តាមដំណឹងពីការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សរបស់ប្រទេសចិនឱ្យដឹងថា នៅវេលាម៉ោង 20 និង ០9 នាទី ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២២ កាប៊ីនវិលត្រឡប់មកវិញនៃយានអវកាសផ្ទុកមនុស្ស Shenzhou-14 របស់ប្រទេសចិនបានចុះចតលើដីដោយជោគជ័យនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបក្រុង Jiuquan ។ អវកាសយានិកបីរូប Chen Dong លោកស្រី Liu Yang និងលោក Cai Xuzhe ដែលជាក្រុមអវកាសយានិកនៃយានអវកាស Shenzhou-14 បានចេញពីកាប៊ីនដោយមានសុខភាពល្អធម្មតា ដែលមានន័យថា ភារកិច្ចហោះហើរតាមគន្លងតារាវិថីនៃយានអវកាសផ្ទុកមនុស្សShenzhou-14 ទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ។
សូមបញ្ជាក់ថា យានអវកាសផ្ទុកមនុស្ស Shenzhou-14 បានត្រូវបាញ់បង្ហោះចូលទៅក្នុងគន្លងតារាងវិថីដោយជោគជ័យកាលពី ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ បន្ទាប់មកបានតភ្ជាប់ជាមួយបន្ទប់ស្នូល Tianhe នៃស្ថានីយអវកាសចិន។ ក្នុងរយៈពេល ៦ ខែដែលបំពេញភារកិច្ចក្នុងបម្រើការងារតាមគន្លងតារាវិថី អវកាសយានិកចិនចំនួន ៣ រូបបានចេញទៅធ្វើសកម្មភាពនៅក្រៅបន្ទប់យានអវកាសចំនួន៣លើក បានសម្រេចការដំឡើងនិងធ្វើតេស្តចំពោះបរិក្ខារពាក់ព័ន្ធនៃស្ថានីយអវកាស បានធ្វើការពិសោធន៍ផ្នែកបច្ចេកវិទ្យាលំហអវកាសមួយចំនួន បានសហការជាមួយទីបញ្ជាការនៅលើផែនដីដើម្បីបញ្ចប់ ការសាងសង់នៃរចនាសម្ព័ន្ធបន្ទប់ស្ថានីយអវកាសចិន បានផ្លាស់វេនក្នុងគន្លងតារាវីថីជាលើកទីមួយជាមួយ ក្រុមអវកាសយានិកនៃយានអវកាស Shenzou-15។ ក្រៅពីនេះ ឆ្លៀតពេលទំនេរ ពួកគេក៏បានបើកវគ្គបង្រៀន តាមអវកាសចំពោះសិស្សានុសិស្សចំនួន១លើក ក៏ដូចជាសកម្មភាពអប់រំចំណេះដឹងទូទៅ និងកម្មវិធីផ្សព្វផ្សាយវប្បធម៌មួយចំនួន។
គួរបញ្ជាក់ទៀតថា លោក Chen Dong បានក្លាយជាអវកាសយានិកចិន ទីមួយដែលបានបំពេញភារកិច្ចគន្លងតារាវិថីអស់រយៈពេលជាង ២០០ ថ្ងៃ៕





