ សម្រាប់ការត្រួតពិនិត្យហិរញ្ញវត្ថុ របស់ប្រទេសរុស្ស៊ី Rosfinmonitoring បានប្រកាស Meta របស់លោក Mark Zuckerberg ដែលពីមុន ត្រូវបានគេស្គាល់ថា Facebook ថា ជាអង្គការ “ភេរវករ និងជ្រុលនិយម” ។ ដំណឹងនេះ ត្រូវបានបញ្ជាក់នៅក្នុងការធ្វើបច្ចុប្បន្នភាព នៅលើគេហទំព័រ របស់សេវាកម្មរុស្ស៊ីនេះ កាលពីថ្ងៃអង្គារ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា Meta Platforms Inc ដែលជាម្ចាស់របស់ Facebook, Instagram និង WhatsApp ត្រូវបានដាក់ស្លាកថា ជាអង្គការជ្រុលនិយមកាលពីខែមីនា ដោយក្រឹត្យរបស់តុលាការ Tverskoy របស់ទីក្រុងម៉ូស្គូ បន្ទាប់ពីសំណើ ពីការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ី ។
រាល់សកម្មភាព និងសេវាកម្មរបស់ Meta លើកលែងតែ WhatsApp ចាប់តាំងពីពេលនោះមក ត្រូវបានហាមឃាត់នៅក្នុងប្រទេសរុស្ស៊ី ដោយសារក្រុមហ៊ុនបច្ចេក វិទ្យាយក្សដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិកមួយនេះ ត្រូវបានចោទ ប្រកាន់ពីបទ ធ្វើ “សកម្មភាពជ្រុលនិយម” សម្រាប់ការអនុញ្ញាត ឱ្យមានពាក្យសម្ដីស្អប់ខ្ពើមសំដៅ ទៅលើជនជាតិរុស្ស៊ីនៅលើវេទិកា របស់ខ្លួន និងបដិសេធមិន ដកអ្វីដែលទីក្រុងម៉ូស្គូបានចាត់ទុកថា ជាខ្លឹមសារមិនពិត អំពីជម្លោះនៅអ៊ុយក្រែន ។
ជាមួយនឹងការសម្រេចចិត្ត របស់ Rosfinmonitoring ធនាគាររុស្ស៊ីឥឡូវ នេះ ក៏មានកាតព្វកិច្ចក្នុងការបង្កកទ្រព្យ សម្បត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ទាំងអស់ និងផ្អាកសេវាកម្មទាំងអស់ចំពោះគណនីដែលជាកម្មសិទ្ធិរបស់ខ្លួន ឬបុគ្គលដែលពាក់ព័ន្ធ ជាមួយវា៕
ប្រែសម្រួលៈ ណៃ តុលា